ប្រទេសថៃ ៖ កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ ទីប្រឹក្សាគណៈកម្មាធិការច្បាប់ យុត្តិធម៌ សិទ្ធិមនុស្ស និងជាអតីតបេក្ខជនគណបក្សផ្លាំងប្រាឆារ៉ាត់ លោក ស៊ុនធិយ៉ា សាវ៉ាត់ឌី បានមកស្ថានទូតអាមេរិកនៅតំបន់ប៉ាធុមវ៉ាន់ ទីក្រុងបាងកក ដើម្បីដាក់លិខិតទាមទារឱ្យប្រធានាធិបតីអាមេរិកសូមទោសថៃ ដែលនិយាយថា កងទ័ពថៃជាន់មីនជាច្រើនលើកនៅព្រំដែនជាឧបទ្ទវហេតុ ។ អ្នកនយោបាយរូបនេះក៏ទាមទារឱ្យប្រធានាធិបតីអាមេរិកបញ្ឈប់ជួយអន្តរាគមន៍ក្នុងសង្គ្រា.មឈ្លានពា.នកម្ពុជា និងកុំដាក់សម្ពាធថៃឱ្យឈប់វាយប្រ.ហារកម្ពុជាដោយដំឡើងពន្ធទំនិញ ប៉ុន្តែត្រូវស្ថានទូតអាមេរិកមិនអនុញ្ញាតឱ្យចូលទៅខាងក្នុង ។

អតីតបេក្ខជនគណបក្សផ្លាំងប្រាឆារ៉ាត់ លោក ស៊ុនធិយ៉ា បានយកលិខិតមកដាក់នៅស្ថានទូតអាមេរិក គឺក្រោយពីលោកប្រធាធិបតី Trump មានជំនួបតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីកម្ពុជា-ថៃនាពេលថ្មីៗនេះដើម្បីបញ្ចប់សង្គ្រា.ម បន្ទាប់មក លោកប្រធានាធិបតី Trump បានបង្ហោះសារក្នុងបណ្តាញសង្គម Truth Social ថា ៖ «គ្រាប់មីននៅតាមព្រំដែនដែលកងទ័ពថៃជាន់រងរបួសនោះ គឺជាឧបទ្ទវហេតុ ប៉ុន្តែប្រទេសថៃបានសងសឹកយ៉ាងខ្លាំងក្លាទៅលើប្រទេសកម្ពុជា» ។
បន្ទាប់ពីប្រធានាធិបតីអាមេរិកថ្លែងបែបនេះធ្វើឱ្យពលរដ្ឋថៃ រួមទាំងអ្នកនយោបាយមិនពេញចិត្តយ៉ាងខ្លាំង និងចោទប្រកាន់អាមេរិកលម្អៀងទៅខាងកម្ពុជា បើទោះជាកងទ័ពថៃបានព្យាយាមសម្តែងល្ខោនលេងល្បិចធ្វើជាជាន់មីនរងរបួសនៅព្រំដែនទម្លាក់កំហុសលើកម្ពុជាបង្កប់មីនថ្មីដើម្បីបំភ័ន្តភ្នែកពិភពលោក និងមហាអំណាចអាមេរិក ហើយយកលេសវាយប្រហារកម្ពុជាយ៉ាងចាស់ដៃ ។
លោក ស៊ុនធិយ៉ា បានចោទប្រកាន់កម្ពុជាបង្កប់មីនថ្មីធ្វើឱ្យកងទ័ពថៃរងរបួសម្តងហើយម្តងទៀត ទើបរដ្ឋាភិបាលថៃបើកដៃឱ្យកងទ័ពវាយប្រហារកម្ពុជាយ៉ាងធ្ងន់ធ្ងរ ។ ក្រោយដាក់លិខិតលើរបងមុខស្ថានទូតអាមេរិក លោក ស៊ុនធិយ៉ា ថាប្រធានាធិបតិអាមេរិកមិនទទួលខុសត្រូវចំពោះប្រទេសថៃដែលកងទ័ពរងរបួសដោយសារមីន ហេតុនេះ ទាមទារឱ្យប្រធានាធិបតីអាមេរិកសូមទោសពលរដ្ឋថៃ និងកងទ័ពថៃ ។
ក្រៅពីនេះ ក៏ទាមទារឱ្យប្រធានាធិបតីអាមេរិកឈប់អន្តរាគមន៍ក្នុងជម្លោះព្រំដែនជាមួយកម្ពុជា ពីព្រោះជាជម្លោះទ្វេភាគីដែលប្រទេសទាំងពីរត្រូវចរចា និងដោះស្រាយបញ្ហាជាមួយគ្នា ។ ដូចគ្នានេះ សំណូមពរទៅកាន់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim កុំជួយអន្តរាគមន៍ និងស្នើឱ្យម៉ាឡេស៊ីដោះស្រាយបញ្ហាព្រំដែនជាមួយថៃនៅខេត្តសុងក្លា ជាមុន ។ ក្រៅពីនេះ លោកចោទប្រកាន់កម្ពុជាមិនអនុញ្ញាតឱ្យពលរដ្ឋថៃ ចំនួន៧,០០០នាក់នៅប៉ោយប៉ែតត្រឡប់មកប្រទេសថៃវិញ ។

