អ៊ីស្តង់ប៊ុល៖ មេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន បានសន្យាថាគាំទ្រ «ដោយគ្មានលក្ខខណ្ឌ» ចំពោះគោលនយោបាយរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន នេះបើយោងតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ទីក្រុងព្យុងយ៉ាងនៅពីថ្ងៃសុក្រ ទី៩ មករា។
តាមរយៈសេចក្ដីរាយការណ៍ខាងលើ លោកគីម ជុងអ៊ុន បានប្រាប់លោកពូទីននៅក្នុងលិខិតមួយថា «ខ្ញុំនឹងគោរព និងគាំទ្រដោយគ្មានលក្ខខណ្ឌចំពោះគោលនយោបាយ និងការសម្រេចចិត្តទាំងអស់របស់អ្នក ហើយខ្ញុំមានឆន្ទៈនៅជាមួយអ្នកជានិច្ច ដើម្បីជាប្រយោជន៍ដល់អ្នក និងប្រទេសរុស្ស៊ីរបស់អ្នក។ ជម្រើសនេះនឹងស្ថិតស្ថេរ និងអចិន្ត្រៃយ៍»។.jpg)
នៅក្នុងលិខិតនោះ លោកគីម បានបន្តទៀតថា «ខ្ញុំទទួលបានអារម្មណ៍ម្តងទៀតនូវទំនាក់ទំនងមិត្តភាពពិតប្រាកដរវាងយើង និងការប្រើប្រាស់ឱកាសនេះ ខ្ញុំចង់សង្កត់ធ្ងន់ថា ខ្ញុំចាត់ទុកទំនាក់ទំនងមិត្តភាពជាមួយអ្នកថាជាទំនាក់ទំនងដ៏មានតម្លៃ និងជាមោទនភាពបំផុត» នេះបើតាមអ្វីដែលមេដឹកនាំកូរ៉េខាងជើងបានសរសេរដោយផ្ទាល់។.jpg)
គួរបញ្ជាក់ថា ទំនាក់ទំនងរបស់កូរ៉េខាងជើងជាមួយរុស្ស៊ីកាន់តែមានភាពស្អិតរមួតជាមួយគ្នានៅក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ជាពិសេសចាប់តាំងពីពេលដែលទីក្រុងព្យុងយ៉ាងបានដាក់ពង្រាយកងទ័ពរបស់ខ្លួន នៅក្នុងសង្គ្រាមរវាងរុស្ស៊ី-អ៊ុយក្រែន។
កាលពីខែសីហា កូរ៉េខាងជើងបានបញ្ជូនវិស្វករយោធាប្រហែល 1,000 នាក់ទៅកាន់ទីក្រុង Kursk ភាគខាងលិចនៃប្រទេសរុស្ស៊ី ដើម្បីជួយកងកម្លាំងរុស្ស៊ីក្នុងការសម្អាតមីនដែលគេដាក់ក្នុងអំឡុងពេលប្រយុទ្ធជាមួយកងទ័ពអ៊ុយក្រែន។.jpg)
យោងតាមទីភ្នាក់ងារចារកម្មកូរ៉េខាងត្បូង ការដាក់ពង្រាយនេះបានកើតឡើងបន្ទាប់ពីការបញ្ជូនកងទ័ពប្រយុទ្ធប្រមាណ 15,000 នាក់ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងសង្គ្រាមរបស់រុស្ស៊ី ដែលមានរបាយការណ៍មួយចំនួនបានអះអាងថា ទីក្រុងព្យុងយ៉ាងបានបាត់បង់កងទ័ពចំនួន 2,000 នាក់នៅក្នុងសង្គ្រាមនោះ។ មិនតែប៉ុណ្ណោះកាលពីឆ្នាំ២០២៤ កូរ៉េខាងជើង និងរុស្ស៊ីបានចុះហត្ថលេខាលើភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយ ដោយសន្យាគាំទ្រយោធាទៅវិញទៅមក ប្រសិនបើប្រទេសណាមួយត្រូវបានវាយប្រហារដោយភាគីទីបី៕.jpg)










