សហរដ្ឋអាមេរិក ៖ នៅឆ្នាំ២០២៥ ពលរដ្ឋអាមេរិកដែលធ្វើការក្នុងវិស័យនានាបានបាត់បង់ការងាររហូតដល់ជាង៥ម៉ឺននាក់ ជាពិសេស អ្នកធ្វើការក្នុងវិស័យបច្ចេកវិទ្យាបាត់បង់ការងារច្រើនបំផុត ដោយសារក្រុមហ៊ុនជ្រើសរើសបច្ចេកវិទ្យា AI មកធ្វើការជំនួសមនុស្ស ។ ក្រុមហ៊ុនអាមេរិកជាច្រើនថា បច្ចេកវិទ្យា AI គឺជាកត្តាចម្បងធ្វើឱ្យក្រុមហ៊ុនសម្រេចចិត្តកាត់បន្ថយចំនួនបុគ្គលិក និងរចនាសម្ព័ន្ធក្រុមហ៊ុនដើម្បីបង្កើនប្រសិទ្ធភាពការងារ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសកាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ ។
យោងតាមទិន្នន័យរបស់ក្រុមហ៊ុន Challenger, Gray & Christmas បង្ហាញថា នៅឆ្នាំ២០២៥ ពលរដ្ឋអាមេរិករហូតដល់ជាង៥ម៉ឺននាក់ដែលធ្វើការក្នុងក្រុមហ៊ុននានាបាត់បង់ការងារដោយសារក្រុមហ៊ុនប្រើប្រាស់បច្ចេកវិទ្យា AI និងបច្ចេកវិទ្យាផ្សេងៗជំនួសមនុស្ស ទើបធ្វើឱ្យតួនាទីមួយចំនួនមិនត្រូវការប្រើប្រាស់មនុស្សទៀតឡើយ ។.jpg)
ជាក់ស្តែង រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនធំៗនៅអាមេរិកបានប្រកាសកាត់បន្ថយបុគ្គលិកជាច្រើន រួមមាន ៖
-Amazon ៖ ប្រកាសកាត់បន្ថយបុគ្គលិកប្រមាណ ១ម៉ឺន៤ពាន់នាក់ និងកាត់បន្ថយបុគ្គលិកបន្ថែមទៀត ស្មើជាង៣ម៉ឺននាក់ ដែលធ្វើការនៅអាមេរិកនិងអឺរ៉ុប ដោយក្រុមហ៊ុនបញ្ជាក់ថា ការប្រើប្រាស់បច្ចេកវិទ្យា AI និងការកែសម្រួលរចនាសម្ព័ន្ធក្រុមហ៊ុន គឺជាកត្តាចម្បងជំរុញឱ្យកាត់បន្ថយបុគ្គលិក ។.jpg)
-Microsoft ៖ បានកាត់បន្ថយបុគ្គលិកជាច្រើនលើកនៅឆ្នាំ២០២៥ គឺចាប់ពី៩ពាន់នាក់ ទៅ១ម៉ឺន៥ពាន់នាក់ ដោយសារក្រុមហ៊ុនផ្លាស់ប្តូរទម្រង់ការងារផ្តោតទៅលើសេវាកម្ម Cloud និងបច្ចេកវិទ្យា AI ។
-Intel ៖ ជាក្រុមហ៊ុនយក្សក្នុងឧស្សាហកម្មបន្ទះឈីប បានកាត់បន្ថយបុគ្គលិក ចាប់ពី២ម៉ឺន៤ពាន់នាក់ ទៅ២ម៉ឺន៥ពាន់នាក់ ឬចាប់ពី១៥% ទៅ២៥% នៃចំនួនបុគ្គលិកសរុបនៅឆ្នាំ២០២៥ ដើម្បីកែសម្រួលហេដ្ឋារចនាសម្ព័ន្ធក្រុមហ៊ុនផ្តោតទៅវិនិយោគលើបច្ចេកវិទ្យា AI និងការផលិតថ្មីៗ ។
-Salesforce ៖ បានកាត់បន្ថយបុគ្គលិក ចាប់ពី១ពាន់នាក់ ទៅ៤ពាន់នាក់ ជាពិសេស កាត់បន្ថយបុគ្គលិកផ្នែកសេវាអតិថិជន ដោយជំនួសមកវិញនូវការងារប្រើប្រាស់បច្ចេកវិទ្យាស្វ័យប្រវត្តិ ។
-IBM ៖ កាត់បន្ថយបុគ្គលិកប្រមាណ ៨ពាន់នាក់ ដើម្បីផ្តោតសំខាន់លើការងារពាក់ព័ន្ធនឹងបច្ចេកវិទ្យា AI និងប្រព័ន្ធ Cloud ទោះជាការងារផ្នែកនេះស្មើត្រឹមតែ១% នៃការងារសរុបក្តី ។
ទោះជាក្រុមហ៊ុនជាច្រើនបញ្ជាក់ថា បច្ចេកវិទ្យា AI គឺជាមូលហេតុចម្បងដែលធ្វើឱ្យមានការកាត់បន្ថយបុគ្គលិក ប៉ុន្តែអ្នកជំនាញ និងនាយកក្រុមហ៊ុនយល់ឃើញដូចគ្នាថា នៅមានកត្តាជាច្រើនទៀតដែលគាំទ្រការកាត់បន្ថយបុគ្គលិក រួមមាន ៖ កាត់បន្ថយដើមទុន, ការជួលបុគ្គលិកច្រើនក្នុងពេលជំងឺកូវីដ-១៩ ឆ្លងរាតត្បាត និងប្រាក់ចំណូលក្រុមហ៊ុនមិនច្បាស់លាស់នាថ្ងៃអនាគត ។
ទោះយ៉ាងណា នាយកក្រុមហ៊ុន IBM ឈ្មោះ Arvind Krishna និយាយថា ក្រុមហ៊ុនជាច្រើនបានកាត់បន្ថយបុគ្គលិករបស់ខ្លួននៅឆ្នាំ២០២៥ មិនមែនដោយសារបច្ចេកវិទ្យា AI ទាំងអស់ទេ គឺបណ្តាលមកពីក្រុមហ៊ុននានាជួលបុគ្គលិកច្រើនក្នុងពេលជំងឺកូវីដ-១៩ ឆ្លងរាតត្បាត ។ នេះជាការចាប់ផ្តើមផ្លាស់ប្តូរទៅកាន់ទីផ្សារការងារក្នុងសម័យទំនើប ៕.png)










