ពិតជាសម្រិតសម្រាំងយ៉ាងពិសេសមិនមែនជាការបង្កើតឡើងភ្លាមៗ! ការពិតបទ «TIKI TIKI» របស់តារាចម្រៀង រ៉េត ស៊ូហ្សាណា និង វណ្ណដា ដែលកំពុងតែមានប្រជាប្រិយភាពនេះគឺកើតឡើងតាំងពីពួកគេទៅសម្តែងនៅសហរដ្ឋអាម៉េរិកមកម្ល៉េះ។ នេះមានន័យថាទម្រាំនឹងចេញលទ្ធផលមួយនេះគឺចំណាយពេល១ឆ្នាំឯណោះ។ ជាមួយនឹងសមិទ្ធផលដែលមានការស្តាប់ខ្ទង់លាន ហ្សាណា ក៏បង្ហើបថានឹងមានអ្វីភ្ញាក់ផ្អើលបន្ថែមទៀតផងដែរ។

នៅយប់ថ្ងៃទី២៧ ខែសីហា រ៉េត ស៊ូហ្សាណា បានបង្ហោះវីដេអូមួយដែលបង្ហាញពីសកម្មភាពនៃការបង្កើតបទចម្រៀង «TIKI TIKI» ដែលបញ្ជាក់ថាទម្រាំនឹងចេញលទ្ធផលនៃបទនេះគឺបានឆ្លងកាត់ដំណាក់កាលជាច្រើន។ ហ្សាណា បានភ្ជាប់មកជាមួយនឹងសំណេរថា «ពីការបង្កើតបទចម្រៀង និងគំនិតផ្សេងៗ រហូតដល់ការនាំ TiKi TiKi ឱ្យកើតមានឡើងនៅ studio EMPIRE —Project មួយនេះ គឺជាដំណើរដ៏ពិសេសមួយសម្រាប់ខ្ញុំ»។
.png)
ការទម្លាយពីសំណាក រ៉េត ស៊ូហ្សាណា ខាងលើនេះបានធ្វើឱ្យអ្នកគាំទ្រស្ងើចសរសើរពីសមត្ថភាពរបស់នាងនិងក្រុមការងារយ៉ាងខ្លាំងពីព្រោះមួយបទនេះបានសម្រិតសម្រាំងខ្លាំងនិងបានថតសំឡេងនៅបន្ទប់ស្ទូឌីយូនៅឯសហរដ្ឋអាម៉េរិក។ ដំណើរការថតនេះក៏បានបន្តមកដល់ស្រុកខ្មែរខណៈ វណ្ណដា បានយកសំឡេងពិតៗពីការចាក់ Whisky ផ្ទាល់តែម្តង។
គួរឱ្យដឹងថាការទៅដល់ស្ទូឌីយូ EMPIRE របស់ រ៉េត ស៊ូហ្សាណា គឺក្នុងពេលដែលនាងនិងសិល្បកររួមទ្រនំបានចេញទៅសម្តែងនៅសហរដ្ឋអាម៉េរិកកាលពីខែកក្កដា ឆ្នាំ២០២៥ ដែលរៀបចំដោយ Sabaidee Fest ។

ចេញផ្សាយនៅយប់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ វីដេអូចម្រៀង «TIKI TIKI» របស់ រ៉េត ស៊ូហ្សាណា និង វណ្ណដា មានការស្តាប់១.៤លានដងគិតត្រឹមព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦។ ក្នុងពេលដែលទទួលបានការទស្សនាចំនួន១លានដងកាលពីរសៀលថ្ងៃទី២៦ សីហា រ៉េត ស៊ូហ្សាណា ក៏បានបង្ហើបនៅលើគណនីផ្ទាល់ខ្លួនថានឹងមានអ្វីភ្ញាក់ផ្អើលបន្ថែមទៀត៕










