ប្រទេសម៉ាឡេស៊ី ៖ ប្រទេសនានាលើពិភពលោក ដូចជា ៖ ម៉ាឡេស៊ី ជប៉ុន អាមេរិក ចិន វៀតណាម និងអង្គការសហប្រជាជាតិ បានបង្ហាញក្តីបារម្ភយ៉ាងខ្លាំងចំពោះការប៉ះទង្គិចដោយអាវុ.ធនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងអំពាវនាវឱ្យភាគីថៃបញ្ឈប់ការវាយប្រ.ហារឈ្លានពា.នកម្ពុជាជាបន្ទាន់ ដោយងាកមកគោរពកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ ។ ម៉ាឡេស៊ីបានអំពាវនាវម្តងហើយម្តងទៀតឱ្យថៃងាកមកចរចាស្វែងរកសន្តិភាពក្នុងតំបន់ បន្ទាប់ពីកងទ័ពថៃសម្រុកវាយចូលដែនអធិបតេយ្យកម្ពុជា ខណៈកម្ពុជាប្រើប្រាស់សិទ្ធិការពារទឹកដី ។

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បានបង្ហោះសារក្នុងហ្វេសប៊ុកនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ថា លោកបានទូរស័ព្ទជជែកជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul ដើម្បីបញ្ចប់សង្គ្រា.មលើកនេះ ។ ភាគីទាំងពីរមានឆន្ទៈបើកចំហរសម្រាប់ការចរចាដើម្បីកាត់បន្ថយស្ថានការណ៍តានតឹង ប៉ុន្តែជំនួបនេះមិនទាន់ទទួលបានលទ្ធផលអ្វីទេ ។

លោក Ibrahim បានបង្ហោះសារក្នុងហ្វេសប៊ុកថា ៖ «ខ្ញុំបានទូរស័ព្ទជជែកជាមួយមេដឹកនាំកម្ពុជា-ថៃកាលពីថ្ងៃទី៩ ខែធ្នូ កន្លងមក ពាក់ព័ន្ធនឹងស្ថានការណ៍ការប៉ះទង្គិចដោយអាវុធជាថ្មីម្តងទៀតរវាងប្រទេសទាំងពីរ ។ ខ្ញុំអរគុណដែលមេដឹកនាំកម្ពុជា-ថៃមានឆន្ទៈបើកចំហរសម្រាប់ការចរចា និងរីករាយក្នុងការគាំទ្រឱ្យភាគីទាំងពីរចរចាគ្នាដើម្បីកាត់បន្ថយស្ថានការណ៍តានតឹង ចៀសវាងការយល់ខុសអាចធ្វើឱ្យស្ថានការណ៍កាន់តែក្តៅជាងនេះ» ។

ទោះជាពេលនេះ ពុំទាន់ទទួលលទ្ធផលច្បាស់លាស់ ប៉ុន្តែការទំនាក់ទំនងការទូតជាបន្តបន្ទាប់នឹងធ្វើឱ្យប្រាកដចិត្តថា នឹងគ្មានអំពើហិង្សាកើតឡើងទៀតក្នុងស្ថានការណ៍ដ៏អាក្រក់បែបនេះ ។ នាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានប្រកាសពីគោលជំហររបស់ម៉ាឡេស៊ីនៅតែគាំទ្រការចរចាដោយសន្តិវិធី រកដំណោះស្រាយដោយផ្អែកតាមច្បាប់អន្តរជាតិ និងកិច្ចសហប្រតិបត្តិការដើម្បីរក្សាស្ថិរភាព និងសន្តិសុខក្នុងតំបន់ ។ នេះ​បើ​តាម​ការ​លើក​ឡើងរបស់​លោក Ibrahim ។

គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានជួយអន្តរាគមន៍បញ្ចប់សង្គ្រាមកម្ពុជា-ថៃរហូតមក ហើយលោកក៏បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងគូឡាឡាំពួរ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ជាមួយប្រធានាធិបតីអាមេរិកផងដែរ ។ ម៉ាឡេស៊ីចង់ឃើញថៃគោរពបទឈប់បាញ់ និងអនុវត្តបានពេញលេញនូវកិច្ចព្រមព្រៀងសន្តិភាព ដែលជាគំនិតផ្តួចផ្តើមរបស់លោកប្រធានាធិបតី Trump ។

ប៉ុន្តែមេដឹកនាំថៃនៅតែប្រកាន់គោលជំហររឹងរូសមិនព្រមចរចាសន្តិភាព បើទោះជាប្រទេសនានា រួមទាំងម៉ាឡេស៊ី អំពាវនាវជាច្រើនលើកឱ្យបញ្ឈប់ការវាយប្រហារកម្ពុជាក្តី ។ មេដឹកនាំថៃថែមទាំងប្រកាសថា មិនអាចបញ្ចប់សង្គ្រាមបានទេ និងមិនចាប់អារម្មណ៍អាមេរិកដំឡើងពន្ធទំនិញខ្ពស់ កងទ័ពថៃត្រូវតែប្រយុទ្ធបន្តទៀតតាមផែនការគ្រោងទុក ៕