លោក ស៊ុនធិយ៉ា បន្តថា ទោះជាមន្ត្រីស្ថានទូតអាមេរិកមិនទទួលលិខិត ប៉ុន្តែពលរដ្ឋថៃទូទាំងប្រទេសមិនគាំទ្រពាក្យសម្តីរបស់ប្រធានាធិបតីអាមេរិកទេ ពីព្រោះធ្វើឱ្យប្រទេសថៃខូចខាត កងទ័ពថៃវាយប្រហារកម្ពុជាក្រោមហេតុផលការពារអធិបតេយ្យ ការពារកិត្តិយស និងសុវត្ថិភាព ។ ប៉ុន្តែប្រធានាធិបតីអាមេរិកបែរជានិយាយថា គ្រាប់មីននៅព្រំដែនដែលកងទ័ពថៃជាន់រងរបួសជាឧបទ្ទវហេតុ ប៉ុន្តែប្រទេសថៃបានសងសឹកយ៉ាងខ្លាំងក្លាទៅលើកម្ពុជា ។
កងទ័ពថៃបានវាយប្រហារកម្ពុជាយ៉ាងកំរោល និងសាហាវតាំងពីថ្ងៃទី៧ ខែធ្នូ បន្ទាប់ពីចោទប្រកាន់កម្ពុជាបង្កប់មីនថ្មី ទោះជាកម្ពុជាបញ្ជាក់ជាច្រើនលើកថា មិនបានបង្កប់មីនថ្មីទេ និងសំណូមពរឱ្យកងទ័ពថៃដើរល្បាតតែក្នុងទឹកដីរបស់ខ្លួន ។ លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់លើកឡើងថា សម្រាប់ពលរដ្ឋកម្ពុជានរណាៗក៏បានយល់ដឹងច្បាស់ថា បញ្ហាផ្ទុះគ្រាប់មីនគ្រាន់តែជាយុទ្ធសាស្ត្រ និងឧបាយកលរបស់ថៃក្នុងការប្រើកម្លាំងធ្វើសង្គ្រាមឈ្លានពាន និងកាន់កាប់បូរណភាពទឹកកម្ពុជាទាំងកំរោល និងសម្តែងជាតួអង្គគោរពច្បាប់អន្តរជាតិប៉ុណ្ណោះ ។
គួរបញ្ជាក់ថា ក្រសួងការពារជាតិកម្ពុជាបានច្រានចោលការចុះផ្សាយរបស់ព័ត៌មានថៃដែលចោទប្រកាន់កម្ពុជាថា «កម្ពុជាសម្រេចផ្អាកការធ្វើដំណើរឆ្លងកាត់ព្រំដែនដើម្បីឃាត់ ឬបង្ខាំងពលរដ្ឋថៃ និងជាការបំបិទសិទ្ធិសេរីភាពនៃការធ្វើដំណើរ ឬបំពានច្បាប់ និងអនុញ្ញាអន្តរជាតិ» ក្រសួងការពារជាតិកម្ពុជាបានបដិសេធចោលទាំងស្រុងចំពោះការចោទបប្រកាន់ និងផ្សាយព័ត៌មានក្លែងក្លាយ បំភ្លៃខុសការពិតរបស់ថៃ ។
រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចផ្អាកការធ្វើដំណើរចេញ-ចូលទាំងស្រុងនៅតាមច្រកទ្វារព្រំដែនគោក និងផ្លូវទឹកជាប់ព្រំដែនកម្ពុជាជាមួយថៃដែលកំពុងមានអរិភាពប៉ុណ្ណោះ ក្នុងគោលបំណងការពារអាយុជីវិត និងការរងរបួសរបស់ជនស៊ីវិលពីការបាញ់ប្រហារដោយមិនរើសអើងនៅតាមបណ្ដោយព្រំដែនពីសំណាក់យោធាថៃ ដោយមិនរាប់បញ្ចូលការធ្វើដំណើរតាមផ្លូវអាកាស និងច្រកទ្វារព្រំដែនដែលគ្មានភាពតានតឹង ឬតាមច្រកទ្វារព្រំដែនកម្ពុជាជាប់ជាមួយប្រទេសផ្សេងឡើយ ៕










