ជុំវិញស្ថានការណ៍ព្រំដែនកាន់តែតានតឹងអ្នកមួយចំនួនបានបង្ហាញការព្រួយបារម្ភចំពោះសុវត្ថិភាពរបស់អត្តពលិកកម្ពុជាចូលរួមប្រកួតស៊ីហ្គេមដែលប្រព្រឹត្តទៅនៅប្រទេសថៃ ប៉ុន្តែអ្នកមួយចំនួនបែរជាបញ្ចេញមតិជេរប្រមាថមិនសមរម្យមកកាន់ជាតិសាសន៍ឯង។ ឃើញមានការប្រើសម្តីមិនសមរម្យបែបនេះពិធីការិនី ណា សាឌី បាននិយាយថាព័ត៌មានផ្លូវការមិនទទួលយកបែរជាយកព័ត៌មានបំផុសបំផុលជាន់ពន្លិចខ្មែរគ្នាឯង។

នៅថ្ងៃទី៩ ធ្នូ ណា សាឌី បានចែករំលែករូបភាពមួយសន្លឹកពីកីឡាករ កីឡាការិនី ធ្វើដំណើរចេញទៅប្រកួតស៊ីហ្គេមលើកទី៣៣នៅឯប្រទេសថៃស្របពេលជាមួយគ្នានេះប្រទេសទាំងពីរប៉ះទង្គិចយ៉ាងខ្លាំងក្លានៅតាមព្រំដែនបន្ទាប់ពីភាគីថៃបើកការវាយប្រហារទាំងកំរោល។ ទោះយ៉ាងណា ការចេញដំណើររបស់អត្តពលិករបស់កម្ពុជាត្រូវរងការស្តីបន្ទោសពីអ្នកលេងបណ្តាញសង្គមមួយចំនួនរហូតធ្វើឱ្យពិធីការិនីប្រចាំទូរទស្សន៍បាយ័ននិយាយឡើងមក។

ណា សាឌី ថា «ឃើញក្នុង cmt មានតែសំដីអាក្រក់និងជេរឈាមជ័រគ្នាឯង។ សម្តេចពុកលោកមានប្រសាស៍ហើយ កីឡា sea game កម្ពុជានៅតែចូលរួមធម្មតា។ ហេតុអ្វីត្រូវជាន់ពន្លិចគ្នាឯងពេលនេះ? ព័ត៌មានផ្លូវការត្រឹមត្រូវអត់អានទេអានតែព័ត៌មានបំផុសបំផុល។
ក្នុងចិត្តពួកយើងឈឺចាប់ តែយើងមិនបានខ្លាចប្រទេសចង្រៃហ្នឹងទេព្រោះវាជាតួនាទី និង ការតំណាងជាតិខ្មែរ។ សូមផ្លាស់ប្តូរការជាន់ពន្លិច មកលើកទឹកចិត្តពួកគាត់វិញទៅបងប្អូនពួកគាត់ត្រូវការការលើកទឹកចិត្ត»។

ជាមួយនឹងសំណេរខាងលើនេះ ណាសាឌី បានបង្ហោះសំណេរមួយទៀតថា «កីឡា seagame លើកទី33 មិនមែនជារបស់សៀមទេគឺជាព្រឹត្តិការណ៍តំបន់អាស៊ីអាគ្នេយ៍ គ្រាន់តែសៀមទទួលបន្ទុកធ្វើជាម្ចាស់ផ្ទះឆ្នាំនេះ.»។
គូសបញ្ជាក់ថា នៅថ្ងៃទី៨ ខែធ្នូ សម្ដេច ហ៊ុន សែន បានផ្ដាំផ្ញើដល់អត្តពលិកកម្ពុជាដែលត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣៣ ចូលរួមការប្រកួតជាធម្មតា។ កម្ពុជាបានបញ្ជូនប្រតិភូ គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីសរុប ១៣៧នាក់ លើ ១២ប្រភេទកីឡារួមមាន កីឡាអត្តពលកម្ម, ហែលទឹក, តេក្វាន់ដូ WT, ជឺជីតស៊ូ, បាល់ទាត់លើតុ, កាយសម្ព័ន្ធ, ជិះសេះ, គុនដាវ, ឃីកបុកស៊ីង, ម៉ូតូទឹក, ទ្រីយ៉ាត្លុង និងកីឡាអេឡិចត្រូនិក៕










