ប្រធានាធិបតីអាមេរិក លោក Donald Trump បានបញ្ជាឱ្យកងទ័ពអាមេរិកធ្វើប្រតិបត្តិការទ្រង់ទ្រាយធំវាយប្រ.ហារទីក្រុង Caracas ប្រទេសវេណេស៊ុយអេឡា និងចា.ប់ខ្លួនលោកប្រធានាធិបតី Nicolas Maduro និងភរិយាបានសម្រេចកាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦ និងមានផែនការបញ្ចូនក្រុមហ៊ុនប្រេងឥន្ធនៈអាមេរិកមកប្រកបអាជីវកម្មនៅវេណេស៊ុយអេឡាម្តងទៀត ។ ទន្ទឹមនឹងនេះ ប្រធានាធិបតីអាមេរិកប្រកាសចង់គ្រប់គ្រងកោះហ្គ្រីនឡែនដែលបច្ចុប្បន្នកំពុងស្ថិតក្រោមការគ្រប់គ្រងរបស់ប្រទេសដាណឺម៉ាក ដោយចំណាយប្រាក់ទិញ ឬប្រើប្រាស់កម្លាំងកងទ័ព ។.png)
កាលពីឆ្នាំ២០១៩ លោកប្រធានាធិបតី Trump ធ្លាប់មានគំនិតចង់ទិញកោះហ្គ្រីនឡែន ប៉ុន្តែត្រូវបានរដ្ឋាភិបាលដាណឺម៉ាក និងនាយករដ្ឋមន្ត្រីកោះហ្គ្រីនឡែនបដិសេធជាមួយសំណើនេះ ដោយអះអាងថា កោះហ្គ្រីនឡែនមិនមែនសម្រាប់លក់ឱ្យអាមេរិកទេ ។ វាធ្វើឱ្យលោក Trump មិនពេញចិត្តនឹងការបដិសេធ ហើយក៏លុបចោលដំណើរទស្សនកិច្ចទៅប្រទេសដាណឺម៉ាកភ្លាមៗនាពេលនោះ ។
នៅឆ្នាំ២០២៦នេះ លោក Trump បានផ្លាស់ប្តូរគោលជំហរលែងចង់ទិញកោះហ្គ្រីនឡែន ដោយលោកថា អាមេរិកចាំបាច់ត្រូវតែគ្រប់គ្រងកោះនេះជាបន្ទាន់ដើម្បីសន្តិសុខជាតិ ហើយអាមេរិកអាចនឹងប្រើប្រាស់កម្លាំងទ័ពដណ្តើមកាន់កាប់តែម្តង ។
ប៉ុន្តែតើដឹងឬទេថា លោក Trump មិនមែនជាមនុស្សដំបូងដែលចាប់អារម្មណ៍ចង់ទិញកោះនេះទេ កាលពីឆ្នាំ១៩៤៦ ប្រធានាធិបតីអាមេរិក លោក Harry S. Truman ក៏ធ្លាប់សុំទិញកោះនេះដែរ ។
តើកោះហ្គ្រីនឡែនមានអ្វីពិសេសទើបធ្វើឱ្យប្រធានាធិបតីអាមេរិកចង់បានខ្លាំង? កោះហ្រ្គីនឡែនមានទីតាំងស្ថិតនៅភាគខាងជើងបំផុតនៃពិភពលោក ស្ថិតនៅចន្លោះមហាសមុទ្រអាត្លង់ទិក និងអាកទិក ដែលមានផ្ទៃដីធំទូលាយ ។ តាមទិន្នន័យចុងក្រោយ កោះនេះមានពលរដ្ឋរស់នៅត្រឹមតែ៥ម៉ឺន ៧ពាន់នាក់ប៉ុណ្ណោះ ដែលជាទឹកដីមានមនុស្សរស់នៅតិចបំផុតលើពិភពលោក ។
