អ្នកគាំទ្រពិតសោកស្តាយយ៉ាងខ្លាំងសម្រាប់ ហ្វីយ៉ាតា បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥ ដែលពុំអាចចូល TOP នៅក្នុងការប្រកួត Miss Universe លើកទី៧៤ នៅឯប្រទេសថៃបាននោះទេ។ ទោះយ៉ាងណាអ្នកគាំទ្របានផ្ញើសេចក្តីស្រលាញ់គាំទ្រលើកទឹកចិត្តដល់ ហ្វីយ៉ាតា ព្រោះនាងបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាពហើយក្នុងការប្រកួតនេះ។
នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា កម្មវិធីប្រកួតសម្រស់ដ៏ធំមួយលើពិភពលោក Miss Universe បាននឹងកំពុងឈានចូលដល់វគ្គផ្តាច់ព្រ័ត្រហើយដែលឆ្នាំនេះប្រទេសថៃធ្វើជាម្ចាស់ផ្ទះប៉ុន្តែពោរពេញដោយភាពចម្រូងចម្រាស។ ក្នុងវគ្គផ្តាច់ព្រ័ត្របេក្ខភាពបានណែនាំឈ្មោះនិងប្រទេសតំណាង។ ក្រោយពីបេក្ខភាពចូលរួមជាង១២០នាក់បានស្រែកឈ្មោះប្រទេសរួចកម្មវិធីបានបន្តទៅការប្រកាសបេក្ខនារីអាចចូលដល់ TOP30 ។ ជារឿងគួរឱ្យសោកស្តាយ ហ្វីយ៉ាតា ដែលតំណាងឱ្យកម្ពុជាពុំអាចចូល TOP នៅក្នុងការប្រកួតបានឡើយ។ 
នៅក្នុងការប្រកួតនេះបវរកញ្ញាដែលស្ថិតនៅតំបន់អាស៊ានមានតែ២ប្រទេសប៉ុណ្ណោះដែលអាចចូលTOP30 គឺបេក្ខនារីថៃដែលជាម្ចាស់ផ្ទះ និងបវរកញ្ញាមកពីប្រទេសហ្វីលីពីន។ សូម្បីតែប្រទេសវៀតណាមដែលមានសំឡេងការគាំទ្រខ្លាំងក៏ពុំអាចចូល TOP នៅក្នុងការប្រកួតលើនេះបាននោះទេ។ 
លទ្ធផលខុសពីការរំពឹងទុកនេះបានធ្វើឱ្យអ្នកគាំទ្រជាច្រើនសោកស្តាយចំពោះ ហ្វីយ៉ាតា ដែលឱកាសមួយនេះមិនអាចនាំកម្ពុជាចូលTOPបាន ប៉ុន្តែអ្នកគាំទ្របានលើកទឹកចិត្តផ្ញើសេចក្តីស្រលាញ់ចំពោះអ្នកតំណាងកម្ពុជារូបនេះព្រោះទស្សនិកជនពិតជាបានឃើញនាងប្រឹងប្រែងអស់ពីសមត្ថភាពហើយទោះបីមានរឿងជាច្រើនប៉ុន្តែនាងបានជម្នះឧបសគ្គដើម្បីមិនឱ្យបានបាត់ឈ្មោះកម្ពុជាលើឆាកអន្តរជាតិ។ យ៉ាងណាមិញ ចំណុចមួយដែលអ្នកគាំទ្រមិនអស់ចិត្តផេកផ្លូវការរបស់ Miss Universe ពុំបានបង្ហោះរូបភាពរបស់ ហ្វីយ៉ាតា នៅពេលបង្ហាញឈុតតំណាងជាតិ ចាប៉ីមាស ឈុតហែលទឹក និងឈុតរាត្រីស្រមោលសរ ហាក់បីដូចជាចៃដន្យរហូតមានមន្ទិលសង្ស័យថាផេករបស់កម្មវិធីនេះប្តូរ Admin ឬយ៉ាងណា៕










