មានស្រុកកំណើតនៅខេត្តបន្ទាយមានជ័យតារាសម្តែង ខាត់ វៃហាំង បាននិងកំពុងប្រមូលមូលនិធិយ៉ាងស្វិតស្វាញនិងអត់ធ្មត់ដើម្បីជួយដល់ជនភៀសសឹកដែលកំពុងតែត្រូវការជំនួយយ៉ាងចាំបាច់បំផុត។ លើសពីនេះទៅទៀត ខាត់ វៃហាំង បានទម្លាយថាសមាជិកគ្រួសាររបស់លោកកំពុងតែភៀសសឹក។
រយៈពេលជាច្រើនថ្ងៃមកហើយដែលតារាសម្តែង ខាត់ វៃហាំង បានប្រកាសប្រមូលមូលធិនិនិងទទួលយកអំណោយផ្សេងៗពីសប្បុរសជន។ មិនត្រឹមតែប៉ុណ្ណោះតារាប្រុសរូបនេះ បានឈររៃអង្គាលថវិកាដើម្បីជួយជនរួមជាតិដែលកំពុងភៀសសឹកដោយសារតែការឈ្លានពានពីថៃ។ អ្វីដែលធ្វើឱ្យអ្នកមួយចំនួនទើបតែបានដឹងនាពេលថ្មីៗនេះនោះគេ សមាជិកគ្រួសាររបស់ ខាត់ វៃហាំង ក៏កំពុងភៀសសឹកផងដែរ។

កាលពីយប់ថ្ងៃទី១៥ ខែធ្នូ តារាសម្តែង ខាត់ វៃហាំង បានបង្ហោះនៅលើបណ្តាញសង្គមថា «អគុណបងប្អូន សុំក៏សុំហើយ ហើយក៏នៅតែ បន្តទទួលកំពុងធ្វើបន្តដែរ ខ្ញុំពិតជាចង់ឆាប់បានទៅជួយហើយជួបបងប្អូនជនភៀសសឹក និង ប៉ាម៉ាក់ខ្ញុំណាស់។ ពីមួយថ្ងៃទៅមួយថ្ងៃកាន់ជ្រៅទៅៗក្ដៅទៅៗ បងប្អូនក្រុមគ្រួសាររបស់ខ្ញុំនៅទីនោះទាំងអស់ដែរ កំពុងជាជនភៀសសឹក។ ខ្ញុំជាកូនអ្នកបន្ទាយមានជ័យម្នាក់ ទោះតិចច្រើនក៏មិនទៅដោយដៃទទេនោះ ទេ បារម្ភគ្រប់ពេល តែខ្ញុំកំពុងធ្វើកាតព្វកិច្ចរបស់ខ្ញុំដែលជាប្រជាជនខ្មែរ ឈាមខ្មែរ ម្នាក់ ពេលនេះមិនមែនប្រើពាក្យ (ខ្ញុំ) នោះទេ តែប្រើពាក្យ (ពួកយើង) ពួកយើងត្រូវសាមគ្គីរួបរួម ជួយគ្នាតាមបច្ចេកទេសរៀងៗខ្លួនសូមទោសដែលខ្ញុំនៅឆ្ងាយពីប៉ាម៉ាក់ ទុកពេលឱ្យយខ្ញុំបន្តិច»។
គួបញ្ជាក់ផងដែរថាគិតត្រឹមថ្ងៃទី១៦ ខែធ្នូ គឺមានរយៈពេល១០ថ្ងៃ ហើយដែលថៃបើកការឈ្លានពានមកលើទឹកដីកម្ពុជា ខណៈគិតត្រឹមម៉ោងជាង១២រសៀលថ្ងៃទី១៦ ខែធ្នូ មានជនភៀសសឹកមានចំនួន ១២៧ ៤៦៩ គ្រួសារស្មើនឹង ៤២៥ ៤៥៣ នាក់ ក្នុងនោះស្ត្រីចំនួន ២១៩ ០៥២ នាក់ និងកុមារចំនួន ១៣១ ២៧០ នាក់៕










