ប្រទេសថៃ ៖ តាមការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក Sihasak Phuangketkeow នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ កិច្ចប្រជុំ JBC រវាងកម្ពុជា-ថៃ គឺថៃមិនពន្យារពេលទេ ប៉ុន្តែត្រូវរង់ចាំការពិនិត្យមើលនីតិវិធី និងច្បាប់ជាមុនសិន ហើយកិច្ចប្រជុំនេះអាចរង់ចាំរហូតដល់ប្រទេសថៃមានរដ្ឋាភិបាលថ្មី ។ លោកសំណូមពរឱ្យភាគីទាំងពីរគោរពពាក្យសម្តី មិនញុះញង់ ដើម្បីសម្រេចបាននូវបទឈប់បា.ញ់យូរអង្វែង ។

កាលពីព្រឹកថ្ងៃទី៣០ ខែធ្នូ រដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក Sihasak បាននិយាយពីកិច្ចប្រជុំត្រីភាគីរវាងកម្ពុជា ចិន និងថៃ នៅខេត្តយូណាន ប្រទេសចិន ថា ថៃចង់សម្រេចបាននូវបទឈប់បាញ់យូរអង្វែងដើម្បីទទួលបានទំនុកចិត្តគ្នាទៅវិញទៅមក ប៉ុន្តែត្រូវពិនិត្យពីទំនាក់ទំនងរវាងកម្ពុជា-ថៃនឹងក្លាយជាយ៉ាងណានាថ្ងៃអនាគត ពីព្រោះបច្ចុប្បន្ន ប្រទេសទាំងពីរទើបតែព្រមព្រៀងឈប់បាញ់ ។ ស្ថានការណ៍ផុយស្រួយ ដែលទាមទារកុំឱ្យមានការយល់ច្រឡំ ឬបំផ្លាញបទឈប់បាញ់ រួមមាន ៖ ការបង្ហោះដ្រូន, និយាយញុះញង់ ឬចេញសេចក្តីថ្លែងការណ៍របស់ថ្នាក់ដឹកនាំ ដែលត្រូវប្រុងប្រយ័ត្ន និងត្រួតពិនិត្យ ។

ចំណែកកងទ័ពថៃចោទប្រកាន់កម្ពុជាបង្ហោះដ្រូនជាង២៥០គ្រឿងនៅបរិវេណព្រំដែន និងចោទប្រកាន់កម្ពុជាបង្កប់មីនធ្វើឱ្យកងទ័ពថៃជាន់មីនក្លាយជាជនរងគ្រោះទី១១ នឹងប៉ះពាល់បទឈប់បាញ់រយៈពេល៧២ម៉ោងឬយ៉ាងណានោះ លោក Sihasak ថា ត្រូវត្រួតពិនិត្យការពិតថា វាជាមីនចាស់ឬថ្មី ដើម្បីកុំឱ្យយល់ច្រឡំ ។ រីឯកិច្ចប្រជុំ JBC រវាងកម្ពុជា-ថៃ នឹងពិនិត្យថា តើរដ្ឋាភិបាលថៃចាំផ្ទះអាចចូលរួមប្រជុំដែរឬទេ ពីព្រោះកិច្ចប្រជុំនេះពាក់ព័ន្ធជាមួយរដ្ឋាភិបាលថ្មី និងមានដំណាក់កាលរបស់វា មិនអាចប្រជុំភ្លាមៗទេ ។ ថៃមិនបានពន្យារពេល គ្រាន់តែរង់ចាំឱ្យតំបន់ព្រំដែនមានសុវត្ថិភាព ។

ក្រៅពីនេះ លោក Sihasak បាននិយាយពីការដោះលែងវីរកងទ័ពកម្ពុជាទាំង១៨រូប ថាត្រូវតែដោះលែងតាមការព្រមព្រៀងគ្នា បន្ទាប់ពីការអនុវត្តបទឈប់បាញ់បានពេញលេញក្នុងរយៈពេល៧២ម៉ោង ។ ថៃសុំឱ្យកម្ពុជាគោរពបទឈប់បាញ់ និងរក្សាពាក្យសម្តីតាមអ្វីដែលបានជជែកគ្នា ។ កម្ពុជា និងថៃ បានចរចាការទូតរួចហើយ ចាប់ពីពេលនេះទៅ ប្រសិនបើមានហេតុការណ៍អ្វីកើតឡើងត្រូវតែជជែកគ្នា ខណៈកងទ័ពទាំងសងខាងក៏បានជជែកគ្នាដែរ ។

កិច្ចប្រជុំ JBC កម្ពុជា-ថៃប្រព្រឹត្តពេលណា ត្រូវវាយតម្លៃពីការប្រែប្រួលស្ថានការណ៍ និងអនុវត្តតាមដំណាក់កាល ហើយកិច្ចប្រជុំនេះអាចរង់ចាំរហូតដល់ថៃមានរដ្ឋាភិបាលថ្មី ។ យើងមិនដឹងពីគោលជំហររបស់រដ្ឋាភិបាលថៃថ្មី ឬការពិនិត្យមើល MOU ឆ្នាំ២០០០ បែបណា ។ ការឈប់បាញ់រវាងកម្ពុជា-ថៃ គឺផ្តល់សុវត្ថិភាពដល់ពលរដ្ឋ និងចង់ឱ្យភាគីទាំងពីរគោរពបទឈប់បាញ់ ពីព្រោះកម្ពុជាក៏បាត់បង់ច្រើន ពលរដ្ឋកម្ពុជាចង់ត្រឡប់មករស់នៅផ្ទះសម្បែងវិញ ។ ហេតុនេះ បទឈប់បាញ់ជាផលប្រយោជន៍រួមគ្នាឈានទៅឈប់បាញ់យូរអង្វែង រីឯបញ្ហាផ្សេងៗ យើងអាចជជែកគ្នាក្នុងនាមជាប្រទេសជិតខាង ។

គួរបញ្ជាក់ថា គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជាបានស្នើទៅកាន់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ថៃ រៀបចំកិច្ចប្រជុំពិសេសបន្ទាន់របស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ នៅសប្តាហ៍ទី១ ខែមករា ឆ្នាំ២០២៦ នៅខេត្តសៀមរាប ដើម្បីពិភាក្សាបន្តការងារវាស់វែង និងខណ្ឌសីមា ។ JBC កម្ពុជានឹងបន្តអនុវត្តការងារវាស់វែង និងខណ្ឌសីមាព្រំដែនឱ្យបានឆាប់បំផុតជាមួយ JBC ថៃ ដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែងតាមបណ្តោយព្រំដែន និងមិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំង ។

កម្ពុជា និងថៃ បានព្រមព្រៀងគ្នាឈប់បាញ់កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ហើយក្រោយការអនុវត្តបទឈប់បាញ់បានពេញលេញក្នុងរយៈពេល៧២ម៉ោង ថៃនឹងដោះលែងវីរកងទ័ពកម្ពុជាទាំង១៨រូបដែលថៃចាប់ខ្លួន ត្រឡប់មកកម្ពុជាវិញ ប៉ុន្តែរហូតមកដល់ម៉ោង២និង៤០នាទីរសៀល ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ ថៃមិនទាន់ដោះលែងវីរកងទ័ពកម្ពុជាទាំង១៨រូបនៅឡើយទេ ៕