ពិធីការិនី ណា សាឌី ដែលមានឪពុកជាជនជាតិថៃនិងម្តាយជាជនជាតិខ្មែរបានបង្ហាញគោលជំហរយ៉ាងរឹងមាំនៅខាងកម្ពុជាដោយមិនខ្លាចប្រទេសចោរនោះទេខណៈប្រទេសទាំងពីរកំពុងមានភ្លើងសង្គ្រាម។ ចាប់តាំងពីមានជម្លោះព្រំដែនមក ណា សាឌី ជារឿយៗបានបញ្ចេញមសកម្មភាពអាណិតពលរដ្ឋកម្ពុជានិងបានជួយដល់ជនភៀសសឹក។

កាលពីយប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ ណា សាឌី ដែលជាពិធីការិនីប្រចាំស្ថានីយទូរទស្សន៍បាយ័នបានបង្ហោះវីដេអូដោយទឹកភ្នែកដែលត្រៀមចេញនាពេលឆាប់ៗ។ សាឌី បានដាក់ចំណងជើងថា «ខ្ញុំហ៊ានប្រឈមមុខ ខ្ញុំហ៊ាននិយាយពីមាតុភូមិខ្ញុំCambodia ខ្ញុំមិនខ្លាចប្រទេសចោរសៀមដាច់ខាត»។ ណា សាឌី បានលើកឡើងទៀតថា មានឈាមជ័រសៀមពាក់កណ្តាលតែកម្ពុជាជាមាតុភូមិរបស់នាងតែមួយគត់។

លើសពីនេះ ណា សាឌី បានបន្ថែមទៀតថា ប៉ានាងជាជនជាតិថៃរស់នៅខ្មែរជាង៣០ឆ្នាំហើយ ខណៈពេលនេះនាងបានធ្វើរឿងដែលល្អបំផុត រឿងដែលប៉ានាងចង់ឃើញ។ ណាសាឌី ថាប៉ារបស់នាងស្រលាញ់ខ្មែរណាស់ គាត់ដឹងគុណកម្ពុជា។ ណា សាឌី ក៏សង្ឃឹមថាប្រជាជនខ្មែរនឹងមិនរើសអើងប៉ារបស់នាង។
ក្នុងពេលដែលប្រទេសថៃឈ្លានពានកម្ពុជា ពិធីការិនី ណា សាឌី តែងតែបង្ហាញអារម្មណ៍ព្រួយបារម្ភពីសុខទុក្ខប្រជាពលរដ្ឋភៀសសឹកនិងកងទ័ពជួរមុខ។ លើសពីនេះទៅទៀត ណាសាឌី បានចូលរួមយ៉ាងក្លៀវក្លាក្នុងការរៀបសម្ភារៈជួយដល់ជនភៀសសឹក។ កាលពីសង្គ្រាមលើកមុន ណា សាឌី ក៏បានចូលរួមចុះទៅចែកអំណោយដល់ជនភៀសសឹកដូចគ្នា។
ជាមួយនឹងសកម្មភាពច្បាស់ៗរបស់ ណាសាឌី អ្នកលេងបណ្តាញសង្គមជាច្រើនបានបង្ហាញការយល់ចិត្តនិងគោរពការសម្រេចចិត្តរបស់នាងដែលមិនបានភ្លេចខ្លួនជាខ្មែរ ហើយហ៊ានបញ្ចេញសំឡេងរបស់ខ្លួន៕










