ជប៉ុនបានបញ្ជូនមន្ត្រីការទូតជាន់ខ្ពស់ទៅចិនដើម្បីបន្ធូរភាពតានតឹងបណ្តាលមកពីសម្តីនាយករដ្ឋមន្ត្រីស្រីជប៉ុនចង់បញ្ជូនកងទ័ពទៅការពារតៃវ៉ាន់បើមានការឈ្លានពានពីបរទេស ខណៈរដ្ឋាភិបាលចិនចាត់ទុកពាក្យសម្តីនេះជាកំហុសដ៏ធ្ងន់ធ្ងរ និងស្នើឱ្យនាយករដ្ឋមន្ត្រីជប៉ុនដកពាក្យសម្តីវិញ បើមិនដូច្នោះទេ ជប៉ុននឹងទទួលលទ្ធផលតបស្នងមិនខាន ។
បន្ទាប់ពីនាយករដ្ឋមន្ត្រីជប៉ុនបង្ហាញគោលជំហរគាំទ្រតៃវ៉ាន់ ចិនបានបើកនាវាចូលដែនទឹកជប៉ុនក្បែរប្រជុំកោះសេនកាគុ ធ្វើឱ្យជប៉ុនថ្កោលទោសពុំអាចទទួលយកទង្វើរបស់ចិន ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសកាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ។
នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi បាននិយាយមកកាន់រដ្ឋសភាជប៉ុនកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ថា បើចិនវាយប្រហារតៃវ៉ាន់ គឺនឹងគំរាមកំហែងជប៉ុនដែរ ជប៉ុនអាចនឹងបញ្ជូនកងទ័ពទៅជួយតៃវ៉ាន់ ។ បន្ទាប់ពីនាយករដ្ឋមន្ត្រីជប៉ុននិយាយបែបនេះ ចិនក៏បានកោះហៅមន្ត្រីទូតជប៉ុនមកបំភ្លឺ និងបង្ហាញការបារម្ភយ៉ាងខ្លាំងទៅលើគោលជំហរសន្តិសុខរបស់ជប៉ុន ទាំងគោលនយោបាយមិនច្បាស់លាស់ពាក់ព័ន្ធនឹងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ និងត្រៀមប្រើប្រាស់នាវាមុជទឹកនុយក្លេអ៊ែរ ។.jpg)
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian និយាយថា ពាក្យសម្តីរបស់នាយករដ្ឋមន្ត្រីជប៉ុនខ្វះការទទួលខុសត្រូវ និងបង្កគ្រោះថ្នាក់ខ្លាំង ។ លោកដាស់តឿនឱ្យជប៉ុនសិក្សាពីប្រវត្តិសាស្ត្រ កុំបញ្ជូនកងទ័ពមកជ្រៀតជ្រែតរឿងតៃវ៉ាន់ ពីព្រោះជាការឈ្លានពាន និងបង្កើនជម្លោះការទូតដោយសារពាក្យសម្តីរបស់នាយករដ្ឋមន្ត្រីជប៉ុន ។ ចិននឹងការពាអធិបតេយ្យក្រោមច្បាប់អន្តរជាតិ ដោយប្រឆាំងដាច់ខាតចំពោះពាក្យសម្តីនេះ បញ្ហាតៃវ៉ាន់ជាកិច្ចការផ្ទៃក្នុងរបស់ចិន ជប៉ុនមិនគួរលេងជាមួយភ្លើងទេ ពីព្រោះនឹងធ្វើឱ្យទំនាក់ទំនងចិន-ជប៉ុនដែលកំពុងតានតឹងកាន់តែធ្លាក់ចុះ ។
តាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន NHK ជប៉ុនបានបញ្ជូនមន្ត្រីជាន់ខ្ពស់មកពីក្រសួងការបរទេសធ្វើដំណើរទៅទីក្រុងប៉េកាំង ដើម្បីពិភាក្សាពីស្ថានការណ៍តានតឹងរវាងជប៉ុននិងចិន ក្រោយពីនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi និយាយមកកាន់រដ្ឋសភាពាក់ព័ន្ធនឹងតៃវ៉ាន់ ។ ពាក្យសម្តីនេះធ្វើឱ្យចិនមិនពេញចិត្តយ៉ាងខ្លាំង រហូតដល់កោះហៅមន្ត្រីទូតជប៉ុនមកបំភ្លឺ ហើយចិនថែមទាំងហាមពលរដ្ឋកុំធ្វើដំណើរទៅជប៉ុនផងដែរ ។.png)
លោក ខាណាអិ ម៉ាសាអាគិ ប្រធានការិយាល័យកិច្ចការអាស៊ីក្រសួងការបរទេសជប៉ុនបានធ្វើដំណើរមកដល់ចិនកាលពីថ្ងៃទី១៧ ខែវិច្ឆិកា និងជួបលោក Liu Jinsong ប្រធានការិយាល័យកិច្ចការអាស៊ីក្រសួងការបរទេសចិន ដើម្បីបកស្រាយពីពាក្យសម្តីនាយករដ្ឋមន្ត្រីជប៉ុនពាក់ព័ន្ធនឹងតៃវ៉ាន់ ។ លោកបញ្ជាក់ពីគោលជំហររបស់រដ្ឋាភិបាលជប៉ុនចំពោះតៃវ៉ាន់ គឺមិនផ្លាស់ប្តូរឡើយ ហើយលោកព្យាយាមប្រាប់ចិនឱ្យយល់ពីមតិផ្សេងគ្នាមិនប៉ះពាល់ដល់ពលរដ្ឋប្រទេសទាំងពីរទេ ។ លោកក៏បានតវ៉ាជាមួយចិនករណីមន្ត្រីកុងស៊ុលចិនប្រចាំទីក្រុងអូសាកា បង្ហោះសារគំរាមជប៉ុនក្នុងបណ្តាញសង្គម ដែលធ្វើឱ្យស្ថានការណ៍កាន់តែតានតឹង ។.jpg)
ដោយឡែក មន្ត្រីរដ្ឋាភិបាល និងមន្ត្រីគណបក្សប្រឆាំងជប៉ុនបានអំពាវនាវឱ្យរដ្ឋាភិបាលជប៉ុនចាត់វិធានការមន្ត្រីកុងស៊ុលចិនដែលបង្ហោះសារគំរាមជប៉ុនក្នុងបណ្តាញសង្គម ដោយការនិរទេសពីប្រទេសជប៉ុន ។ ប៉ុន្តែរដ្ឋាភិបាលជប៉ុននឹងតាមដានអាកប្បកិរិយារបស់ចិន ក្រោយពីជប៉ុនបញ្ជូនមន្ត្រីក្រសួងការបរទេសទៅចរចាជាមួយចិន ដោយរំពឹងថា នឹងអាចកាត់បន្ថយស្ថានការណ៍តានតឹងរវាងប្រទេសទាំងពីរ ។
គួរបញ្ជាក់ថា ចិនបានបញ្ជូននាវាចូលក្នុងដែនទឹកជប៉ុននៅប្រជុំកោះសេនកាគុ កាលពីពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោយពីនាយករដ្ឋមន្ត្រីជប៉ុនបង្ហាញគោលជំហរគាំទ្រតៃវ៉ាន់ ។ ជប៉ុនមិនអាចទទួលយកទង្វើរបស់ចិនទេ និងចាត់ទុកនាវាចិនចូលដែនទឹកជប៉ុនជាការល្មើសច្បាប់អន្តរជាតិ និងអំពាវនាវឱ្យរដ្ឋាភិបាលចិនចរចាការទូតដើម្បីកាត់បន្ថយស្ថានការណ៍តានតឹង ៕










