ស្របពេលស្ថានភាពតានតឹងនៅតាមបន្ទាត់ព្រំដែនសិល្បករមួយចំនួនបានសម្រេចចិត្តផ្អាកការងារជាបណ្តោះអាសន្ន ប៉ុន្តែសម្រាប់តារាចម្រៀង ទេព ពិសិដ្ឋ បានប្រកាសថាលោកនឹងបន្តទទួលការងារជាធម្មតាដើម្បីរកប្រាក់ចំណូលជួយគ្រួសារនិងសង្គមជាតិ។ ការសម្រេចចិត្តរបស់តារាចម្រៀងរូបនេះមានមតិភាគច្រើនគាំទ្រ។ មិនត្រឹមតែ ទេព ពិសិដ្ឋ ប៉ុណ្ណោះទេដែលបន្តសកម្មភាពការងារសិល្បករមួយចំនួនទៀតក៏បន្តទទួលការងារដដែល។
.png)
នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ តារាចម្រៀង ទេព ពិសិដ្ឋ បានប្រកាសនៅលើបណ្តាញសង្គមហ្វេកប៊ុកថា «ខ្ញុំគិតថាខ្ញុំមិនអាចផ្អាកការងារបានទេ ខ្ញុំបាទ ទេព ពិសិដ្ឋ នៅតែបន្តទទួលការងារជាធម្មតា ហើយនេះក៏ជាផ្លូវតែមួយគត់ដែលអាចឱ្យខ្ញុំមានឱកាសរកចំណូលបន្ថែមក្នុងការចូលរួមជួយគ្រួសារ និង ជាតិ»។ សំណេររបស់ម្ចាស់បទ «យប់ស្ងាត់» មានមនុស្សជាច្រើនយល់ស្របនូវការលើកឡើងនេះ។ 
គណនីបណ្តាញសង្គមមួយបានបញ្ចេញមតិដែរថា «មានអ្នកជួយ មានអ្នករកលុយ មានអ្នកចេញកំលាំង នេះជាវិធីសាស្ត្រល្អមួយ»។ អ្នកគាំទ្រផ្សេងទៀតបានផ្តល់យោបល់ដល់ ទេព ពិសិដ្ឋ ឱ្យបន្តសកម្មភាពដដែលប៉ុន្តែកាត់បន្ថយការបង្ហោះនៅលើបណ្តាញសង្គមព្រោះអាចមានអ្នកខ្លះបញ្ចេញមតិរិះគន់។ ជាមួយនឹងការប្រកាសទទួលការងារជាធម្មតា ទេព ពិសិដ្ឋ គឺតែងតែជួយស្បៀងដល់ជនភៀសសឹកមិនថាការផ្ទុះសង្គ្រាមលើកនេះឬលើកមុនឡើយ។
មិនត្រឹមតែ ទេព ពិសិដ្ឋ ប៉ុណ្ណោះដែលនៅតែទទួលការងារជាធម្មតាតារាចម្រៀងរ៉េប ហ្សេដេស NPN ក៏ប្រកាសទទួលការងារដូចគ្នា៕










