ខេត្តឧត្តរមានជ័យ៖ ស្រ្តីពលរដ្ឋខ្មែរដែលត្រូវជាម្ចាស់ផ្ទះម្នាក់ ដល់ថ្នាក់លើកដៃសំពះសុំការអនុញ្ញាតពីទាហានថៃ ដើម្បីចូលយកសម្ភារចាំបាច់មួយចំនួនពីផ្ទះរបស់ខ្លួន ដែលទាហានថៃប្រើកម្លាំងចូលគ្រប់គ្រងក្នុងទឹកដីខ្មែរនៅខេត្តឧត្តរមានជ័យហួសព្រំដែនជាក់ស្ដែង។ នេះបើតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ។.jpg)
តាមប្រភពខាងលើ កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ ពលរដ្ឋខ្មែរបានទៅពិនិត្យផ្ទះសំបែងរបស់ខ្លួនដែលទាហានថៃ ប្រើកម្លាំងចូលគ្រប់គ្រងក្នុងទឹកដីខ្មែរហួសព្រំដែនជាក់ស្ដែង។ នៅពេលកម្លាំងយោធាថៃ បានមកដល់ ពលរដ្ឋខ្មែរជាស្ត្រីបានលើកដៃសំពះសុំចូលយកសម្ភារចាំបាច់មួយចំនួន។ យោធាថៃ ប្រដាប់ដោយអាវុធ បានហាមមិនឱ្យពលរដ្ឋខ្មែរបើករថយន្តចូលដឹកសម្ភារទេ និងបានបណ្ដេញពលរដ្ឋខ្មែរជាបុរសចេញ មុននឹងអនុញ្ញាតឱ្យស្រ្តីខ្មែរជាម្ចាស់ផ្ទះចូលយកសម្ភារសេសសល់បានបន្តិចបន្តួច…។ ពលរដ្ឋម្ចាស់ផ្ទះ អះអាងថា ទ្រព្យសម្បត្តិមានតម្លៃ និងសម្ភារប្រើប្រាស់ភាគច្រើនត្រូវបានទាហានថៃគាស់លួចយកទៅអស់។
មិនត្រឹមតែបានឈ្លានពានទឹកដី និងកាន់កាប់ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋខ្មែរនៅខេត្តឧត្តរមានជ័យ តាមតចិត្តប៉ុណ្ណោះទេ នៅខេត្តពោធិ៍សាត់ឯណោះវិញ កម្លាំងយោធាថៃបានចូលកាត់សោ គាស់ផ្ទះប្រជាពលរដ្ឋ ក្នុងភូមិសង្គមថ្មី រួចប្រមូលសម្ភារមានតម្លៃពីផ្ទះចំនួន៨ខ្នង ម៉ូតូ៤គ្រឿង និងរ៉ឺម៉កដឹកសំរាមរបស់ភូមិ២គ្រឿង យកទៅជិះនិងថតបង្ហោះពីសកម្មភាពឈ្លានពានរបស់ខ្លួនយ៉ាងអាណាធិបតេយ្យនៅលើបណ្ដាញសង្គម។
.jpg)
គួរជម្រាបថា ការកាន់កាប់ទឹកដីកម្ពុជាដោយកងទ័ពថៃក្រោយបទឈប់បាញ់ ហើយបន្ទាប់មកវាយ កម្ទេចផ្ទះសម្បែងរបស់ប្រជាជន និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលឯទៀតរបស់កម្ពុជា ដោយបន្តបិទសិទ្ធិ របស់ជនស៊ីវិលភៀសសឹកកម្ពុជាជាច្រើន មិនឱ្យវិលត្រឡប់ទៅលំនៅដ្ឋានរបស់គេវិញបាននៅពេលនេះ គឺជាការរំលោ.ភយ៉ាងជាក់ច្បាស់ចំពោះគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ ក៏ដូចជាច្បាប់មនុស្សធម៌ និងច្បាប់សិទ្ធិមនុស្សអន្តរជាតិ ។

អាស្រ័យហេតុនេះ កម្ពុជាសង្ឃឹមថា សហគមន៍អន្តរជាតិនឹងជួយជំរុញប្រទេសថៃឱ្យដោះស្រាយជម្លោះព្រំដែនស្របតាមច្បាប់អន្តរជាតិ និងកាតព្វកិច្ចរបស់ខ្លួន ក្រោមសន្ធិសញ្ញានិងកិច្ចព្រមព្រៀងដែលមានស្រាប់។ ជាមួយគ្នានេះដែរ រាជរដ្ឋាភិបាលកម្ពុជាក៏បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួន ដោយឥតងាករេ ចំពោះការស្វែងរកដំណោះស្រាយដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ ដោយប្តេជ្ញាចិត្តជា ដាច់ខាតចំពោះការប្រកាន់ជំហរជាគោលការណ៍ថា ខ្សែព្រំដែនមិនត្រូវបានផ្លាស់ប្តូរតាមរយៈការប្រើប្រាស់កម្លាំងនោះឡើយ៕










