ប្រទេសថៃ ៖ បន្ទាប់ពីមេដឹកនាំថៃបើកដៃឱ្យកងទ័ពបើកការវាយប្រ.ហារលើដែនអធិបតេយ្យកម្ពុជាទាំងកំរោលយ៉ាងសា.ហាវព្រៃ.ផ្សៃបំផុត ក្រោមហេតុផលការពារអធិបតេយ្យ និងសុវត្ថិភាពពលរដ្ឋ បានធ្វើឱ្យសង្គមថៃ ជាពិសេស អ្នកវិភាគ និងអ្នកនយោបាយនានាចេញមករិះគ.ន់រដ្ឋាភិបាលថៃជាបន្តបន្ទាប់ ដែលបង្កសង្គ្រា.មជាថ្មីធ្វើឱ្យកូនទាហានតូចតាចស្លា.ប់ រងរបួស និងពលរដ្ឋតាមព្រំដែនរស់នៅលំបាកវេទនា ។ សង្គមថៃចាត់ទុកសង្គ្រាមលើកនេះគ្រាន់តែជាកូនអុកនយោបាយ និងបង្វែរស្ថានការណ៍ទាក់ទងនឹងការបិទបាំងភាពអាម៉ាស់ និងបណ្តុះគំនិតជាតិនិយមជ្រុល ។
កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul ធ្លោយមាត់និយាយការពិតថា រដ្ឋាភិបាលថៃបានរៀបចំផែនការសម្ងាត់ជាមួយកងទ័ពដើម្បីទម្លាក់កំហុសលើកម្ពុជា និងយកលេសបើកការវាយប្រហារពេលឱកាសល្អមកដល់ ។ ទោះជាប្រទេសនានា រួមទាំងមហាអំណាចអាមេរិកអំពាវនាវឱ្យបញ្ឈប់សង្គ្រាមឈ្លានពានក៏ដោយ ក៏ថៃមិនបញ្ឈប់ដែរ កងទ័ពត្រូវតែប្រតិបត្តិតាមផែនការគ្រោងទុក គឺកំទេចគោលដៅនានារហូតដល់កម្ពុជាចុះចាញ់យល់ព្រមអនុវត្តតាមលក្ខខណ្ឌរបស់ថៃ ប្រសិនបើថៃបញ្ឈប់សង្គ្រាម មានន័យថា ថៃចាញ់ ។
ការបង្កសង្គ្រាមលើកនេះរងការរិះគន់ពីសង្គមថៃជាបន្តបន្ទាប់ថា ដោយសារលោក Anutin ចង់រកសំឡេងឆ្នោតកាន់តំណែងបន្តទៀត បន្ទាប់ពីមានរឿងអាម៉ាស់ជាច្រើន និងអសមត្ថភាពដោះស្រាយទឹកជំនន់បណ្តាលឱ្យពលរដ្ឋភាគខាងត្បូងស្លាប់រហូតដល់ជាង១,០០០នាក់ និងលាក់បាំងព័ត៌មាន ។ ហេតុអ្វីរដ្ឋាភិបាលចាំបាច់បង្កសង្គ្រាម លាក់បាំងព័ត៌មានបែបនេះ បច្ចុប្បន្ន បច្ចេកវិទ្យាទំនើបដល់កម្រិតណាហើយ និងសំណូមពរឱ្យរដ្ឋាភិបាលបញ្ឈប់ការរកសំឡេងឆ្នោតដោយលះបង់ជីវិតកូនទាហានក្នុងសង្គ្រាម ។
កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ លោក Natthaphong Ruengpanyawut ប្រធានគណបក្សប្រជាជនដែលជាគណបក្សប្រឆាំង ជ្រើសយកលោក Anutin ជានាយករដ្ឋមន្ត្រី បានចេញមករិះគន់គោលជំហរបស់លោក Anutin បដិសេធការចរចាកំពុងបង្កគ្រោះថ្នា.ក់យ៉ាងខ្លាំងដល់ប្រទេសថៃ ពីព្រោះលោក Anutin និយាយថា នឹងគ្មានការចរចាសន្តិភាពជាមួយកម្ពុជាទៀតទេ ។ ប្រធានគណបក្សប្រជាជនថា មេដឹកនាំថៃមិនគួរបដិសេធការចរចាបែបនេះ សូម្បីមេបញ្ជាការរងកងទ័ពភូមិភាគទី២ ក៏ធ្លាប់និយាយកន្លងមកថា គ្មានសង្គ្រាមណាបញ្ចប់ដោយគ្មានការចរចាឡើយ រីឯការធ្វើសង្គ្រាម គឺដើម្បីដាក់សម្ពាធកម្ពុជាឱ្យព្រមទទួលយកលក្ខខណ្ឌរបស់ថៃ ។
