តារាចម្រៀង អាយរីស ត្រូវបានអ្នកលេងបណ្តាញសង្គមមួយចំនួនចង្អុលបង្ហាញថានាងបានចម្លងបទវៀតណាមដែលបានចេញកាលពីឆ្នាំ២០២៣។ បន្ទាប់ពីមានការជជែកវែកស្រាប់តែគេបានឃើញបទចម្រៀង អាយរីស ដែលបានចេញកាលពីពេលថ្មីនេះៗបាត់ចេញពីគ្រប់បណ្តាញសង្គមរបស់នាង។
កាលពីយប់ថ្ងៃទី១៧ ធ្នូ តារាចម្រៀង អាយរីស បានចេញបទចម្រៀងមួយបទមានចំណងជើងថា «កម្ពុជា ប្រទេសខ្ញុំ» ដោយភ្ជាប់មកជាមួយនឹង Sub Title ជាភាសាអង់គ្លេសនិងបានរៀបរាប់ខ្លឹមសារជាច្រើនពីប្រទេសកំណើត។ ក្នុងវីដេអូនេះគឺបានបង្ហាញពីប្រាសាទអង្គរវត្តនិងតំបន់ជាច្រើនទៀតយ៉ាងច្បាស់ត្រជាក់ភ្នែក ប្រកបដោយគុណភាពប្រណីត។.png)
តារាចម្រៀងចំណូលថ្មីរូបនេះបានរៀបរាប់ពីប្រទេសកម្ពុជាដែលជាទឹកដីដ៏អស្ចារ្យពោរពេញដោយវប្បធម៌ មានធនធានធម្មជាតិ សម្បូរទៅដោយតំបន់ទេសចរណ៍ជាច្រើនកន្លែង។ ក្នុងនោះក៏រៀបរាប់ពីប្រទេសកម្ពុជាដែលបានឆ្លងកាត់ឧបសគ្គជាច្រើនប៉ុន្តែមិនដែលចុះចាញ់នោះទេ ខណៈប្រជាជនសុំជួបតែសុខសន្តិភាព ចង់ឃើញស្នាមញញឹមជាតិជារៀងរហូត។ នៅពេលបទនេះចេញភ្លាមមានមនុស្សជាច្រើនបានកោតសរសើរ អាយរីស ដោយមិនត្រឹមតែនាងច្រៀងពីរោះប៉ុណ្ណោះទេប៉ុន្តែពោរពេញដោយអត្ថន័យដ៏ល្អ ខណៈវីដេអូចម្រៀងបានភ្ជាប់មកជាមួយនឹងប្រាសាទអង្គរវត្ត និងតំបន់ទេសចរណ៍ ព្រឹត្តិការណ៍សំខាន់ៗផ្សេងទៀត។
ទោះយ៉ាងណា នៅពេលបទនេះទទួលបានការចាប់អារម្មណ៍គួរឱ្យកត់សម្គាល់ ស្រាប់តែមានអ្នកចង្អុលបង្ហាញថាបទនេះគឺស្រដៀងខ្លាំងហាក់ដូចជាចម្លងពីបទវៀតណាមមួយបទដែលបានចេញកាលពីឆ្នាំ២០២៣។
ជាមួយនឹងការជជែកវែកញែកដែរថា ទំនុកច្រៀងនិងភ្លេងជាបទរបស់ប្រទេសវៀតណាម ទស្សនិកជនបានឃើញថា អាយរីស គឺបានលុបបទ «កម្ពុជា ប្រទេសខ្ញុំ» ចេញពីគ្រប់បណ្តាញសង្គមរបស់នាងទាំងអស់មិនថានៅលើហ្វេកប៊ុក ទិកតុក ឬ យូធូប នោះទេ។ ចំណែកឯមូលហេតុដែលនាងសម្រេចចិត្តលុបបទនេះចេញយ៉ាងណាគេពុំទាន់ដឹងច្បាស់នៅឡើយ។ ទំនុកច្រៀងនៃបទនេះគឺជាស្នាដៃផ្ទាល់របស់ អាយរីស។ នេះបើយោងទៅតាមការដាក់បង្ហាញនៅក្នុងបទចម្រៀងនេះ៕










