តារាចម្រៀង ទេព ពិសិដ្ឋ និង អូជី ហ្គូលឌិន បានបង្ហោះសាររៀងៗខ្លួនអាណិតទៅដល់ទាហានដែលកំពុងឈរការពារទឹកដីនៅតំបន់ព្រៃភ្នំមិនដឹងជារងារយ៉ាងណាស្របពេលអាកាសធាតុកំពុងចុះត្រជាក់។

តាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមបានឱ្យដឹងថាប្រទេសកម្ពុជានឹងមានអាកាសធាតុចុះត្រជាក់ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ដោយតំបន់វាលទំនាបអាចមានធាតុអាកាសចុះត្រជាក់ និងមានសីតុណ្ហភាពមធ្យមអប្បបរមា២០°C និងសីតុណ្ហភាពមធ្យមអតិបរមា២៩°C ។ តំបន់ខ្ពង់រាបអាចមានធាតុអាកាស ចុះត្រជាក់ និងមានសីតុណ្ហភាពមធ្យមអប្បបរមា១៨°C និងសីតុណ្ហភាពមធ្យមអតិបរមា២៨°C និងតំបន់មាត់សមុទ្រអាចមានធាតុអាកាសចុះត្រជាក់ និងមានសីតុណ្ហភាពមធ្យម អប្បបរមា២១°C និងសីតុណ្ហភាពមធ្យមអតិបរមា៣១°C ។
តាមសេចក្តីជូនដំណឹងដដែលបានបញ្ជាក់ទៀតថាតំបន់ជួរភ្នំដងរែក ជួរភ្នំក្រវាញ និងជួរភ្នំបូកគោ អាចមានធាតុអាកាសចុះត្រជាក់និងមានសីតុណ្ហភាពមធ្យម អប្បបរមា១៦°C និងសីតុណ្ហភាពមធ្យមអតិបរមា២៧°C ហើយខ្យល់បក់មកពីទិសឦសាន និងទិសបូព៌ក្នុងល្បឿនមធ្យម ៦ម៉ែត្រវិនាទី។.png)
ស្របពេលអាកាសធាតុចាប់ផ្តើមចុះត្រជាក់បែបនេះតារាចម្រៀង ទេព ពិសិដ្ឋ និង អូជី ហ្គូលឌិន បានបង្ហាញការយកចិត្តទុកដាក់ចំពោះទាហានជួរមុខដែលកំពុងបំពេញកាតព្វកិច្ចដើម្បីប្រទេសជាតិ។
ម្ចាស់បទ«ភក្តីស្នេហ៍» បានបង្ហោះសំណេរថា «អាណិតទាហានខ្មែរណាស់មិនដឹងពួកគាត់រងារយ៉ាងណាខ្ញុំសូមបួងសួងទេវតាអោយជួយតាមថែរក្សាបងៗផង ពួកយើងពិតជាអរគុណខ្លាំងដល់វីរបុរសដែលខិតខំប្រឹងការពារមាតិភូមិទាំងយប់ទាំងថ្ងៃ»។ មិនខុសពី រៀមច្បងប៉ុន្មាននោះទេ អូជី ហ្គូលឌិន ដែលជាម្ចាស់ពានកម្មវិធីប្រលងចម្រៀងរ៉េបបានបង្ហោះសំណេរដែរថា«អាណិតបងៗទាហានមិនដឹងថាគាត់រងារបែបណាទេ នៅក្នុងតំបន់ព្រៃភ្នំទៀត»។
មិនត្រឹមតែតារាចម្រៀងពីររូបខាងលើនេះប៉ុណ្ណោះទេដែលព្រួយបារម្ភសុខទុក្ខរបស់កងទ័ពជួរមុខអ្នកលេងបណ្តាញសង្គមជាច្រើនទៀតក៏បង្ហាញការយកចិត្តទុកដាក់ដល់កងទ័ពខ្មែរឈរការពារទឹកដី ការពារខ្មាំងសត្រូវផងដែរ៕