ផ្ទុយទៅវិញ លោក Anutin បែរជាបដិសេធការចរចាសន្តិភាព ដែលធ្វើឱ្យប្រទេសថៃចាញ់ប្រៀប និងរងការស្តីបន្ទោសពីពិភពលោក ដោយសារថៃបើកការវាយប្រហារឈ្លានពានកម្ពុជា ។ ក្រៅពីនេះ ប្រធានគណបក្សប្រជាជនណែនាំថា ក្នុងអំឡុងពេលថៃកំពុងវាយប្រហារកម្ពុជា រដ្ឋាភិបាលត្រូវគិតជានិច្ចថា ការធ្វើសង្គ្រាមនេះដើម្បីការពារខ្លួនឯង និងចោទប្រកាន់កម្ពុជាមិនគោរពកិច្ចព្រមសន្តិភាពទីក្រុងគូឡាឡាំពួរ ព្រមទាំងផ្តោតលើការងាររបស់ក្រុមសង្កេតការណ៍អាស៊ាន (AOT) ឱ្យត្រួតពិនិត្យភាគីណាល្មើសកិច្ចព្រមព្រៀងសន្តិភាពដែលពិភពលោកទទួលស្គាល់ ។
គួរបញ្ជាក់ថា ក្រុមជ្រុលនិយមដែលញុះញង់ឱ្យវាយប្រហារកម្ពុជា គាំទ្រលោក Anutin ដែលបង្កសង្គ្រាម និងមិនគាំទ្រការលើកឡើងរបស់ប្រធានគណបក្សប្រជាជនដែលជំរុញឱ្យរដ្ឋាភិបាលថៃងាកមកចរចារកសន្តិភាព ។ ក្រុមជ្រុលនិយមថា ប្រធានគណបក្សប្រជាជនមិនគួរណែនាំឱ្យរដ្ឋាភិបាលចរចាសន្តិភាពពេលនេះ និងមិនគួរបន្ទោសលោក Anutin បដិសេធការចរចា ។
បច្ចុប្បន្ន ថៃប្រឈមនឹងបញ្ហាសេដ្ឋកិច្ចធ្លាក់ចុះខ្លាំង ជាពិសេស ការបង្កសង្គ្រាមជាមួយកម្ពុជាម្តងទៀតនឹងប៉ះពាល់ដល់ការនាំចេញរបស់ថៃទៅកាន់អាមេរិក ដែលការនាំចេញកន្លងមកស្មើប្រមាណ២០% នៃទំហំការនាំចេញសរុបរបស់ថៃ ។ លើសពីនេះ នឹងប៉ះពាល់ដល់វិស័យទេសចរណ៍ផងដែរ បើមេដឹកនាំថៃនៅតែរឹងរូងមិនព្រមចរចា មិនស្តាប់តាមការណែនាំរបស់ប្រទេសនានា ។
យោងតាមក្រសួងការពារជាតិកម្ពុជា នាវេលាម៉ោង១៤និង២២នាទី កងទ័ពថៃបានបាញ់ផ្សែងពុលក្នុងភូមិសាស្ត្រឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ គឺជាភូមិស្រុករបស់ប្រជាជនស៊ីវិលរស់នៅ ដែលនេះជាការវាយប្រហារដ៏កំរោល មិនរើសគោលដៅរបស់កងទ័ពថៃ ជាការរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិ ។ ក្រសួងការពារជាតិអំពាវនាវឱ្យចូលរួមរក្សាសុវត្ថិភាពកងកម្លាំងរបស់យើង ក៏ដូចជារក្សាការសម្ងាត់យោធា សូមបញ្ឈប់ការផ្សព្វផ្សាយជាបន្ទាន់នូវរាល់ព័ត៌មាន, វីដេអូ ឬរូបភាព ដែលបង្ហាញពីសកម្មភាពប្រតិបត្តិការយោធា, ផែនទី, បង្ហាញពីការចល័ត ឬដាក់ពង្រាយកងទ័ព, ទីតាំងឈរជើង, លេណដ្ឋាន (ត្រង់សេ), ជំរំជម្រក, ការចល័តសព្វាវុធ, ផ្លូវផ្គត់ផ្គង់សម្ភារបរិក្ខារ ឬស្បៀងអាហាររបស់កងទ័ព តាមគ្រប់បណ្តាញទំនាក់ទំនងសង្គម ដូចជា Facebook, TikTok, Youtube ឬប្រព័ន្ធផ្សព្វផ្សាយផ្សេងៗជាដាច់ខាត ៕










