បន្ទាប់ពីបើកកាមេរ៉ាថតខ្សែភាពយន្ត «សោកនាដកម្មភ្នំខ្មោច» លោក លៀក លីដា ចាងហ្វាងផលិតកម្ម LD បានបង្ហាញថាក្នុងថ្ងៃទី១នៃការថតខ្សែភាពយន្តដែលដកស្រង់ពីរឿងពិតនេះចំណាយរហូតដល់ទៅជាង២ម៉ឺនដុល្លារឯណោះ។ មិនត្រឹមតែចំណាយច្រើនប៉ុណ្ណោះទេប៉ុន្តែតារាសម្តែង ង៉ែត សុវណ្ណលីតា ដែលជាតួអង្គម្នាក់នៅក្នុងរឿងនេះមិនអាចបន្តថតទៀតបានដោយសារតែមានបញ្ហាសុខភាព។

នៅព្រឹកថ្ងៃទី៨ មករា លោក លៀក លីដា បានបង្ហាញរូបភាពមួយប៉ុន្មានសន្លឹកនិងចំនួនទឹកប្រាក់ដែលត្រូវចំណាយសម្រាប់ការថតខ្សែភាពយន្តខ្នាតធំរបស់ខ្លួនដោយរៀបរាប់ថា«ថ្ងៃទី ១ ចាយអស់ប៉ុណ្ណឹងហើយ ជួយមើលៗផង មេៗនៅទទួលការ ឧបត្ថម្ភនៅឡើយទេ ជាពិសេសបងប្អូនម្ចាស់ប្រេនធំៗដែលមានធនធានអាចជួយទិញសំបុត្រ មុនម្នាក់៤ ទៅ ៥រយ សំបុត្រម្នាក់មក។ សូមអរគុណដល់ អ្នកឧកញ៉ាបណ្ឌិត គួច ម៉េងលី ដែលបានជួយឧបត្ថម្ភថវិកាចំនួន ៥ ០០០ ដុល្លារអាម៉េរិក។ រឿងមួយនេះមិនមែនរបស់ LD ផ្តាច់មុខទេ គឺរបស់ប្រជាជនខ្មែរគ្រប់រូប»។ តាមរូបភាពដែលលោក លៀក លីដា បានបង្ហាញថ្ងៃទី១នៃការថតរឿង «សោកនាដកម្មភ្នំខ្មោច» ចំណាយថវិការហូតដល់ ២៥ ៥៥៦.០៨ដុល្លារអាម៉េរិក។
ជាមួយនឹងតួលេខចំនួនខ្ពស់នេះតួសម្តែងនៃការថតរឿងប្រវត្តិសាស្រ្តខ្មែរដែលត្រូវទាហាថៃធ្វើបានជួបប្រទះបញ្ហាសុខភាពដែលមិនអាចបន្តការថតបានទៀតនោះទេ។ នៅថ្ងៃទី៨ ដដែលនេះតារាសម្តែង ង៉ែត សុវណ្ណលីតា បានបង្ហោះជាសាធារណៈអំពីសុខភាពរបស់ខ្លួន។
តារាសម្តែងសម្បូរទេពកោសល្យរូបនេះបានបង្ហោះថា «ខ្ញុំពិតជាសោកស្ដាយខ្លាំងណាស់ដែលមិនបានបន្តថតរឿងប្រវត្តិសាស្រ្តដ៏សែនឈឺចាប់មួយនេះជូនបងប្អូនបាន នោះគឺរឿង (សោកនាដកម្មភ្នំខ្មោច)ដោយសារសុខភាពរបស់ខ្ញុំខ្សោយពេក ចឹងហើយខ្ញុំសូមអភ័ទោសដល់ម្ចាស់ផលិតកម្ម LD បងលីដា ប្អូនលីណា ព្រមទាំងក្រុមកាងារទាំងអស់ផងដែរ»។ ការប្រកាសពីបញ្ហាសុខភាពរបស់តារាសម្តែង ង៉ែត សុវណ្ណលីតា ទទួលបានការជូនពរជាច្រើនពីមិត្តរួមអាជីពនិងមហាជន។ 
«សោកនាដកម្មភ្នំខ្មោច» គឺដកស្រង់ចេញពីរឿងពិតអំពីសោកនាដកម្មដ៏ឃោរឃៅពីសំណាក់យោធាសៀមមកលើរាស្ត្រខ្មែររាប់ពាន់នាក់ហើយនៅតែដិតដាមក្នុងអារម្មណ៍ជនភៀសសឹកកម្ពុជាប្រមាណជាង ៤ម៉ឺននាក់ ក្នុងពេលដែលស្ថានភាពកម្ពុជាកំពុងវឹកវរក្រោមរបបខ្មែរក្រហម៕