កាលពីមុន កោះនេះស្ថិតនៅក្រោមអាណានិគមរបស់ប្រទេសដាណឺម៉ាក ក្រោយមក ក៏បានទទួលសិទ្ធិគ្រប់គ្រងខ្លួនឯងនៅឆ្នាំ១៩៧៩ ប៉ុន្តែវិស័យការពារជាតិ និងគោលនយោបាយការបរទេសរបស់ហ្គ្រីនឡែន នៅតែស្ថិតក្រោមការគ្រប់គ្រងរបស់ដាណឺម៉ាក ។ បច្ចុប្បន្ន កោះនេះទទួលប្រាក់ចំណូលចម្បងពីការនេសាទ គឺស្មើរហូតដល់ជាង៩០% នៃការនាំចេញបង្គា និងត្រី ។
ចំណែកវិស័យទេសចរណ៍វិញចាប់ផ្តើមរីកចម្រើនតាមរយៈការទាក់ទាញភ្ញៀវទេសចរមកទស្សនាពន្លឺព្រះអាទិត្យ និងផ្ទាំងទឹកកក ហើយវិស័យទេសចរណ៍ផ្តល់ប្រាក់ចំណូលដល់កោះហ្គ្រីនឡែន ស្មើ៥% នៃផលិតផលក្នុងស្រុកសរុប (GDP) និងការជួលកម្លាំងពលកម្មកើនឡើង ។ ក្រៅពីនេះ ថវិកាជាងពាក់កណ្តាលរបស់កោះនៅតែពឹងផ្អែកការផ្តល់ជំនួយពីរដ្ឋាភិបាលដាណឺម៉កជារៀងរាល់ឆ្នាំ ។.png)
កំណប់ទ្រព្យដ៏ធំសម្បើមរបស់កោះហ្គ្រីនឡែន គឺធនធានធម្មជាតិ! កោះនេះសម្បូររ៉ែមានតម្លៃជាច្រើនប្រភេទ ដូចជា ៖ រ៉ែស័ង្កសី និងមាសក្រហម និងជាប្រភពប្រេងឥន្ធនៈ ឧស្ម័នធម្មជាតិយ៉ាងច្រើន ដែលងាយស្រួលក្នុងការរុករកដោយសារផ្ទាំងទឹកកករលាយ ។កោះថែមទាំងមានរ៉ែកម្រ (Rare Earth) ដែលចាំបាច់សម្រាប់ផលិតថ្មរថយន្តអគ្គិសនី បន្ទះឈីប បច្ចេកវិទ្យាទំនើប និងបច្ចេកវិទ្យាផ្នែកយោធា ដែលបច្ចុប្បន្ន ចិនបាននាំចេញរ៉ែកម្រច្រើនជាងគេទៅកាន់អាមេរិក ទើបអាមេរិកចង់កាន់កាប់កោះនេះដើម្បីកាត់បន្ថយការនាំចូលរ៉ែកម្រពីចិន ។
អាមេរិក ចិន និងរុស្ស៊ី ចាត់ទុកកោះនេះជាទីតាំងសំខាន់នៃយុទ្ធសាស្ត្រតំបន់អាកទិក ពីព្រោះពេលផ្ទាំងទឹកកករលាយនឹងបង្កើតផ្លូវដឹកជញ្ជូនទំនិញឆ្លងកាត់តំបន់អាកទិក ដែលជួយឱ្យការដឹកទំនិញរវាងតំបន់អាស៊ី និងអឺរ៉ុបងាយស្រួលជាងមុន មិនចាំបាច់ដឹកទំនិញជុំវិញព្រែកជីកស៊ុយអេ ឬប្រឡាយប៉ាណាម៉ា ។ លើសពីនេះ កោះស្ថិតនៅក្បែររុស្ស៊ី និងជាផ្លូវហោះហើរជុំវិញពិភពលោក ទើបធ្វើឱ្យវាក្លាយជាទីតាំងឈរជើងកងទ័ព និងមជ្ឈមណ្ឌលប្រកាសអាសន្នពីមីស៊ីលចម្ងាយឆ្ងាយ ទើបអាមេរិកចាត់ទុកហ្គ្រីនឡែនមានសារៈសំខាន់សម្រាប់សន្តិសុខរបស់ខ្លួន ។
