អ្នកនាំពាក្យក្រសួងការបរទេសចិនបានបង្ហាញការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន ដែលបានរៀបចំកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន ស្តីពីស្ថានការណ៍បច្ចុប្បន្នរវាងកម្ពុជា-ថៃ នៅទីក្រុងគូឡាឡាំពួរ ប្រទេសមាឡេស៊ី កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីជំរុញការបញ្ចប់សង្គ្រា.មរវាងកម្ពុជានិងថៃ ដោយអ្នកនាំពាក្យក្រសួងការបរទេសចិនស្នើឱ្យប្រទេសទាំងពីរគិតដល់ផលប្រយោជន៍របស់ពលរដ្ឋទាំងសងខាង ដោយចិនគាំទ្រការចរចាសន្តិភាព និងដើរតួនាទីស្ថាបនាក្នុងការកាត់បន្ថយភាពតានតឹង ។

ប្រធានអាស៊ានបានចេញសេចក្តីប្រកាស១ច្បាប់ បង្ហាញការបារម្ភខ្លាំងចំពោះការបន្តអូសបន្លាយភាពតានតឹង និងអរិភាពបណ្តាលឱ្យមានការបាត់បង់ជីវិ.តមនុស្ស និងរងរបួសយ៉ាងច្រើន ព្រមទាំងបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងការជម្លៀសជនស៊ីវិល ។ ប៉ុន្តែកិច្ចប្រជុំនេះមិនទាន់កំណត់ពេលឈប់បា.ញ់នៅឡើយទេ គឺនឹងជជែកពិភាក្សាក្នុងកិច្ចប្រជុំ GBC លំដាប់រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា-ថៃ នាថ្ងៃទី២៤ ខែធ្នូ ។

ក្នុងអំឡុងពេលរាយការណ៍ព័ត៌មានកាលពីថ្ងៃទី២២ ខែធ្នូ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun និយាយថា កម្ពុជា និងថៃ គឺជាសមាជិកសំខាន់របស់អាស៊ាន ចិនសរសើរនិងគាំទ្រការព្យាយាមរបស់អាស៊ាន ជាពិសេស ម៉ាឡេស៊ីដែលបានអំពាវនាវឱ្យបញ្ចប់សង្គ្រាមរវាងកម្ពុជា-ថៃ ឈានទៅស្តារសន្តិភាពឡើងវិញដោយគិតពីផលប្រយោជន៍មូលដ្ឋានក្នុងការរក្សាសន្តិភាព និងស្ថិរភាពនៅតាមបណ្តោយព្រំដែនដើម្បីផលប្រយោជន៍ពលរដ្ឋទាំងសងខាង ។

តាំងពីផ្ទុះសង្គ្រាមខ្លាំងរវាងកម្ពុជា-ថៃជាថ្មី ចិនបានព្យាយាមជួយសម្របសម្រួលឱ្យបញ្ចប់សង្គ្រាម ដោយលោក Wang Yi រដ្ឋមន្ត្រីក្រសួងការបរទេសចិនបានពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា-ថៃ ហើយមន្ត្រីក្រសួងការបរទេសចិនក៏បានទំនាក់ទំនងមកកម្ពុជា-ថៃ និងបណ្តាប្រទេសសមាជិកអាស៊ានជាបន្តបន្ទាប់ ។

លើសពីនេះ ប្រេសិតពិសេសចិនទទួលបន្ទុកកិច្ចការអាស៊ី លោក Deng Xijun បានធ្វើដំណើរមកកម្ពុជា-ថៃ ដើម្បីពិភាក្សាពីការបន្ធូរបន្ថយកំដៅជម្លោះរវាងប្រទេសទាំងពីរ ។ ចិននឹងផ្សព្វផ្សាយព័ត៌មានពីការសម្របសម្រួលរបស់ប្រេសិតពិសេសចិនក្នុងឱកាសសមស្រប ដោយចិនគាំទ្រការចរចាសន្តិភាព និងដើរតួនាទីស្ថាបនាក្នុងការកាត់បន្ថយភាពតានតឹង ។ នេះបើតាមការលើកឡើងរបស់លោក Guo Jiakun ។

គួរបញ្ជាក់ថា ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានចូលរួមក្នុងកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន ស្តីពីស្ថានភាពបច្ចុប្បន្នរវាងកម្ពុជា និងថៃ នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នាថ្ងៃទី២២ ខែធ្នូ រីឯខាងថៃ គឺលោក Sihasak Phuangketkeow រដ្ឋមន្ត្រីក្រសួងការបរទេស ។ ក្នុងឱកាសនេះ ឯកឧត្តម ប្រាក់ សុខុន ស្នើឱ្យមានឈប់បាញ់ត្រឹមម៉ោង១២យប់ ថ្ងៃទី២២ ខែធ្នូ ប៉ុន្តែថៃតម្រូវឱ្យកម្ពុជាធ្វើលិខិតស្នើសុំជាផ្លូវការ ។

លោក Sihasak រដ្ឋមន្ត្រីក្រសួងការបរទេសថៃថា ការកំណត់ពេលវេលាឈប់បា.ញ់ គឺរង់ចាំការពិភាក្សាលម្អិតក្នុងកិច្ចប្រជុំ GBC លំដាប់រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា-ថៃ នាថ្ងៃទី២៤ ខែធ្នូ នៅខេត្តចន្ទបុរី និងរង់ចាំកម្ពុជាបង្ហាញភាពស្មោះត្រង់ជាមុន ថៃទាមទារឱ្យកម្ពុជាធ្វើលិខិតជាលាយលក្ខណ៍អក្សរដើម្បីសុំឈប់បាញ់ជាផ្លូវការ ។ ថៃនៅតែប្រកាន់គោលជំហរបញ្ចប់សង្គ្រាមត្រឹមទ្វេភាគី ដោយមិនស្វាគមន៍ការសម្របសម្រួលពីមហាអំណាចនានា ឬប្រទេសណាទាំងអស់ ។

កងទ័ពថៃបានបើកការវាយប្រហារកម្ពុជាម្តងទៀតយ៉ាងធ្ងន់ធ្ងរតាំងពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ ដោយប្រើប្រាស់សព្វាវុធធុនធ្ងន់គ្រប់ប្រភេទ រួមទាំងយន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកក្នុងទឹកដីកម្ពុជារាល់ថ្ងៃ ។ ប៉ុន្តែអាស៊ានបរាជ័យក្នុងការស្វែងរកដំណោះស្រាយជម្លោះរវាងកម្ពុជា-ថៃ បើទោះជាអាស៊ាន និងមហាអំណាចនានាមើលឃើញថា ថៃបង្កសង្គ្រាមឈ្លានពានកម្ពុជា ជាពិសេស ទម្លាក់គ្រាប់បែកបំផ្លាញហេដ្ឋារចនាសម្ព័ន្ធកម្ពុជាដោយយន្តហោះចម្បាំង F-16 មិនឈប់ឈរ ប៉ុន្តែអាស៊ាន និងមហាអំណាចនានាគ្មានចំណាត់ការអ្វី ក្រៅពីយល់ព្រមតាមសំណើរបស់ថៃចរចាត្រឹមទ្វេភាគី ៕