ប្រទេសថៃ ៖ បន្ទាប់ពីទឹកជំនន់ស្រក ពលរដ្ឋស្រុកហាតយៃ ខេត្តសុងក្លា ប្រទេសថៃ បានត្រឡប់ពីជម្រកបណ្តោះអាសន្នមកកាន់ផ្ទះសម្បែងវិញ ប៉ុន្តែផ្លូវនានានៅស្រុកហាតយៃពោរពេញដោយដីភក់ គំនរសំរាមកខ្វក់ កាកសំណល់ សម្ភារៈបាក់បែក ខ្មោ.ចរថយន្ត និងអគារពាណិជ្ជកម្មជាច្រើនកន្លែងរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ។ លើសពីនេះ ហាងទំនិញ និងកន្លែងផ្តល់សេវាកម្មនានាខូចខាតរបស់របរខ្ទេចខ្ទី ថែមទាំងមានធូលីពុលខ្លាំងគ្របដណ្តប់ពេញអាកាស ។ ពេលនេះ មិនមែនគ្រាន់តែជួសជុលផ្ទះនិងហាងទំនិញឡើងវិញប៉ុណ្ណោះទេ ប៉ុន្តែត្រូវចំណាយពេលយូរក្នុងការសម្អាតបរិស្ថានដើម្បីកម្ចាត់ធូលីពុលប៉ះពាល់សុខភាព ។

តាមការចុះផ្សាយរបស់សារព័ត៌មាន The Standard កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ ពលរដ្ឋស្រុកហាតយៃកំពុងប្រឈមនឹងបញ្ហាថ្មីបន្ទាប់ពីទឹកជំនន់ស្រក គឺធូលីពុលយ៉ាងក្រាស់គ្របដណ្តប់ពាសពេញអាកាសដែលមានផលប៉ះពាល់យ៉ាងខ្លាំងដល់សុខភាព ជាពិសេស ផ្លូវដង្ហើម ។ ធូលីពុលទាំងនេះមានប្រភពពីគំនរដីភក់យ៉ាងច្រើនមហាសាលដែលហូរមកជាមួយទឹកជំនន់ ហើយពេលទឹកជំនន់ស្រក ដីភក់ទាំងនេះចាប់ផ្តើមស្ងួត រួមទាំងមានការសម្អាតផ្ទះ និងធ្វើចរាចរណ៍ផងនោះ បានធ្វើឱ្យធូលីហុយកាន់តែខ្លាំង ។
ធូលីពុលក្រោយទឹកជំនន់មានផលប៉ះពាល់សុខភាព ដោយសារវាលាយឡំជាមួយមេរោគ សារធាតុគីមី និងទឹកស្អុយក្នុងទឹកជំនន់ ។ បើដកដង្ហើមស្រូបធូលីពុលនេះនឹងបណ្តាលឱ្យប៉ះពាល់ប្រព័ន្ធផ្លូវដង្ហើម និងសុខភាពរយៈពេលយូរ ។ អាជ្ញាធរណែនាឱ្យពលរដ្ឋពាក់ម៉ាស់ជានិច្ច ជាពិសេស ពេលធ្វើការនៅកណ្តាលថ្ងៃ ឬទៅកន្លែងមានធូលីក្រាស់ ព្រមទាំងផឹកទឹកស្អាតឱ្យគ្រប់គ្រាន់ លាងសម្អាតច្រមុះបើមានអាការៈពាក់ព័ន្ធនឹងផ្លូវដង្ហើម ខណៈកុមារតូចៗ មនុស្សចាស់ និងអ្នកជំងឺអាឡែស៊ី គួរចៀសវាងទៅតំបន់មានធូលីខ្លាំង ។
.jpg)
កាលពីថ្ងៃទី៣០ ខែវិច្ឆិកា នៅសណ្ឋាគារក្នុងស្រុកហាតយៃ លោក Anutin Charnvirakul នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិយាយថា លោកបានប្រជុំជាមួយមន្ត្រីពាក់ព័ន្ធ ក្រុមហ៊ុនអាជីវកម្ម និងសភាពាណិជ្ជកម្មខេត្តសុងក្លា ក្រោយទឹកជំនន់ស្រក ដោយពិភាក្សាពីការផ្តល់ប្រាក់សំណងឱ្យពលរដ្ឋហាតយៃ រៀបចំប្រព័ន្ធអគ្គិសនី ទឹកស្អាត និងសម្អាតកាកសំណល់កខ្វល់ឱ្យលឿនបំផុត ។ រដ្ឋាភិបាលរៀបចំគ្រឿងចក្រផ្សេងៗដើម្បីប្រមូលសំរាម ដោយមានកម្លាំងកងទ័ព មន្ត្រីរាជការ និងអាជ្ញាធរជួយគ្នាចាត់វិធានការ ថែមទាំងជួលភ្នាក់ងារសម្អាត ដោយកំណត់ពេលត្រឹម៧ថ្ងៃឱ្យរួចរាល់ ។

រដ្ឋាភិបាលនឹងផ្តល់ប្រាក់សំណងដល់ពលរដ្ឋរងផលប៉ះពាល់ដោយសារទឹកជំនន់ ចំនួន៩,០០០បាតក្នុង១គ្រួសារ (ឬជាង២៨០ដុល្លារ) និងផ្តល់ប្រាក់ជួសជុលផ្ទះ ចំនួន៤ម៉ឺន៩ពាន់បាត (ឬជាង១ពាន់៥០០ដុល្លារ) ក្នុង១គ្រួសារ ។ ប្រាក់សំណងត្រូវបានអនុម័តរួចហើយ ប៉ុន្តែនៅថ្ងៃទី១ ខែធ្នូ នឹងមានការប្រជុំគណៈរដ្ឋមន្ត្រីបន្ថែមទៀត ពីព្រោះទឹកជំនន់នៅស្រុកហាតយៃពេលនេះ ធ្ងន់ធ្ងរជាងរលកយក្សស៊ូណាមិ ដែលរដ្ឋាភិបាលនឹងចាត់វិធានការឱ្យឆាប់បំផុត ។ រីឯក្រុមគ្រួសារមានសមាជិកស្លាប់ដោយសារទឹកជំនន់ នឹងទទួលបានប្រាក់សំណងពីរដ្ឋាភិបាល ចំនួន២លានបាតសម្រាប់១សាកសព (ឬជាង៦ម៉ឺន២ពាន់ដុល្លារ) ។
.jpg)
គួរបញ្ជាក់ថា កាលពីថ្ងៃទី៣០ ខែវិច្ឆិកា អាជ្ញាធរ និងភ្នាក់ងារសម្អាតបានជួយគ្នាប្រមូលសំរាមនៅស្រុកហាតយៃក្រោយទឹកជំនន់ស្រក ដែលមានបរិមាណរាប់សែនតោន ដោយការប្រមូលសំរាមអាចចំណាយពេលជាង១សប្តាហ៍ ។ ពលរដ្ឋស្រុកហាតយៃភាគច្រើនមិនទាន់មានទឹកស្អាតប្រើប្រាស់នៅឡើយទេ រីឯអគ្គិសនីមានតែនៅតំបន់មួយចំនួន និងត្រូវចំណាយពេលមួយរយៈដើម្បីរៀបចំប្រព័ន្ធទឹក-ភ្លើងឡើងវិញ ខណៈចំនួនពលរដ្ឋស្រុកហាតយៃស្លាប់ដោយសារទឹកជំនន់ គឺស្មើ១៣៤នាក់ ៕