អាមេរិកមានទីតាំងកងទ័ពនៅហ្គ្រីនឡែនរួចហើយឈ្មោះ «Thule Air Base» សម្រាប់ត្រួតពិនិត្យអាវុធនុយក្លេអ៊ែរ ។ ហេតុនេះ ការគ្រប់គ្រងហ្គ្រីនឡែន គឺជាការគ្រប់គ្រងតំបន់អាកទិក, បង្កើនអំណាចចរចាជាមួយអង្គការ NATO, កាត់បន្ថយការពឹងផ្អែកដាណឺម៉ាក, បង្កើតទីតាំងកងទ័ព និងប្រព័ន្ធរ៉េដាបន្ថែមយ៉ាងងាយស្រួល ។
ចំណែកចិនធ្លាប់វិនិយោគក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងអាកាសយានដ្ឋាននៅហ្គ្រីនឡែន ដែលអាមេរិកចាត់ទុកប៉ះពាល់ដល់សន្តិសុខរបស់ខ្លួន ហើយមិនពេញចិត្តនឹងការវិនិយោគរបស់ចិន ។ ទោះជានាយករដ្ឋមន្ត្រីដាណឺម៉ាក លោកស្រី Mette Frederiksen បានថ្លែងនៅឆ្នាំ២០២៦ ថា អាមេរិកគំរាមចង់គ្រប់គ្រងហ្គ្រីនឡែន គឺជាការបំផ្លាញមូលដ្ឋានគ្រិះរបស់អង្គការ NATO ប៉ុន្តែលោក Trump មិនចាប់អារម្មណ៍នឹងការរិះគន់ទេ ហើយលោកពិភាក្សាជាមួយមន្ត្រីរដ្ឋាភិបាលអាមេរិកស្វែងរកវិធីផ្សេងៗដើម្បីគ្រប់គ្រងហ្គ្រីនឡែនឱ្យបាន ។
វិធីមួយដែលលោកនឹងអនុវត្ត គឺប្រើប្រាស់កម្លាំងកងទ័ពដណ្តើមយក ប្រសិនបើការចរចាសុំទិញហ្គ្រីនឡែនមិនជោគជ័យ ។ យើងនឹងរង់ចាំមើលថា តើលោក Trump នឹងជាមួយហ្គ្រីនឡែនដូចវេណេស៊ុយអេឡាដែរឬទេ ឬត្រូវធ្វើកិច្ចព្រមព្រៀងសេដ្ឋកិច្ច ប៉ុន្តែគួរតែសួរពលរដ្ឋហ្គ្រីនឡែនថា តើពួកគេចង់បានឯករាជ្យពីដាណឺម៉ាក និងចង់ក្លាយជាពលរដ្ឋអាមេរិកឬអត់ ។
គួរបញ្ជាក់ថា អាមេរិកធ្លាប់ទិញអាឡាស្កាពីរុស្ស៊ីកាលពីឆ្នាំ១៨៦៧ ក្នុងតម្លៃត្រឹមតែ ៧លាន ២សែនដុល្លារប៉ុណ្ណោះ ខណៈប្រទេសនានាសើចចំអកថា អាមេរិកទិញអាឡាសា្កជាដែនទឹកកក ។ ប៉ុន្តែបច្ចុប្បន្ន អាឡាស្កាក្លាយជាដែនទឹកកកដែលមានប្រេង មាស និងទីតាំងឈរជើងកងទ័ពអាមេរិក ហើយនេះអាចជាមូលហេតុធ្វើឱ្យលោក Trump សុខចិត្តធ្វើគ្រប់យ៉ាងដើម្បីទទួលបានហ្គ្រីនឡែនជាដែនទឹកកកធំជាងអាឡាស្កា ៕










