តាមរយៈរូបភាពដែលមានការចែករំលែកនៅលើបណ្តាញសង្គមបានបង្ហាញថាប្រាសាទព្រះវិហាររងការខូចខាតយ៉ាងខ្លាំងក្រោយស្នាដៃរបស់យោធាថៃដែលប្រើគ្រាប់បែកចង្កោមស្រោចលើប្រាសាទ។ ធ្លាប់មានអនុស្សារវីយ៍ជាច្រើននៅទីនោះតារាចម្រៀង សាយ បានបង្ហាញការខូចចិត្តយ៉ាងមិនគួរណាប្រាសាទដ៏ស្រស់ស្អាតរងការខូចខាតដោយសារប្រទេសជិតខាង។

នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ តារាចម្រៀង សាយ បានបង្ហោះរូបភាពរបស់ខ្លួនក្នុងនៅឯប្រាសាទព្រះវិហារអមដោយអារម្មណ៍សោកស្តាយរបស់ខ្លួនថា «ខ្ញុំនឹកព្រះវិហារក៏បើកមើលរូបការថតរត់ promote កម្មវិធី Preah Vihear Temple Run 3rd Edition កាលខែកក្កដា ២០២៥ កន្លងមកនេះ ឃើញថាព្រះវិហារស្រស់ស្អាតណាស់ អាជ្ញាធរព្រះវិហារ ព្រមទាំងរាជរដ្ឋាភិបាលខិតខំប្រឹងប្រែងអភិរក្ស អភិវឌ្ឍណាស់ មិននឹងស្មានត្រូវខូចខាតមួយរំពេចដោយសារការឈ្លានពានដោយមិនចេះគិតពីអ្នកជិតខាង។ ខ្ញុំពិតជាសោកស្តាយនិងស្រណោះប្រាសាទព្រះវិហារយើងណាស់ មិនគួរណារងការខូចខាតដល់ថ្នាក់នេះសោះ»។.png)
មិនត្រឹមតែតារាចម្រៀង សាយ ប៉ុណ្ណោះទេដែលមានការសោកស្តាយនិងឈឺចាប់នៅពេលឃើញប្រាសាទព្រះវិហារដែលជាសម្បត្តិបេតិកភណ្ឌរបស់ពិភពលោកត្រូវបានយោធាថៃតាមបំផ្លាញមហាជនក៏សោកស្តាយនិងឈឺចាប់មិនចាញ់គ្នាដែរ។ ប៉ុន្មានថ្ងៃមុនតារាចម្រៀង សាយ ក៏បានបង្ហាញអារម្មណ៍ឈឺចាប់ដូចគ្នាដោយមិននឹកស្មានថាប្រាសាទដែលឈរស្រស់ស្អាតរាប់ពាន់ឆ្នាំ ជួបការបំផ្លិចបំផ្លាញដោយសារក្រុមឈ្លានពាន។ លោកបានបញ្ជាក់ថានឹងចងចាំភាពឈឺចាប់មួយនេះ ដោយបង្ហាញពីចេតនានឹងទៅចូលរួមថែរក្សា អភិវឌ្ឍប្រាសាទព្រះវិហារឡើងវិញនៅពេលណាដែលស្រុកទេស ត្រឡប់មករកសភាពប្រក្រតីវិញ។
គួរបញ្ជាក់ផងដែរកាលពីសង្គ្រាមលើកទី១ ប្រាសាទព្រះវិហារ ក៏រងការខូចខាត ដោយសារ ថៃទំលាក់គ្រាប់បែក ចំណែកឯសង្គ្រាមលើកទី២នេះស្ថានភាពប្រាសាទកាន់តែរងការខូចខាតដែលធ្វើឱ្យប្រជាជនខ្មែររងភាពឈឺចាប់យ៉ាងខ្លាំង៕










