ដេត ស្រីនាឌ Miss Charm Cambodia 2025 បានប្រើប្រាស់សំឡេងរបស់ខ្លួនបញ្ជាក់ទៅកាន់មិត្តអន្តរជាតិមិនមែនជាបវរកញ្ញាប៉ុន្តែគឺជាប្រជាជនមួយរូបដោយបញ្ជាក់ថាថៃបានឈ្លានពានកម្ពុជាធ្វើឱ្យកុមារ ពលរដ្ឋជាច្រើនរងគ្រោះ។ ស្រីនាឌ កំពុងស្ថិតនៅប្រទេសវៀតណាមចូលរួមប្រកួតកម្មវិធីសម្រស់ដែលតំណាងឱ្យកម្ពុជា។
នាពេលនេះ ដេត ស្រីនាឌ លែងខ្វល់អ្នកណាមើលមកយ៉ាងមិចឬអាចនឹងត្រូវបានគណៈកម្មការដកពិន្ទុ បានចេញវីដេអូពីប្រទេសវៀតណាមដើម្បីបញ្ជាក់ពីស្ថានភាពបច្ចុប្បន្នរបស់ប្រទេសកម្ពុជាដែលកំពុងជួបសង្គ្រាមក្រោមការឈ្លានពានរបស់ថៃទៅកាន់មិត្តអន្តរជាតិ។ ការប្រើប្រាស់សំឡេងនេះ ស្រីនាឌ ថានាងមិនបាននិយាយក្នុងនាមជាបវរកញ្ញានោះទេប៉ុន្តែនាងនិយាយក្នុងនាមជាប្រជាជនមួយរូប។ Miss Charm Cambodia 2025 បានបញ្ជាក់ទៀតថាដ្បិតតែពេលនេះនាងកំពុងប្រកួតនៅលើឆាកអន្តរជាតិពិតមែនប៉ុន្តែមិនអាចឈរឱបដៃមើលស្ថានភាពកើតឡើងមកលើទឹកដីកំណើតនាងឡើយ។
វីដេអូជាង១នាទី ឆ្លៀតថតកំឡុងពេលប្រកួត ដេត ស្រីនាឌ បានរៀបរាប់ពីភាគីថៃវាយប្រហារមកលើកម្ពុជាតាំងពីថ្ងៃទី៧ ធ្នូ ដែលបណ្តាលឱ្យសិស្សានុសិស្សរងភាពភ័យខ្លាចរត់រកទីសុវត្ថិភាព ផ្ទះប្រជាពលរដ្ឋរងការខូចខាត មនុស្សចាស់រត់ភៀសសឹក មនុស្សមួយចំនួនបាត់បង់អាយុជីវិត ។ ស្រីនាឌ ក៏បានបញ្ជាក់ពីទង្វើអត្មានិយមរបស់ថៃបំផ្លាញប្រាសាទខ្មែរតាក្របី ព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក ទាត់ចោលកិច្ចព្រមព្រៀងដែលធ្វើឡើងនៅប្រទេសម៉ាឡេស៊ី ដែលមានប្រធានាធិបតីអាម៉េរិក ដូណាល់ត្រាំ និងនាយករដ្ឋមន្រ្តីម៉ាឡេស៊ីធ្វើសាក្សី។ 
Miss Charm Cambodia 2025 ថានាងពិតជាមិនយល់ទាល់តែសោះហេតុអ្វីបានជាប្រទេសថៃចង់ធ្វើសង្គ្រាម។ មុននឹងបញ្ចប់វីដេអូ ដេត ស្រីនាឌ បានបន់ស្រន់ឱ្យកងទ័ព ប្រជាជនកម្ពុជាសុវត្ថិភាព ហើយតស៊ូរឹងមាំទាំងអស់គ្នាក្នុងដំណាក់កាលនេះដោយប្រកាន់គោលជំហរថាកម្ពុជាត្រូវការសន្តិភាព។
គួរបញ្ជាក់ថា ការប្រកួតផ្តាច់ព្រ័ត្រ Miss Charm 2025 នឹងប្រព្រឹត្តទៅនៅថ្ងៃទី១២ ខែធ្នូនេះ។ ការប្រកួតនេះ ដេត ស្រីនាឌ ទទួលបាននូវការចាប់អារម្មណ៍គួរឱ្យកត់សម្គាល់ពីសាធារណជននិងអ្នកគាំទ្របរទេស ខណៈអ្នកគាំទ្រក្នុងស្រុករំពឹងថានាងនឹងបើកទ្វារកម្ពុជាចូល TOP នៅក្នុងការប្រកួតនេះ៕










