ប្រទេសថៃ ៖ រហូតមកដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ កងទ័ពថៃនៅតែវាយប្រ.ហារចូលដែនអធិបតេយ្យកម្ពុជាមិនឈប់ឈរ ដោយមិនខ្វល់ពីការរំលោ.ភច្បាប់អន្តរជាតិ មិនចាប់អារម្មណ៍ការអំពាវនាវរបស់ប្រទេសនានាឱ្យបញ្ចប់សង្គ្រា.មឡើយ ។ មេដឹកនាំថៃប្រកាន់ជំហររឹងរូសមិនឱ្យកងទ័ពដកថយជាដាច់ខាត ក្នុងគោលបំណងឈ្លានពា.នដណ្តើមទឹកដីកម្ពុជាទាំងកំរោល និងសា.ហាវព្រៃ.ផ្សៃបំផុត ។ ជាក់ស្តែង កងទ័ពបូព៌ាថៃបានអនុវត្តច្បាប់អាជ្ញាសឹកកំណត់ពេលវេលាហាមពលរដ្ឋនៅព្រំដែនខេត្តស្រះកែវចេញពីលំនៅឋាន ដើម្បីងាយស្រួលវាយប្រ.ហារកម្ពុជាតាមផែនការគ្រោងទុក ។

សារព័ត៌មាន Thairath រាយការណ៍ថា កាលពីថ្ងៃទី១០ ខែធ្នូ កងទ័ពបូព៌ាថៃ (ឬកងកម្លាំងបូរ៉ាផា) បានចេញសេចក្តីប្រកាសប្រើប្រាស់ច្បាប់អាជ្ញាសឹកកំណត់ពេលហាមពលរដ្ឋចំនួន៤ស្រុកក្នុងខេត្តស្រះកែវចេញពីលំនៅឋានជាដាច់ខាត ចាប់ពីម៉ោង៧យប់ រហូតដល់ម៉ោង៥ភ្លឺ ដោយអនុវត្តចាប់ពីថ្ងៃទី១០ ខែធ្នូ តទៅ រហូតដល់មានការជូនដំណឹងជាថ្មី ។ ការអនុវត្តច្បាប់អាជ្ញាសឹកនេះ បន្ទាប់ពីកងទ័ពថៃសម្រុកវាយប្រ.ហារកម្ពុជាមិនបង្អង់ដៃ ថែមទាំងពង្រីកសមរភូមិប្រយុទ្ធស្ទើរតែគ្រប់បណ្តោយព្រំដែន ដោយប្រើប្រាស់សព្វាវុធធុនធ្ងន់គ្រប់ប្រភេទ រួមទាំងយន្តហោះចម្បាំង F-16 និង Gripen ។

មេបញ្ជាការកងទ័ពបូព៌ាថៃ លោក ដេឆាវង្ស អយុថាយ៉ា បានចុះហត្ថលេខាលើសេចក្តីប្រកាសច្បាប់អាជ្ញាសឹកកាលពីថ្ងៃទី១០ ខែធ្នូ ដែលមានខ្លឹមសារថា ពលរដ្ឋចំនួន៤ស្រុកក្នុងខេត្តស្រះកែវ (ជាប់ខេត្តបន្ទាយមានជ័យ) ហាមចេញពីលំនៅឋានចាប់ពីម៉ោង៧យប់ រហូតដល់ម៉ោង៥ភ្លឺ ដោយអនុវត្តចាប់ពីថ្ងៃទី១០ ខែធ្នូ ដើម្បីសុវត្ថិភាព សន្តិសុខ និងចៀសផុតការគំរាមកំហែងពីប្រទេសជិតខាង ។ ការអនុវត្តចច្បាប់អាជ្ញាសឹកនេះក្នុងគោលបំណងការពារអធិបតេយ្យ អាយុជីវិត និងទ្រព្យសម្បត្តិរបស់ពលរដ្ឋ ។

