(ភ្នំពេញ)៖ បុរសជនជាតិហុងគ្រីម្នាក់ ស្ម័គ្រចិត្តយកវត្ថុបុរាណខ្មែរមួយចំនួនដែលស្ថិតក្រោមការកាន់កាប់របស់ខ្លួន មកប្រគល់ឲ្យប្រទេសកម្ពុជាវិញ បន្ទាប់ពីវត្ថុទាំងនោះត្រូវបានគេលួ.ចយកទៅកាលពីអំឡុងសម័យសង្រ្គា.ម និងលក់បន្តឲ្យអ្នកកាន់កាប់សមុច្ច័យឯកជនអស់រយៈពេលជាច្រើនទសវត្សន៍មកហើយ។.jpg)
បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងភូមិន្ទ និងវិចិត្រសិល្បៈ នៅថ្ងៃទី២០ ខែវិច្ឆិកា បានឲ្យដឹងថា លោក István Zelnik ជនជាតិហុងគ្រី និងជាអ្នកកាន់កាប់សមុច្ច័យឯកជនមួយរូប ដែលបានប្រមូលវត្ថុសិល្បៈ នៅក្នុងតំបន់អាស៊ី រួមទាំងវត្ថុសិល្បៈខ្មែរផងដែរអស់រយៈពេលជាច្រើនទសវត្សរ៍។ លោកបានបង្កើតវិទ្យាស្ថានអាស៊ីអាគ្នេយ៍ ហុងគ្រី (Hungarian Southeast Asian Institute) នៅដើមទសវត្សរ៍ឆ្នាំ២០០០។ ក្រោមក្របខណ្ឌនៃវិទ្យាស្ថាននេះ ការស្រាវជ្រាវវិទ្យាសាស្ត្រសំខាន់ៗត្រូវបានអនុវត្តនៅតំបន់អង្គរ និងកោះកេរ ដោយមានការឧបត្ថម្ភថវិកាពីលោក Zelnik រួមទាំងការធ្វើអង្កេតបុរាណវិទ្យា ការស្រាវជ្រាវដោយបច្ចេកវិទ្យា (LIDAR) និងការសិក្សាប្រវត្តិសាស្ត្រ។ កិច្ចខិតខំប្រឹងប្រែង ទាំងនេះបានរួមចំណែកផងដែរដល់ការរៀបចំឯកសារដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ក្នុងបញ្ជីបេតិកភណ្ឌ ពិភពលោក។ នេះបើតាមក្រសួងដដែល។
.jpg)
តាមក្រសួង ក្នុងចំណោមវត្ថុសិល្បៈខ្មែរសំខាន់ៗ ដែលបានព្រមព្រៀងប្រគល់មកកម្ពុជាវិញនាពេលនេះ មានជាអាទិ៍៖ វាយនភណ្ឌសូត្រខ្មែរចំនួន១៨៣ផ្ទាំង ដែលជាគំរូសូត្រខ្មែរដ៏ល្អពិចិត្រមួយ សម្រាប់សមុច្ច័យវាយនភណ្ឌរបស់សារមន្ទីរ ជាតិកម្ពុជា និងវត្ថុសម័យបុរេប្រវត្តិសាស្ត្រ ដូចជា៖ កាក់ អង្កាំ គ្រឿងអលង្ការ និងវត្ថុប្រើប្រាស់ធ្វើពីលោហៈធាតុមានតម្លៃ សំរិទ្ធ ថ្ម និងដីដុត ដែលភាគច្រើនត្រូវបានលួចនាំចេញពីកម្ពុជា ក្នុងអំឡុងសម័យសង្គ្រាមស៊ីវិលច្រើនទសវត្សរ៍កន្លងទៅ។ ក្នុងនោះដែរ ក៏មានសមុច្ច័យសំខាន់ៗមួយចំនួនទៀតដូចជា វត្ថុធ្វើពីថ្ម និងសំរិទ្ធ ក្នុងសម័យមុនអង្គរ និងសម័យអង្គរ។
.jpg)
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ លោក Zelnik ដែលបច្ចុប្បន្នលោកមានអាយុជាង៧០ឆ្នាំហើយ ក្នុងការប្រគល់វត្ថុសិល្បៈខ្មែរទាំងអស់ជូនមកកម្ពុជាវិញ។ នាពេលកន្លងមក លោក Zelnik ក៏ធ្លាប់បានប្រគល់វត្ថុសិល្បៈខ្មែរមួយចំនួនជូនមកកម្ពុជាវិញ និងបានចូលរួមវិភាគទាន ដ៏សំខាន់ក្នុងគម្រោងស្រាវជ្រាវបុរាណវិទ្យា និងការបោះពុម្ពស្នាដៃស្រាវជ្រាវវិទ្យាសាស្ត្រជាច្រើនផងដែរពាក់ព័ន្ធនឹង បេតិកភណ្ឌវប្បធម៌ សិលាចារឹក និងសិល្បៈខ្មែរសម័យទំនើប។
ការប្រគល់វត្ថុបុរាណខ្មែរជូនមកកម្ពុជាវិញដោយស្ម័គ្រចិត្តនេះ គឺជាកាយវិការមួយដែលគួរទុកជាគំរូ។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមអំពាវនាវ និងលើកទឹកចិត្តដល់គ្រប់អ្នកកាន់កាប់សមុច្ច័យឯកជន ក៏ដូចជាស្ថាប័ននានាលើសាកលលោក ដែលកំពុងរក្សាទុកវត្ថុបុរាណរបស់កម្ពុជា សូមសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ឬតាមរយៈស្ថានទូតកម្ពុជាប្រចាំការក្នុងប្រទេសនីមួយៗ ក្នុងការសម្របសម្រួលប្រគល់សម្បត្តិវប្បធម៌ខ្មែរត្រឡប់មកកម្ពុជាវិញ។

រាជរដ្ឋាភិបាលកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកាយវិការប្រកបដោយសុឆន្ទៈនេះ។ ការប្រគល់ សម្បត្តិវប្បធម៌ខ្មែរជូនមកកម្ពុជាវិញដែលជាម្ចាស់ដើម គឺជាកាយវិការដ៏ថ្លៃថ្លាគួរឱ្យគោរព ដែលមិនត្រឹមតែបង្ហាញពី ក្រមសីលធម៌ ក្នុងការចូលរួមលើកតម្លៃដល់វប្បធម៌នៃជាតិសាសន៍មួយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួមចំណែក ដ៏ឧត្តុង្គឧត្តម ក្នុងការការពារសម្បត្តិបេតិកភណ្ឌវប្បធម៌របស់មនុស្សជាតិផងដែរ៕










