ប្រទេសថៃ ៖ កាលពីយប់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ សង្គមថៃភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយពីលោក Anutin Charnvirakul នាយករដ្ឋមន្ត្រីថៃបង្ហោះសារក្នុងហ្វេសប៊ុកប្រកាសរំលាយសភាប្រគល់អំណាចឱ្យពលរដ្ឋបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី ទាំងដែលលោកពុំទាន់ដោះស្រាយបញ្ហាជាប់គាំងផ្សេងៗ ដូចជា ៖ វិបត្តិនយោបាយ ស្តារសេដ្ឋកិច្ច ស្តារទំនាក់ទំនងជាមួយបរទេស ជាពិសេស ពេលកងទ័ពថៃកំពុងវាយប្រ.ហារកម្ពុជាយ៉ាងធ្ងន់ធ្ងរ ។ ការរំលាយសភាបន្ទាប់ពីលោកដាក់ញតិ្តទៅព្រះមហាក្សត្រថៃ និងថា មូលហេតុដែលសម្រេចចិត្តរំលាយសភាយ៉ាងតក់ក្រហល់ ដោយសារការស្នើសុំពីប្រធានគណបក្សប្រជាជន ទើបធ្វើតាមសំណើ ពីព្រោះគណបក្សប្រជាជនជ្រើសរើសឱ្យកាន់តំណែង ។

នាវេលាម៉ោង១០និង៥០នាទីថ្ងៃទី១២ ខែធ្នូ នៅវិមានរដ្ឋាភិបាល លោក Anutin បាននិយាយមកកាន់សារព័ត៌មានថា លោកគ្រោងរំលាយសភាតាមពេលកំណត់ គឺនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ ប៉ុន្តែដោយសារប្រធានគណបក្សប្រជាជនដែលជាគណបក្សប្រឆាំង លោក Natthaphong Ruengpanyawut មិនឱ្យលោកកាន់តំណែងបន្តទៀត ទាំងដែលលោកក៏មិនបានអនុវត្តខុសគោលការណ៍របស់គណបក្សប្រជាជន ។ ហេតុនេះ លោកត្រូវតែគោរពតាមការការស្នើសុំរបស់គណបក្សប្រជាជន ពីព្រោះគណបក្សនេះបានជ្រើសរើសលោកឱ្យកាន់តំណែងរយៈពេល៤ខែ ។

លោក Anutin ថា ខ្លួនលោក និងគណបក្សភូមិចៃថៃអាចដឹកនាំរដ្ឋាភិបាលបាន ក៏ដោយសារគណបក្សប្រជាជនផ្តល់សំឡេងគាំទ្រ ប៉ុន្តែត្រឹមតែរយៈពេល៤ខែ ។ រដ្ឋាភិបាលគណបក្សភូមិចៃថៃព្យាយាមធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញរហូតមក ហើយកិច្ចព្រមព្រៀងរវាងគណបក្សប្រជាជននិងគណបក្សភូមិចៃថៃ (MOA) ត្រង់ចំណុចទី៤ និងទី៥ គឺគណបក្សភូមិចៃថៃបានអនុវត្តជានិច្ច ប៉ុន្តែការកែសម្រួលមាត្រា ២៥៦/២៨ ពាក់ព័ន្ធនឹងអំណាចព្រឹទ្ធសភាក្នុងការបោះឆ្នោតធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ គឺគណបក្សទាំងពីរមិនបានកត់ត្រាក្នុងកិច្ចព្រមព្រៀងទេ ។ បែរជាប្រធានគណបក្សប្រជាជន លោក Natthaphong និយាយក្នុងរដ្ឋសភាថា បើសមាជិកគណបក្សភូមិចៃថៃមិនបោះឆ្នោតតាមអ្វីដែលគណបក្សប្រជាជនត្រូវការទេនោះ គណបក្សប្រជាជននឹងឈប់គាំទ្រ និងស្នើឱ្យនាយករដ្ឋមន្ត្រីរំលាយសភា ។

