ប្រទេសដាណឺម៉ាក ៖ នាយករដ្ឋមន្ត្រីដាណឺម៉ាកបានអំពាវនាវកាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២៦ ឱ្យអាមេរិកឈប់គំរា.មយកកោះហ្គ្រីនឡែន (Greenland) បន្ទាប់ពីកងទ័ពអាមេរិកទើបចា.ប់ខ្លួនមេដឹកនាំវេណេស៊ុយអេឡាបានរយៈពេល១ថ្ងៃ ស្រាប់តែប្រធានាធិបតីអាមេរិក លោក Donald Trump និយាយមកកាន់សារព័ត៌មានថា ត្រូវការកោះហ្គ្រីនឡែន ។ ដូចគ្នានេះ ភរិយាមន្ត្រីជំនួយការជាន់ខ្ពស់អាមេរិក ក៏បានបង្ហោះរូបភាពកោះហ្គ្រីនឡែនជាមួយទង់ជាតិអាមេរិក និងសរសេរយ៉ាងខ្លីថា «ឆាប់ៗ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPCoVjyT8KXKIOevIi6qI5WvtX1Fzkjfnsc45SxDjcj6FOP0347z9cVgZIYmrj8uqXUdsyRtQAQ3O5Eyf-d_BGG2IF3NnHvc5cK1gjaTCciL2KM1o70MFtx4U4k7IRJqrA5_BRdDNHA30f1-VIt3gxiGvwyEJOCu9I-pMFh1g04FddQl8hV1MdKwoVsegR/s2400/image_2026-01-05_09-40-19.png

ដាណឺម៉ាកបារម្ភយ៉ាងខ្លាំងពីការបាត់បង់កោះហ្គ្រីនឡែន បន្ទាប់ពីអាមេរិកទើបចាប់ខ្លួនមេដឹកនាំវេណេស៊ុយអេឡា ខណៈលោកប្រធានាធិបតី Trump បង្ហាញគោលជំហររបស់ខ្លួនម្តងហើយម្តងទៀតថា ចង់បញ្ចូលកោះនេះទៅក្នុងទឹកដីរបស់អាមេរិក ។ អ្វីគួរឱ្យបារម្ភជាងនេះ គឺភរិយារបស់មន្ត្រីជំនួយការជាន់ខ្ពស់អាមេរិកដ៏មានឥទ្ធិពលម្នាក់បានបង្ហោះរូបភាពកោះហ្គ្រីនឡែនជាមួយទង់ជាតិអាមេរិក និងសរសេរថា «ឆាប់ៗ» ។

នាយករដ្ឋមន្ត្រីដាណឺម៉ាក លោកស្រី Mette Frederiksen បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ចេញផ្សាយកាលពីថ្ងៃទី៤ ខែមករា ព្រមទាំងអំពាវនាវឱ្យរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនឈប់គំរាមកំហែងសម្ព័ន្ធមិត្តប្រវត្តិសាស្ត្រជាបន្ទាន់ ។ លោកស្រីនិយាយយ៉ាងច្បាស់ទៅអាមេរិកថា វាគ្មានប្រយោជន៍ទេ ដែលអាមេរិកចង់គ្រប់គ្រងកោះហ្គ្រីនឡែន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdb5bVBonM2ZGMgUK5YLniiKmuRMcVIBo0VvnCArtPz0KC0z-mpDLTwWJpE1gidzBmuLZ8sa3kmf4hc6QKvSgorzwXo3QKl3wmEUw9BobGZi_4_XatMxe9s1gTR8p-wyfDnPasajsifJ1raSiNoGH65gMl-KaBFRM-nP2-iamUIXhv3CpfRVMHxPncHpfJ/s1498/image_2026-01-05_09-40-18.png

គួរបញ្ជាក់ថា សម្ព័ន្ធមិត្តអឺរ៉ុបរបស់អាមេរិកបារម្ភពីលោកប្រធានាធិបតី Trump បញ្ជូនកងទ័ពអាមេរិកទៅវាយប្រហារទីក្រុង Caracas ប្រទេសវេណេស៊ុយអេឡា កាលពីថ្ងៃទី៣ ខែមករា និងចាប់ខ្លួនប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolas Maduro បញ្ជូនមកទីក្រុងញូវយ៉ក ។ លោកប្រធានាធិបតី Trump ថា ពេលនេះ អាមេរិកនឹងគ្រប់គ្រងវេណេស៊ុយអេឡាដោយគ្មានកំណត់ និងត្រៀមបូមប្រេងជាធនធានធម្មជាតិដ៏សម្បូរបែបរបស់ប្រទេសនេះ ។

