ប្រទេសថៃ ៖ ទោះជាអ្នកជំនាញបញ្ជាក់ថា គ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ាកាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ មិនគ្មានឥទ្ធិពលដល់ថៃក្តី ប៉ុន្តែពលរដ្ឋថៃនៅតែបារម្ភខ្លាំងខ្លា.ចវាបង្កមហន្តរា.យយ៉ាងធ្ងន់ធ្ងរដល់ប្រទេសថៃម្តងទៀត ជាពិសេស ទីក្រុងបាងកក ធ្លាប់រងឥទ្ធិពលគ្រោះរញ្ជួយដីពីមីយ៉ាន់ម៉ាកាលពីខែមីនា ឆ្នាំ២០២៥ រហូតដល់រលំអគារកម្ពស់២៩ជាន់ដែលកំពុងសាងសង់នៅតំបន់ចាក់តុចាក់ និងមានកម្លាំងរំញ័រដល់ខេត្តមួយចំនួន ។

គ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ាលើកនេះមិនប៉ះពាល់ថៃក៏ដោយ ប៉ុន្តែថៃបានតាមដានស្ថានការណ៍យ៉ាងដិតដល់ ដោយសារចំណុចកណ្តាលនៃគ្រោះរញ្ជួយដីនេះស្ថិតនៅទីតាំងតែមួយដូចគ្នានឹងគ្រោះរញ្ជួយដីកាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ដែលបានបំផ្លិចបំផ្លាញអគារ និងវត្តអារ៉ាមនៅមីយ៉ាន់ម៉ា ព្រមទាំងបំផ្លាញអគារ និងធ្វើឱ្យមនុស្សយ៉ាងច្រើនស្លាប់ទីក្រុងបាងកក រហូតដល់ពលរដ្ឋថៃភ័យខ្លាចសម្រុកលក់ផ្ទះ និងខុនដូទៅរស់នៅតាមខេត្ត ។

កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ មានគ្រោះរញ្ជួយដីកើតឡើងទីក្រុងម៉ងខេត ប្រទេសមីយ៉ាន់ម៉ា កម្រិត៣.៦រិចទ័រ ជម្រៅ១០គីឡូម៉ែត្រ ហើយនៅថ្ងៃដដែល ក៏មានគ្រោះរញ្ជួយដីនៅភាគខាងជើងកោះស៊ូម៉ាត្រា ប្រទេសឥណ្ឌូណេស៊ីដែរ កម្រិត៤.១រិចទ័រ ជម្រៅ៣១គីឡូម៉ែត្រ ប៉ុន្តែគ្រោះរញ្ជួយដីទាំងពីរនេះគ្មានឥទ្ធិពលដល់ថៃទេ ។ ទោះជាគ្រោះរញ្ជួយដីលើកនេះមិនប៉ះពាល់ថៃប៉ុន្តែពលរដ្ឋថៃបារម្ភពីគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ាបង្កមហន្តរា.យយ៉ាងធ្ងន់ធ្ងរដល់ប្រទេសថៃដូចកាលពីខែមីនា ឆ្នាំ២០២៥ និងជជែកគ្នាពេញបណ្តាញសង្គមថា តើចំណុចកណ្តាលនៃគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ាពេលនេះនឹងមានឥទ្ធិពលដល់ថៃឬអត់ ។

លោក ផាសាកន ផាន់ណុន អ្នកជំនាញមកពីមជ្ឈមណ្ឌលជាតិរញ្ជួយដីនិយាយថា ទោះជាគ្រោះរញ្ជួយដីពេលនេះកើតឡើងនៅទីតាំងតែមួយដូចគ្នានឹងគ្រោះរញ្ជួយដីកាលពីថ្ងៃទី២៨ ខែមីនា ប៉ុន្តែវាស្ថិតនៅឆ្ងាយពីគ្នាប្រមាណ២០០គីឡូម៉ែត្រ មិនប៉ះពាល់ថៃទេ ប៉ុន្តែបើវាមានកម្រិតចាប់ពី៧រិចទ័រ ទៅ៨រិចទ័រ គឺនឹងប៉ះពាល់ធ្ងន់ធ្ងរដល់ថៃដូចពេលកន្លងមក ។ ទោះយ៉ាងណា វាមានកម្លាំងរំញ័រកាលពី១ថ្ងៃ ទៅ២ថ្ងៃកន្លងមក ដែលថៃគួរតាមដានស្ថានការណ៍គ្រោះរញ្ជួយដីយ៉ាងដិតដល់ ។

