កម្ពុជាបានសម្រេចចិត្តនៅវិនាទីចុងក្រោយថា នឹងដកខ្លួនចេញពីការប្រកួតកីឡាសុីហ្គេម លើកទី៣៣ នៅឯប្រទេសថៃ ដោយប្រតិភូ និងអត្តពលិករបស់កម្ពុជាទាំងអស់នឹងត្រូវធ្វើដំណើរត្រឡប់មកមាតុប្រទេសវិញនៅថ្ងៃនេះ ដោយសារមានការព្រួយបារម្ភអំពីសុវត្ថិភាព។ នេះបើយោងតាមគណៈកម្មការជាតិអូឡាំពិកកម្ពុជា។
តាមរៈសេចក្ដីប្រកាសព័ត៌មានផ្លូវការនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ គណៈកម្មការជាតិអូឡាំពិកប្រចាំប្រទេសកម្ពុជា បានបញ្ជាក់ទៅកាន់សហព័ន្ធរៀបចំកីឡាសុីហ្គេមប្រទេសថៃថា ដោយសារមានការព្រួយបារម្ភ និងការសំណូមពឬពីក្រុមគ្រួសាររបស់អត្តពលិក ក្នុងការទទូចឲ្យសាច់ញាតិពួកគេដែលមកប្រកួតសុីហ្គេមនៅប្រទេសថៃនេះ ត្រឡប់ទៅផ្ទះវិញជាបន្ទាន់ គណៈកម្មការជាតិអូឡាំពិកកម្ពុជាបានសម្រេចថា នឹងដកខ្លួនចេញពីការប្រកួតសុីហ្គេមនេះតែម្ដង ហើយនឹងរៀបចំឲ្យប្រតិភូ និងអត្តពលិកទាំងអស់ធ្វើដំណើរទៅកម្ពុជាវិញភ្លាមៗផងដែរនៅថ្ងៃនេះ។
ការសម្រេចចិត្តចុងក្រោយរបស់គណៈកម្មការជាតិអូឡាំពិកកម្ពុជា បានធ្វើឡើងក្រោយស្ថានភាពប៉ះទង្គិចគ្នារវាងកម្ពុជា-ថៃ នៅតាមព្រំដែនមានភាពតានតឹងកាន់តែខ្លាំងឡើងៗ។ ការណ៍នេះបានជំរុញឲ្យកម្ពុជាត្រូវដកខ្លួនជាបន្ទាន់ ក្រោយពេលដែលពិធីបើកព្រឹត្តិការណ៍សុីហ្គេមទើបបានបញ្ចប់ទៅកាលពីយប់មិញ។
យ៉ាងណាក៏ដោយ ដើម្បីជាការទទួលខុសត្រូវ កម្ពុជាក៏បានសូមអភ័យទោសផងដែរចំពោះការចាកចេញ មួយនេះ ដែលអាចនឹងធ្វើឲ្យមានភាពរអាក់រអួលកើតឡើងនៅក្នុងការរៀបចំកាលវិភាគប្រកួតនៅក្នុងព្រឹត្តិការណ៍សុីហ្គេមនៅក្នុងប្រទេសថៃ៕










