បទឈប់បា.ញ់ភ្លាមៗរយៈពេល 72ម៉ោងរវាងកម្ពុជានិងថៃ គិតត្រឹមម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥នេះត្រូវបានផុតកំណត់ហើយ តែទោះជាយ៉ាងណាក៏ដោយ ចំពោះការដោះលែងទាហានកម្ពុជាទាំង 18រូប នៅតែគ្មានការឆ្លើយតបពីភាគីនៅឡើយ ខណៈរដ្ឋមន្រ្តីការពារជាតិថៃបដិសេធការធ្វើអត្ថធិប្បាយជាមួយអ្នកសារព័ត៌មាន។
យោងតាមការចេញផ្សាយរបស់សារព័ត៌មានក្នុងស្រុករបស់ថៃនៅមុនពេលថ្ងៃត្រង់នេះបានឲ្យដឹងថា លោក ណាត់ថាផុល ណាត់ផានិច រដ្ឋមន្រ្តីការពារជាតិថៃ បានបដិសេធមិនផ្ដល់សម្ភាសន៍ជាមួយអ្នកសារព័ត៌មានទាក់ទងនឹងការដោះលែងទាហានខ្មែរទាំង18នាក់។ ឆ្លើយតបនឹងសំណួរទាំងនេះ លោក ណាត់ថាផុល បានត្រឹមតែនិយាយថា៖ «នៅពេលថ្ងៃត្រង់នេះយើងនឹងបានដឹងហើយ» ប៉ុណ្ណោះ។
ដោយឡែកបើតាម លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន គឺមកដល់ម៉ោងនេះក្នុងនាមអាជ្ញាធរ លោកស្រីនៅមិនទាន់ទទួលបានពត៍មាន អំពីយុទ្ធជន១៨រូបនោះទេ។ តែទោះជាយ៉ាងណា លោកស្រីបានស្នើកុំឲ្យមានជួបជុំបង្កជាបញ្ហាចលាចលនៅទីតាំងព្រំដែនជាឲ្យសោះ ត្រូវបន្តរក្សាភាពស្ងៀមស្ងាត់ ហើយក្នុងនាមរដ្ឋបាលខេត្ត នឹងផ្តល់ពត៍មានពិតជូនបងប្អូនដើម្បីជ្រាប និងដើម្បីចូលរួមទទួលស្វាគមន៍បងប្អូនយុទ្ធជនយើង ទាំងអស់គ្នានៅពេលវេលាច្បាស់លាស់។
គួរជម្រាបថា នៅត្រង់ចំណុចទី១១នៃសេចក្ដីប្រកាសរួមកិច្ចប្រជុំពិសេសលើកទី៣ GBC បានគូសបញ្ជាក់យ៉ាងច្បាស់ថា “ស្របតាមស្មារតីនៃសេចក្ដីប្រកាសរួមទីក្រុងគូឡាឡាំពួ ចុះថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ យោធិនកម្ពុជាចំនួន១៨រូបនឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ បន្ទាប់ពីបទឈប់បាញ់ត្រូវបានគោរពយ៉ាងពេញលេញក្នុងរយៈពេល៧២ម៉ោង”។
តែយ៉ាងណាមិញ គិតមកត្រឹមពេលនេះគឺហួសរយៈពេល72ម៉ោងហើយ យើងនៅតែមិនទាន់មានព័ត៌មានទាក់ទងនឹងការដោះលែងកងទ័ពកម្ពុជាទាំង១៨នាក់នៅឡើយទេ៕