លោក Anutin ថា ៖ «គណបក្សប្រជាជនបោះឆ្នោតគាំទ្រខ្ញុំធ្វើជានាយករដ្ឋមន្ត្រី ប៉ុន្តែពេលនេះនិយាយថា ឈប់គាំទ្រខ្ញុំ និងស្នើឱ្យរំលាយសភា ខ្ញុំក៏ព្រមធ្វើតាមសំណើតាមការព្រមព្រៀងគ្នា ដោយសារផ្តល់កិត្តិយសឱ្យគណបក្សប្រជាជន ។ ខ្ញុំត្រៀមរំលាយសភាតាំងពីថ្ងៃឡើងកាន់តំណែងដំបូងម៉្លេះ និងត្រូវព្រមទទួលស្គាល់រដ្ឋាភិបាលគណបក្សភូមិចៃថៃមានសំឡេងគាំទ្រតិច ចូលមកដឹកនាំប្រទេសដើម្បីដោះស្រាយបញ្ហារាំងស្ទះជាច្រើន ដូចជា ៖ ការចរចាពាណិជ្ជកម្ម បង្កើនទំនាក់ទំនងជាមួយអន្តរជាតិ និងដោះស្រាយជម្លោះព្រំដែន ។ ពេលគណបក្សប្រជាជនប្រាប់ឱ្យកាន់តំណែងត្រឹមនេះ ខ្ញុំក៏ប្រគល់អំណាចឱ្យពលរដ្ឋវិញ» ។

ប៉ុន្តែបើតាមអ្នកនយោបាយនានានៅថៃយល់ថា ការរំលាយសភាយ៉ាងតក់ក្រហល់បែបនេះ ដោយសារលោក Anutin ចង់រត់គេចពីបញ្ហាជាច្រើនដោះស្រាយមិនចេញ រួមមាន ៖ បិទបាំងចំនួនពលរដ្ឋភាគខាងត្បូងស្លាប់ដោយសារទឹកជំនន់, រៀបចំព្រឹត្តិការណ៍ស៊ីហ្គេមអន់បំផុតក្នុងប្រវត្តិសាស្ត្រ, មានទំនាក់ទំនងជិតស្និទ្ធជាមួយមេឧក្រិដ្ឋកម្មអនឡាញបរទេស, អសមត្ថភាពដឹកនាំប្រទេស និងគេចវេះមិនចរចាសន្តិភាពជាមួយកម្ពុជា បន្ទាប់ពីមានព័ត៌មានថា លោកប្រធានាធិបតី Trump នឹងទូរស័ព្ទមកឆាប់ៗឱ្យបកស្រាយពីមូលហេតុធ្វើសង្គ្រាមឈ្លានពានកម្ពុជា និងទាត់ចោលកិច្ចព្រមពៀងងសន្តិភាព ។

គួរបញ្ជាក់ថា ប្រធានគណបក្សប្រជាជន លោក Natthaphong បានដាស់តឿនលោក Anutin នាពេលថ្មីៗនេះថា ពុំគួរបដិសេធការចរចាសន្តិភាពជាមួយកម្ពុជាទេ ពីព្រោះគ្រប់សង្គ្រាមទាំងអស់សុទ្ធតែបញ្ចប់ដោយការចរចា ។ ការដាស់តឿននេះ បន្ទាប់ពីលោក Anutin បើកដៃឱ្យកងទ័ពបើកការវាយប្រ.ហារលើដែនអធិបតេយ្យស្របច្បាប់កម្ពុជាទាំងកំរោល និងសា.ហាវព្រៃ.ផ្សៃបំផុត ក្រោមហេតុផលការពារអធិបតេយ្យ និងសុវត្ថិភាពពលរដ្ឋ ។

លោក Natthaphong ថា មេដឹកនាំថៃមិនគួរបដិសេធការចរចា សូម្បីតែមេបញ្ជាការរងកងទ័ពភូមិភាគទី២ ក៏ធ្លាប់និយាយនាពេលកន្លងមកថា គ្មានសង្គ្រាមណាបញ្ចប់ដោយគ្មានការចរចាឡើយ រីឯការធ្វើសង្គ្រាម គឺដើម្បីដាក់សម្ពាធកម្ពុជាឱ្យព្រមទទួលយកលក្ខខណ្ឌរបស់ថៃ ។ ផ្ទុយទៅវិញ លោក Anutin បែរជាបដិសេធការចរចាសន្តិភាព ដែលធ្វើឱ្យប្រទេសថៃចាញ់ប្រៀប និងរងការស្តីបន្ទោសពីពិភពលោក ដោយសារបើកការវាយប្រហារកម្ពុជា ហើយលោក Anutin អនុវត្តខុសគោលការណ៍របស់គណបក្សប្រជាជន ៕