(វ៉ាស៊ីនតោន)៖ ក្រោយទទួលបានដំណឹងថាមានបា.ញ់ប្រ.ហារពីសំណាក់យោធាថៃចូលក្នុងទឹកដីកម្ពុជា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានជំរុញឱ្យកម្ពុជា និងថៃគោរពយ៉ាងពេញលេញតាមការប្ដេជ្ញាចិត្តចំពោះបទឈប់បាញ់ បន្ទាប់ពីជម្លោះនៅតាមបណ្ដោយព្រំដែន រវាងប្រទេសទាំងពីរបានផ្ទុះឡើងសាជាថ្មី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។.png)
បើយោងតាមមន្ត្រីជាន់ខ្ពស់អាមេរិកមួយរូបបានឲ្យដឹងថា “ប្រធានាធិបតី ត្រាំ ប្តេជ្ញាចិត្តចំពោះការបញ្ឈប់អំពើហិង្សាជាបន្តបន្ទាប់ ហើយរំពឹងថា រដ្ឋាភិបាលកម្ពុជា និងថៃ នឹងគោរពយ៉ាងពេញលេញនូវការប្តេជ្ញាចិត្តរបស់ពួកគេ ដើម្បីបញ្ចប់ជម្លោះនេះ”។
សេចក្តីថ្លែងការណ៍នេះ បានកើតឡើងក្រោយពេលដែលប្រទេសថៃ បានបើកការវាយប្រហារតាមអាកាសនៅព្រឹកថ្ងៃចន្ទ ដែលនេះជាទង្វើបំពានលើបទឈប់បាញ់ និងកំពុងគំរាមកំហែងដល់សេចក្ដីថ្លែងការណ៍រួមស្ដីពីសន្តិភាពដែល ប្រទេសទាំង២បានចុះហត្ថលេខាកាលពីខែតុលាកន្លងទៅក្នុងទីក្រុងគូឡាឡាំពួប្រទេសម៉ាឡេស៊ី ដោយមានប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៉ីប្រាហ៊ីមធ្វើជាសាក្សី។.jpg)
គួរបញ្ជាក់ថា បើតាមសេចក្ដីថ្លែងការណ៍របស់ក្រសួងការពារជាតិកម្ពុជា គិតមកត្រឹមថ្ងៃអង្គារទី៩ ខែធ្នូនេះ យោធាថៃបានធ្វើសកម្មភាពបាញ់ប្រហារបន្តរហូតឥតដាច់ស្ទើរពេញមួយយប់នៅក្នុងភូមិសាស្រ្តយោធភូមិភាគទី៥ នៅវេលាម៉ោង ០៤:៥៨នាទី ដល់វេលាម៉ោង០៥:២៥នាទី យោធាថៃបានប្រើប្រាស់ដ្រូនខ្នាតធំ ហោះស៊ើបការណ៍ចូលដល់ក្នុងភូមិសាស្ត្រភ្នំត្រង៉ោល បន្ទាប់មកយោធាថៃបានធ្វើសកម្មភាពបាញ់ផ្សែងពុលមកលើតំបន់នោះ។
ទោះជាយ៉ាងណា ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទបន្តគោរព និងអនុវត្តឥតងាករេនូវរាល់ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ដើម្បីការពារអធិបតេយ្យ និងបូរណភាពទឹកដី ព្រមទាំងសុខសុវត្ថិភាពរបស់ប្រជាជនកម្ពុជា។.jpg)
ភាគីថៃបានរំលោភបំពានលើបទឈប់បាញ់ និង«សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ» ដែលភាគីកម្ពុជានិងភាគីថៃបានចុះហត្ថលេខា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដោយធ្វើសកម្មភាពឈ្លានពានប្រដាប់អាវុធសាជាថ្មីមកលើបូរណភាពទឹកដីរបស់កម្ពុជា ដោយការប្រើប្រាស់កម្លាំងយោធា៕