គ្រោះរញ្ជួយដីកាលពីខែមីនា ឆ្នាំ២០២៥ បង្ហាញពីទីតាំងកើតរញ្ជួយដីកំពុងប្រមូលផ្តុំថាមពលបន្ថែម ហើយអ្នកជំនាញថៃស្រាវជ្រាវថា តើវាអាចមានឥទ្ធិពលដល់ថៃនាថ្ងៃអនាគតដែរឬទេ ។ បើតាមអ្នកជំនាញ គឺរញ្ជួយដីជាគ្រោះធម្មជាតិដែលមនុស្សមិនអាចគ្រប់គ្រងបាន ទោះជាអាចព្យាករណ៍ថាវានឹងកើតឡើងក្តី ប៉ុន្តែមិនអាចប្រាប់ពីពេលវេលាច្បាស់លាស់ឡើយ បើពលរដ្ឋថៃបារម្ភខ្លាំងពេកនឹងប៉ះពាល់ផ្លូវចិត្ត ។ ពលរដ្ឋគួរតាមដានព័ត៌មានរញ្ជួយដីពីស្ថាប័នពាក់ព័ន្ធ និងត្រៀមការពារលំនៅឋានរបស់ខ្លួន បើសំណង់មិនរឹងមាំ គួរជួសជុលឱ្យរឹងមាំដើម្បីកុំឱ្យខូចខាតដោយសាររញ្ជួយដី ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ គ្រោះរញ្ជួយដីដ៏ធ្ងន់ធ្ងរបានកើតឡើងនៅមីយ៉ាន់ម៉ា កម្រិត៨.២រិចទ័រ ជម្រៅ១០គីឡូម៉ែត្រ និងមានឥទ្ធិពលដល់ទីក្រុងបាងកក និងខេត្តមួយចំនួនរបស់ថៃ ដែលហេតុការណ៍ពេលនោះបណ្តាលឱ្យមនុស្សស្លា.ប់ រងរបួស និងបាត់ខ្លួនជាច្រើននាក់ ដោយសាររលំអគារកម្ពស់២៩ជាន់កំពុងសាងសង់នៅតំបន់ចាក់តុចាក់ ។ បន្ទាប់មក អគារជាច្រើននៅទីក្រុងបាងកកបានរង្គើ និងមានស្នាមប្រេះជាបន្តបន្ទាប់ ដែលពលរដ្ឋថៃមិនទាន់ភ្លេចហេតុការណ៍ពេលនោះនៅឡើយទេ ។

រញ្ជួយដី គឺជាគ្រោះធម្មជាតិកើតឡើងនៅប្រទេសថៃ បន្ទាប់ពីទឹកជំនន់ បាក់ដី និងខ្យល់ព្យុះ ដែលបំផ្លាញសេដ្ឋកិច្ចថៃយ៉ាងធ្ងន់ធ្ងរ ដូចជា គ្រោះរញ្ជួយដីកាលពីខែមីនា ឆ្នាំ២០២៥ បានបំផ្លាញអគារជាច្រើននៅទីក្រុងបាងកក និងបណ្តាខេត្តជុំវិញ ។ ហេតុការណ៍នេះធ្វើឱ្យពលរដ្ឋថៃបារម្ភយ៉ាងខ្លាំងពីការខូចខាត ជាពិសេស ការរស់នៅក្នុងអគារខុនដូខ្ពស់ៗ រហូតដល់សម្រេចចិត្តលក់ផ្ទះនៅទីក្រុងបាងកក ទៅរស់នៅតាមបណ្តាខេត្តវិញ ៕