ខាងក្រោមនេះជាខ្លឹមសារក្នុងសេចក្តីប្រកាសអនុវត្តច្បាប់អាជ្ញាសឹករបស់កងទ័ពបូព៌ាថៃ ៖

១-ហាមចេញពីលំនៅឋានតាមពេលវេលាកំណត់ ចាប់ពីម៉ោង៧យប់ រហូតដល់ម៉ោង៥ភ្លឺ សម្រាប់ពលរដ្ឋនៅស្រុកចំនួន៤ក្នុងខេត្តស្រះកែវ ជាប់ព្រំដែនកម្ពុជា រួមមាន ៖ ស្រុកតាប្រាយ៉ា, ខូកស៊ូង, អារញ្ញប្រាថេត និងឃ្លងហាត ។
២-ចាត់វិធានការតាមច្បាប់អាជ្ញាសឹកយ៉ាងតឹងរ៉ឹងដើម្បីគ្រប់គ្រងតំបន់ គ្រប់គ្រងពលរដ្ឋ ត្រួតពិនិត្យតំបន់គ្រោះថ្នាក់ និងអសន្តិសុខ ។
៣-សេចក្តីប្រកាសនេះអនុវត្តចាប់ពីថ្ងៃចុះហត្ថលេខា គឺចាប់ពីថ្ងៃទី១០ ខែធ្នូ រហូតដល់មានការជូនដំណឹងជាថ្មី ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១០ ខែធ្នូ មន្ត្រីច្រកព្រំដែនខេត្តស្រះកែវបានបើកទ្វារព្រំដែនឱ្យពលករខ្មែរជាច្រើននាក់ដែលធ្វើការនៅផ្សាររុងក្លឿ និងពលករមកពីបណ្តាខេត្តផ្សេងទៀតត្រឡប់មកប្រទេសកម្ពុជាវិញ តាំងពីពេលល្ងាចរហូតដល់ព្រលប់ បន្ទាប់ពីស្ថានការណ៍នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃតានតឹងខ្លាំង ។

ភាគីថៃនៅតែបន្តរំលោភបំពានលើបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃ ដែលភាគីទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ គឺភាគីថៃបន្តធ្វើសកម្មភាពឈ្លានពានប្រដាប់អាវុធជាថ្មីមកលើបូរណភាពទឹកដីរបស់កម្ពុជា ដោយការប្រើប្រាស់កម្លាំងយោធារហូតមកដល់ព្រឹកថ្ងៃទី១១ ខែធ្នូ ។ ការប្រើប្រាស់សព្វាវុធធុនធ្ងន់គ្រប់ប្រភេទរបស់ថៃ និងការដាក់ពង្រាយកងទ័ពដ៏ច្រើនលើសលប់ដើម្បីទន្ទ្រានយកទឹកដីកម្ពុជា គឺជាការរំលោភយ៉ាងច្បាស់ក្រឡែតចំពោះធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងគោលការណ៍មូលដ្ឋាននៃច្បាប់អន្តរជាតិ ។

កម្ពុជាសូមអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ចំពោះការរំលោភបំពានសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃ និងសកម្មភាពឧក្រិដ្ឋកម្មសង្គ្រាមខុសច្បាប់របស់ថៃម្តងហើយម្តងទៀត ដោយទាមទារឱ្យថៃទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភបំពានដ៏កំរោលនេះ ។ កម្ពុជាអំពាវនាវឱ្យថៃបញ្ឈប់រាល់អរិភាពជាបន្ទាន់ ដោយដកកម្លាំងចេញពីដែនអធិបតេយ្យកម្ពុជា និងចៀសវាងសកម្មភាពឈ្លានពាន ដែលគំរាមកំហែងសន្តិភាព និងស្ថិរភាពក្នុងតំបន់ ។ ទន្ទឹមនឹងនេះ កម្ពុជាអំពាវនាវឱ្យភាគីថៃងាកមកគោរពកិច្ចព្រមព្រៀមបទឈប់បាញ់ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព និងកាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់អន្តរជាតិឱ្យបានម៉ឺងម៉ាត់ ស្មោះត្រង់ និងដោយសុច្ឆន្ទៈពិតប្រាកដ ៕