ចំណែកកោះហ្គ្រីនឡែននៅដាណឺម៉ាក លោកប្រធានាធិបតី Trump អះអាងថា នឹងបញ្ចូលកោះនេះទៅក្នុងទឹកដីអាមេរិកដើម្បីជាប្រយោជន៍ដល់សន្តិសុខជាតិអាមេរិក ដោយសារកោះនេះស្ថិតនៅទីតាំងយុទ្ធសាស្ត្រតំបន់អាកទិក ។ ក្រៅពីនេះ កោះហ្គ្រីនឡែនសម្បូរដោយរ៉ែធម្មជាតិសំខាន់ៗសម្រាប់ប្រើប្រាស់ក្នុងផ្នែកបច្ចេកវិទ្យាជាន់ខ្ពស់ អាមេរិកត្រូវការកោះនេះដើម្បីការពារខ្លួន ។ លោកចង់គ្រប់គ្រងកោះនេះម្តងទៀតពេលឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិកអាណត្តិទី២ កាលពីឆ្នាំ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRBEKv-W4K4SJZYbBDtbnlj65mNb39gCQIIE5H8-4RWog_jS8hp9ZBLABF0RUCPDT2ZQW1R5qkG3eg5Q2ibK9tQv6kL48I6L-cF7poSrsCWFd0UE9KQ1duX5Jte6w10jf4kO7nHlrfakE6S6Mxr4ujopd0nozzCX1ge9leL8BT7MzT73LFOvR6MoxZKWs8/s2100/image_2026-01-05_09-40-17%20(2).png

កាលពីថ្ងៃទី៣ ខែមករា អ្នកស្រី Kathy Miller ភរិយារបស់លោក Stephen Miller ជានាយករងក្រុមការងាររបស់លោកប្រធានាធិបតី Trump បានបង្ហោះរូបភាពកោះហ្គ្រីនឡែន ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ដាណឺម៉ាកក្នុងបណ្តាញសង្គម X ដោយដាក់ទង់ជាតិអាមេរិក និងសរសេរយ៉ាងខ្លីថា «ឆាប់ៗ» ។

នាយករដ្ឋមន្ត្រីកោះហ្គ្រីនឡែន លោក Jens-Frederik Nielsen បានហៅការបង្ហោះសារថា ខ្វះការគោរពរវាងទំនាក់ទំនងអាមេរិក និងកោះហ្គ្រីនឡែន ព្រមទាំងជាកាយវិការមិនអើពើនឹងកោះហ្គ្រីនឡែន និងសិទ្ធិពលរដ្ឋ ។ វាគ្មានអ្វីត្រូវភ័យស្លន់ស្លោ ឬបារម្ភ យើងមិនលក់កោះទេ ហើយអនាគតរបស់កោះមិនស្ថិតនៅលើការបង្ហោះសារក្នុងបណ្តាញសង្គមឡើយ ។ រីឯមន្ត្រីទូតដាណឺម៉ាកប្រចាំអាមេរិក បានបង្ហោះសារកាលពីថ្ងៃទី៤ ខែមករា ថា អាមេរិកនឹងគោរពបូរណភាពទឹកដីដាណឺម៉ាក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimmMtZ6yVUJnsvN7x52CQzDaMqEDpbE-gGP-ZN98cjMUb8QG0Q0wdsfDy6QZnvh10bYRpZG0OUouoJHOUjl92b392kwUPzh5eT9MnlXXZvve0cLOQoDQxmKjENf5VwdfR6sBn4Sp_cvVVAu9xqC7yEEbYovVJgBUvRD_9-ME014XdjSXn9G566sc9chZXx/s830/image_2026-01-05_09-40-17.png

កោះហ្គ្រីនឡែន ស្ថិតនៅចន្លោះតំបន់អឺរ៉ុប និងអាមេរិកខាងជើង ទើបធ្វើឱ្យកោះនេះមានសារៈសំខាន់សម្រាប់ប្រព័ន្ធការពារមីស៊ីលរបស់អាមេរិក ។ ជាមួយគ្នានេះ កោះសម្បូរធនធានធម្មជាតិរ៉ែផ្សេងៗដែលអាមេរិកត្រូវការដើម្បីកាត់បន្ថយការពឹងផ្អែករ៉ែពីប្រទេសចិន ។ កោះនេះស្ថិតក្រោមការគ្រប់គ្រងរបស់ដាណឺម៉ាក និងមានសិទ្ធិប្រកាសឯករាជ្យក្រោមកិច្ចព្រមព្រៀងកាលពីឆ្នាំ២០០៩ ប៉ុន្តែត្រូវការប្រាក់ឧបត្ថម្ភយ៉ាងច្រើនពីដាណឺម៉ាក ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7o8t9LSYRoLv6ZE75G7PWniJ9JxXzSYgqK_RTFyqNDl28hZpOrOPlIJfm-bY0ImNgxKLjdIF5AtplME2KG_paoM3EjBkg5LT5HyCTrl1itoVocjw6QmIriDa2to3etRS-_ZJprgklmtBDEGicsxKY55SZ5M-AhcsvFEPTW1BZVYAtTsx1RpTab2hQW05D/s870/photo_2026-01-05_09-15-50.jpg