រាជធានីភ្នំពេញ៖ ទីបំផុតថែត្រូវតែគោរពបទឈប់បាញ់ឲ្យទាល់តែបាន! នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ប្រកាសថា កម្ពុជានិងថៃ នឹងត្រូវអនុវត្តបទឈប់បា.ញ់ ចាប់ពីវេលាម៉ោង១០យប់ថ្ងៃសៅរ៍ ទី១៣ ខែធ្នូនេះតទៅ ដោយហាមមិនឲ្យមានការចល័តកងទ័ព និងប្រយុទ្ធគ្នាបន្តទៀតជាធរមាន។ នេះបើយោងតាមការបញ្ជាក់របស់លោក អាន់វ៉ា អុីប្រាហុីម។
យោងតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក នៅរសៀលថ្ងៃទី១៣ ធ្នូនេះ លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានបង្ហាញពីការព្រួយបារម្ភយ៉ាងខ្លាំង របស់ម៉ាឡេស៊ីចំពោះស្ថានភាពជម្លោះព្រំដែនកម្ពុជា-ថៃនេះ ហើយបានជំរុញឱ្យភាគីទាំងពីរអនុវត្តការអត់ធ្មត់ជាអតិបរមា បញ្ឈប់រាល់ទម្រង់នៃអរិភាព និងជៀសវាងសកម្មភាពយោធាបន្ថែមទៀត រួមទាំងការប្រើប្រាស់កម្លាំង ឬចលនាឆ្ពោះទៅមុខ នៃអង្គភាពប្រដាប់អាវុធ ដែលមានប្រសិទ្ធិភាពចាប់ពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង២២:០០នាទីយប់តទៅ ។
បន្ថែមលើអ្វីដែលហៅថាបទឈប់បា.ញ់ ជាការគាំទ្រដល់ការបន្ធូរបន្ថយជម្លោះ និងលើកកម្ពស់តម្លាភាព លោក អាន់វ៉ា បានស្នើឱ្យដាក់ពង្រាយក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ដឹកនាំដោយប្រមុខកងកម្លាំងប្រដាប់អាវុធម៉ាឡេស៊ី ដើម្បីតាមដានស្ថានការណ៍វិវត្តន៍ ជាក់ស្ដែង។ បេសកកម្មនេះនឹងត្រូវបានធ្វើឡើងដោយការតាមដានតាមរយៈផ្កាយរណបដែលផ្ដល់ដោយរដ្ឋភិបាលសហរដ្ឋអាមេរិក ក្នុងពេលជាមួយគ្នា។
ដោយឡែកចំពោះលទ្ធផលអំពីការតាមដានតាមរយៈផ្កាយរណប និងការសង្កេតការណ៍ខាងលើនេះ នឹងត្រូវបានប្រមូលទិន្នន័យដោយ AOT ហើយត្រូវធ្វើបទបង្ហាញនៅឯកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាននៅថ្ងៃអង្គារ ទី១៦ ខែធ្នូ។ របាយការណ៍នឹងពន្យល់ពីស្ថានភាពជាក់ស្ដែង ក្នុងនោះរួមមានទាំងជំហររវាងភាគីទាំង២ ឈរលើផលប្រយោជន៍នៃការទទួលខុសត្រូវ ការកសាងទំនុកចិត្ត និងការថែរក្សាសន្តិភាព ក៏ដូចជាស្ថិរភាពក្នុងតំបន់។
ជាចុងក្រោយ លោក អាន់វ៉ា អុីប្រាហុីម បានបញ្ជាក់ថា លោកបញ្ជាក់ថា ម៉ាឡេស៊ីនៅតែប្តេជ្ញាធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូអាស៊ាន និងសហគមន៍អន្តរជាតិ ដើម្បីធានាថាការសន្ទនា ការអត់ធ្មត់ និងការទូតមានជោគជ័យ ៕










