រាជធានីភ្នំពេញ៖ ក្រសួងព័ត៌មាន សម្រេចលុបចោលសុពលភាពនៃបណ្ណសម្គាល់អត្តសញ្ញាណជាអ្នកសារព័ត៌មានរបស់បុគ្គលដែលជាអ្នកកាសែតអនឡាញម្នាក់ ឱ្យធ្វើអាជីវកម្ម និងសកម្មភាពនានាក្នុងវិស័យព័ត៌មាន ក្រោយបុគ្គលនេះបានប្រព្រឹត្តកំហុសឆ្គងវិជ្ជាជីវៈធ្ងន់ធ្ងរ តាមរយៈការយកដៃទៅប៉ះពាល់រាងកាយ និងប្រើពាក្យសម្ដីមិនសមរម្យលើស្រ្តីជាជនសង្ស័យម្នាក់ ដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួន។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួង នៅល្ងាចថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ នៅពេលកម្លាំងសមត្ថកិច្ចចុះបង្ក្រាបករណីរំដោះឧក្រិដ្ឋជនជនជាតិវៀតណាម ចេញពីសាលាដំបូងខេត្តស្វាយរៀង មានរូបភាពដែលត្រូវបានបង្ហោះអមដោយការអត្ថាធិប្បាយជាមួយពាក្យសម្តីមិនសមរម្យលើរូបរាងកាយស្ត្រី និងការយកដៃទៅអង្អែលថ្ពាល់របស់ជនសង្ស័យជាស្ត្រី។
.jpg)
តាមការស្រាវជ្រាវ ភាសាដែលបានប្រើប្រាស់ និងដៃដែលអង្អែលថ្ពាល់ស្ត្រីជនសង្ស័យ គឺជាដៃរបស់អ្នកកាសែតអនឡាញម្នាក់ឈ្នោះ ខាន់ សារ័ត្ន ដែលរស់នៅនិងបម្រើការនៅខេត្តស្វាយរៀង។ ទង្វើនេះជាទង្វើខ្វះសីលធម៌ និងបានរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ដែលហាមឃាត់ មិនឱ្យអ្នកសារព័ត៌មានប្រើប្រាស់ពាក្យសម្តី និងបៀតបៀនរូបរាងកាយរបស់ស្ត្រីឡើយ។ .jpg)
វិធានការនៅចំពោះមុខ គឺក្រសួងព័ត៌មានបានសម្រេចលុបចោលសុពលភាពនៃបណ្ណសម្គាល់អត្តសញ្ញាណជាអ្នកសារព័ត៌មានរបស់បុគ្គលឈ្មោះ ខាន់ សារ័ត្ន នេះភ្លាមៗក្រោយពីបានរកឃើញមានកំហុសឆ្គងវិជ្ជាជីវៈធ្ងន់ធ្ងរ។ ក្រសួងព័ត៌មាន ក៏បានដាក់បុគ្គលនេះក្នុងបញ្ជីហាមឃាត់មិនអនុញ្ញាតឱ្យធ្វើអាជីវកម្ម និងសកម្មភាពនានាក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ចាប់ពីពេលនេះតទៅ។ បន្ថែមលើនេះ នៅព្រឹកស្អែក មន្ត្រីជំនាញនៃក្រសួងព័ត៌មាននឹងកោះហៅបុគ្គលឈ្មោះ ខាន់ សារ័ត្ន នេះមកធ្វើការណែនាំនិងអនុវត្តវិធានការស្របតាមលិខិតបទដ្ឋានគតិយុត្តនិងច្បាប់ជាធរមាន។ 
គួរជម្រាបថា សកម្មភាពរបស់អ្នកកាសែតខាងលើបានប្រព្រឹត្ត ទទួលបាននូវមតិប្រតិកម្ម និងរិះគន់យ៉ាងខ្លាំងពីសំណាក់មហាជននៅក្នុងបណ្ដាញសង្គម ដោយទង្វើអសីលធម៌នេះនឹងនាំឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ និងកិត្តិយសអ្នកសារព័ត៌មាននៅកម្ពុជា ជាពិសេសពាក់ព័ន្ធនឹងរឿងអាស្រូ.វបៀតបៀនលើស្រ្តីបែបនេះ ដែលកម្ពុជាកំពុងដាក់ពាក្យបណ្ដឹ.ង និងថ្កោលទោសចំពោះទង្វើស្មោ.គ.គ្រោ.ករបស់ទាហានថៃលើស្រ្តីខ្មែរម្នាក់ផងដែរ។
.jpg)
យ៉ាងណាក៏ដោយ ក្រសួងព័ត៌មានក៏បានអំពាវនាវដល់បងប្អូនអ្នកសារព័ត៌មានផ្សេងទៀត និងសាធារណជន មេត្តាបញ្ឈប់ការចែកចាយ និងផ្សព្វផ្សាយនូវរូបភាពឃ្លីបវីដេអូដែលមានបញ្ហានេះ និងសូមក្រើនរំឭកដល់អ្នកសារព័ត៌មានទាំងអស់សូមប្រកាន់ខ្ជាន់នូវក្រមសីលធម៌វិជ្ជាជីវៈ ស្របតាមធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន និងច្បាប់ជាធរមាន៕










