ឃើញសកម្មភាពយោធាថៃដែលបាញ់ផ្ទះប្រជាពលរដ្ឋខ្មែរ ចូលលួចទ្រព្យសម្បត្តិរបស់របរជាច្រើនប៉ុន្តែធ្វើដូចជាមានមោទនភាពនឹងសកម្មភាពនេះបានធ្វើឱ្យមានមតិរិះគន់យ៉ាងខ្លាំងជាពិសេសធ្វើឱ្យក្រសែភ្នែកអន្តរជាតិបានដឹងកាន់តែច្បាស់ពីចរិតរបស់ថៃ។ អួតខ្លួនជាប្រទេសអ្នកមានដៀលប្រជាពលរដ្ឋខ្មែរមានអ្នកសុំទានកន្លះប្រទេសបែរជាមកលួចរបស់របរអ្នកក្រនេះធ្វើឱ្យថៃរងនូវភាពអាម៉ាស់យ៉ាងខ្លាំងរហូតដល់កងពលធំតំបន់ទី១ថៃ ហាមមិនឱ្យពលរដ្ឋខ្លួនបង្ហោះរូបភាព ឬវីដេអូយោធាថៃលួចឆ.ក់ប្ល.ន់ទ្រព្យសម្បត្តិពលរដ្ឋកម្ពុជា លើបណ្តាញសង្គម។
ជាមួយនឹងសកម្មភាពយោធាថៃដើរលួចទ្រព្យសម្បត្តិរបស់ពលរដ្ឋខ្មែរបែបនេះតារាចម្រៀងនិងពិធីការិនី សុភ័ក្រ កុសុម៉ា បានហៅមនុស្សប្រភេទនេះជាសត្វតិរច្ឆាននិងផ្តាំផ្ញើទៅកាន់អ្នកមួយចំនួនដែលនៅបន្តប្រើផលិតផលសៀម។ ពិធីការិនីរូបនេះបានសរសេរនៅលើបណ្តាញសង្គមថា «ប្លន់ដីផង ប្លន់ទ្រព្យសម្បត្តិផង ពួកសត្វតិរច្ឆានគ្មានចិត្តមេត្តាធ្វើបាបប្រជាជនស្លូតត្រង់ ផ្តាំតកូនតចៅ ហើយសូមផ្តាំអ្នកមួយចំនួនដែលទៅបន្តប្រើរបស់ចោរសូមចេះឈឺខួរផង កុំដោយសារតែឯង ធ្វើឱ្យគេថោកជាមួយ»។
ការលើកឡើងរបស់ សុភ័ក្រ កុសុម៉ា បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមបញ្ចេញមតិថា យោធាថៃ ជាពពួកចោរព្រៃគ្មានសាសនា ហើយនឹងទទួលបាបកម្មចំពោះទង្វើរបស់ខ្លួន។ 
ចាប់តាំងពីប្រទេសថៃបើកការឈ្លានពានមកលើទឹកដីប្រទេសកម្ពុជា ប្រជាពលរដ្ឋខ្មែរបានពួតដៃគ្នាជាធ្លុងមួយដោយបន្តពហិការផលិតផលថៃ ខណៈពលរដ្ឋខ្មែរមួយចំនួនដែលរស់នៅក្រៅប្រទេសក៏បង្ហាញពីឆន្ទៈរបស់ខ្លួនឈប់ប្រើប្រាស់ទំនិញថៃដូចគ្នា។ នេះបង្ហាញថាការឈឺចាប់ដែលថៃបានផ្តល់ឱ្យពលរដ្ឋខ្មែរពិតជាធ្វើឱ្យខ្មែរបំភ្លេចមិនបាននោះទេ ហើយរឿងនេះបានធ្វើឱ្យចលនាប្រើប្រាស់ផលិតផលក្នុងស្រុកកើនឡើងទ្វេដងចំណែកឯថៃខាតបង់ប្រាក់រាប់លានដុល្លារដោយសារតែមហិច្ឆតាឈ្លានពានចង់បានទឹកដីខ្មែរនិងប្រជាប្រិយដើម្បីសន្លឹកឆ្នោតរបស់ខ្លួន៕










