ប្រទេសថៃ ៖ ទំនងបែបទ្រោមខ្លួនខ្លាំងនៃការចាញ់សង្គ្រា.ម បន្ទាប់ពីកងទ័ពកម្ពុជាវាយតបតវិញចំគោលដៅធ្វើឱ្យកងទ័ពថៃស្លា.ប់ និងរងរបួសជាច្រើននាក់ ទើបសារព័ត៌មាននានានៅប្រទេសថៃចុះផ្សាយព័ត៌មានក្លែងក្លាយ និងព័ត៌មានប្រឌិតថា កម្ពុជាប្រើប្រាស់ទាហានស៊ីឈ្នួលបរទេសមកជួយបង្ហោះដ្រូនអត្ត.ឃា.តនៅតំបន់ព្រំដែន ។
នៅព្រឹកថ្ងៃទី១១ ខែធ្នូ ហ្វេសប៊ុកផេក Army Military Force និងសារព័ត៌មាន Thai Tribune បានចុះផ្សាយព័ត៌មានចោទប្រកាន់ និងភូតកុហកថា ៖ «កម្ពុជាបានបញ្ជូនទាហានស៊ីឈ្នួលបរទេសមកកាន់តំបន់ព្រំដែន ដើម្បីជួយបង្ហោះដ្រូនអត្តឃាតជាមួយទាហានកម្ពុជា ដូចកាលពីពេលប៉ះទង្គិចគ្នាលើកដំបូង» ។
បន្ទាប់ពីហ្វេសប៊ុកផេក Army Military Force និងសារព័ត៌មាន Thai Tribune ផ្សព្វផ្សាយព័ត៌មានភូតកុហក និងលាបពណ៌មកលើកម្ពុជា ប្រធានមូលនិធិការពារទឹកដីនៅប្រទេសថៃ លោក ប៉ាន់ថេប ផួផុងផាន់ ក៏បានបង្ហោះព័ត៌មានក្លែងក្លាយនេះដែរ ដោយសរសេរភូតកុហកក្នុងហ្វេសប៊ុកថា ៖ «ចូរប្រុងប្រយ័ត្ន! ដ្រូនរបស់កម្ពុជាមានទាហានស៊ីឈ្នួលបរទេសមកជួយបង្ហោះ» ។
សារព័ត៌មាន Thai Tribune, ហ្វេសប៊ុកផេក Army Military Force និងប្រធានមូលនិធិការពារទឹកដីនៅប្រទេសថៃ ព្រួតគ្នាផ្សព្វផ្សាយព័ត៌មានភូតកុហក ព័ត៌មានប្រឌិត លាបពណ៌ ចោទប្រកាន់កម្ពុជា ដើម្បីបិទបាំងទង្វើឈ្លានពានយ៉ាងសាហាវព្រៃផ្សៃរបស់កងទ័ពថៃ ។ បន្ទាប់មក នៅថ្ងៃទី១១ ខែធ្នូ សារព័ត៌មាន Amarin News ក៏យកព័ត៌មានលាបពណ៌នេះទៅផ្សព្វផ្សាយបន្ត និងត្រូវបានពលរដ្ឋថៃចែកចាយយ៉ាងច្រើន ។
គួរបញ្ជាក់ថា នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងការពារជាតិកម្ពុជាបានច្រានចោលការផ្សព្វផ្សាយរបស់សារព័ត៌មាន Thai Tribune និងហ្វេសប៊ុកផេក Army Military Force ដែលបានចោទប្រកាន់ថា កម្ពុជាប្រើប្រាស់ទាហានស៊ីឈ្នួលបរទេសមកជួយបង្ហោះដ្រូនអត្ត.ឃា.តក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ។
ក្រសួងការពារជាតិកម្ពុជាបានទាត់ចោលនូវខ្លឹមសារដែលចុះផ្សាយក្នុងសារព័ត៌មានថៃខាងលើនេះ និងអះអាងថា គឺជាព័ត៌មានភូតកុហុក ជាព័ត៌មានប្រឌិត ក្លែងក្លាយ និងលាបពណ៌មកលើកម្ពុជាតែប៉ុណ្ណោះ ។ កម្ពុជាទាមទារឱ្យភាគីថៃបញ្ឈប់រាល់ការផ្សព្វផ្សាយព័ត៌មានមិនពិតដោយចេតនាក្នុងគោលដៅបង្វែរការចាប់អារម្មណ៍អំពីការរំលោភបំពានច្បាប់អន្តរជាតិរបស់ខ្លួន ដោយលាបពណ៌កម្ពុជាដើម្បីយកលេសប្រើប្រាស់អាវុធកាន់តែសាហាវមកលើកម្ពុជា ។
ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយរបស់ថៃ គឺប្រាសចាកពីការពិតទាំងស្រុងក្នុងចេតនាមូលបង្កាច់ លាបពណ៌ប្រទេសកម្ពុជា ដើម្បីបំភ័ន្តមតិសារព័ត៌មានជាតិ និងអន្តរជាតិ ព្រមទាំងបិទបាំងចេតនាការឈ្លានពានរបស់ថៃមកលើអធិបតេយ្យភាពស្របច្បាប់របស់កម្ពុជា និងបង្កការញុះញង់ ៕










