នៅថ្ងៃទី២ ខែធ្នូ តារាសម្តែង Zhao Lusi បានបញ្ជាក់ថា នាងនឹងចូលរួមក្នុងកម្មវិធីប្រគល់ពានរង្វាន់ Starlight Awards ប្រចាំឆ្នាំរបស់ Tencent Video ដែលជាវេទិកាភាពយន្តអនឡាញដ៏ធំបំផុតមួយក្នុងប្រទេសចិន។ ដំណឹងនេះបានធ្វើឱ្យមានផ្ទុះកក្រើកលើប្រព័ន្ធផ្សព្វផ្សាយភ្លាមៗ ព្រោះនេះជាលើកទីមួយហើយដែល Zhao Lusi បង្ហាញមុខក្នុងកម្មវិធីកម្សាន្តជាសាធារណៈ ចាប់តាំងពីនាងធ្លាក់ខ្លួនឈឺនៅចុងឆ្នាំ ២០២៤ បន្ទាប់មកមានជម្លោះជាមួយក្រុមហ៊ុនគ្រប់គ្រង Galaxy Cool Entertainment ហើយថ្មីៗនេះនាងបានបញ្ចប់កិច្ចសន្យា។
នៅឆ្នាំ២០២៥ Zhao Lusi មិនបានបាត់ខ្លួនទាំងស្រុងនោះទេ ប៉ុន្តែនាងកម្របានចូលរួមក្នុងព្រឹត្តិការណ៍នៃម៉ាកមួយចំនួនដែលនាងបានចុះកិច្ចសន្យាផ្សាយពាណិជ្ជកម្មជាមួយណាស់។ខណៈពេលដែលមិត្តរួមការងាររបស់នាងស្លៀកពាក់យ៉ាងស្រស់ស្អាតដើរលើកម្រាលព្រំក្រហម Zhao Lusi ត្រូវបានជាប់ក្នុងរឿងអាស្រូវជាមួយក្រុមហ៊ុនគ្រប់គ្រងរបស់នាង។
នៅខែធ្នូ ឆ្នាំ២០២៤ Zhao Lusi មានបញ្ហាសុខភាពពេលកំពុងថតរឿងហើយត្រូវបានគេឃើញជិះរទេះរុញទៅពេទ្យក្នុងសភាពស្លេកស្លាំង។ក្រោយមក ក្រុមហ៊ុនគ្រប់គ្រងបានប្រកាសថា Zhao Lusi នឹងឈប់ធ្វើការជាបណ្តោះអាសន្ន។ តារាស្រីរូបនេះបានបង្ហើបថា នាងមាន ជំងឺធ្លាក់ទឹកចិត្ត ហើយសម្ពាធការងារយូរបានធ្វើឱ្យប៉ះពាល់ដល់សុខភាព។.png)
នៅខែសីហា ឆ្នាំ២០២៥ Zhao Lusi បានធ្វើឱ្យឧស្សាហកម្មកម្សាន្តរបស់ចិនមានការភ្ញាក់ផ្អើលនៅពេលដែលនាងបាននិយាយចោទប្រកាន់ក្រុមហ៊ុនគ្រប់គ្រង Galaxy Cool ថា «គៀបសង្កត់» សិល្បករដែលបណ្តាលឱ្យនាងរងទុក្ខទាំងផ្នែកហិរញ្ញវត្ថុ និងរាងកាយ។ Zhao Lusi ចង់បញ្ចប់កុងត្រាតែមិនត្រូវបានដោះស្រាយ។ ជម្លោះរវាងតារាស្រីរូបនេះ និងក្រុមហ៊ុនគ្រប់គ្រងរបស់នាងបានអូសបន្លាយជាច្រើនខែ ហើយសកម្មភាពរបស់ Zhao Lusi មានកម្រិត។ នាងបានបើកការផ្សាយបន្តផ្ទាល់ជាចម្បងនៅលើ Douyin និង Xiaohongshu ដើម្បីទាក់ទងជាមួយអ្នកគាំទ្រ។.png)
បន្ទាប់ពីរយៈពេលជាង ២ ខែ គណនីស្ទូឌីយ៉ូរបស់ Zhao Lusi បានប្រកាសជាផ្លូវការម្តងទៀតហើយឈ្មោះក្រុមហ៊ុន Galaxy Cool ក៏ត្រូវបានដកចេញពីការណែនាំផងដែរ។ នៅឯការប្រគំតន្ត្រីក្នុងថ្ងៃខួបកំណើតកាលពីថ្ងៃទី៨ ខែវិច្ឆិកា Zhao Lusi បានប្រកាសថានាងបានចាកចេញពី Galaxy Cool ហើយចាប់ផ្តើមដំណើរថ្មី។

គួរបញ្ជាក់ផងដែរថា រឿងថ្មីរបស់ Zhao Lusi ដែលចាក់ផ្សាយលើ Tencent Video ក្នុងខែកញ្ញាឆ្នាំនេះ បានទទួលជោគជ័យយ៉ាងខ្លាំង។ ហេតុដូច្នេះហើយ ប្រភពឧស្សាហកម្មបាននិយាយថា តារាស្រីរូបនេះអាចនឹងបង្ហាញខ្លួននៅក្នុងកម្មវិធី Starlight Awards ក្នុងនាមជាតារា «បិទកំរាលព្រំក្រហម»៕










