ប្រទេសថៃ ៖ ស្ថានការណ៍នៅតំបន់ព្រំដែនកម្ពុជា-ថៃបានតានតឹងឡើងវិញបន្ទាប់ពីនាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul បញ្ចប់កិច្ចព្រមព្រៀងសន្តិភាពជាឯកតោភាគី ដោយចោទប្រកាន់កម្ពុជាបង្កប់មីនថ្មីធ្វើឱ្យកងទ័ពថៃរងរបួស និងយកបញ្ហាមីនជាលេសមិនដោះលែងវីរកងទ័ពកម្ពុជាទាំង១៨រូបដែលថៃចាប់ខ្លួនដោយខុសច្បាប់ ។ ការបញ្ចប់កិច្ចព្រមព្រៀងធ្វើឱ្យមតិនានាបារម្ភពីផលប៉ះពាល់ដល់ការចរចាពាណិជ្ជកម្មរវាងថៃ-អាមេរិក ពីព្រោះលោកប្រធានាធិបតី Donald Trump កំណត់ឱ្យកម្ពុជា-ថៃចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព ។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ អ្នកស្រី Suphajee Suthumpun បាននិយាយនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ថា ការបង្កជម្លោះជាមួយកម្ពុជានឹងមិនប៉ះពាល់ដល់ការចរចាពាណិជ្ជកម្មជាមួយអាមេរិកទេ អាមេរិកនឹងយល់ពីថៃដែលសម្រេចចិត្តបញ្ចប់កិច្ចព្រមព្រៀងសន្តិភាពជាឯកតោភាគី ។ អ្នកស្រីជឿថា អាមេរិកនឹងមិនលើកពីកិច្ចព្រមព្រៀងសន្តិភាពដើម្បីពន្យារពេល ឬឈប់ចរចាពាណិជ្ជកម្មជាមួយថៃ ដោយសារថៃប្រាប់អាមេរិកថា កម្ពុជាល្មើសកិច្ចព្រមព្រៀងមុន ដូច្នេះ ការចរចាពាណិជ្ជកម្មជាមួយអាមេរិកនឹងសម្រេចតាមគោលដៅនាចុងឆ្នាំ២០២៥ ។

អ្នកស្រី Suphajee បាននិយាយពីមតិនានាបារម្ភពីថៃបង្កជម្លោះជាមួយកម្ពុជានឹងប៉ះពាល់ដល់ការចរចាពាណិជ្ជកម្មរវាងថៃ-អាមេរិក ថាការចរចាពាណិជ្ជកម្មជាមួយអាមេរិកបានដំណើរការទៅមុខ និងមិនប៉ះពាល់ឡើយ ពីព្រោះថៃប្រាប់អាមេរិកថា កម្ពុជាល្មើសកិច្ចព្រមព្រៀងសន្តិភាពដោយបង្កប់មីនធ្វើឱ្យកងទ័ពថៃរងរបួស ។ ហេតុនេះ រដ្ឋាភិបាលថៃទទួលយកមិនបានទេ ហើយសង្ឃឹមអាមេរិកនឹងយល់ពីបញ្ហានេះ អាមេរិកមិនគួរយកហេតុផលជម្លោះកម្ពុជា-ថៃមកពន្យារពេល ឬបញ្ឈប់ការចរចាពាណិជ្ជកម្ម ។

ដោយឡែក ការពិភាក្សាជាមួយមន្ត្រីពាណិជ្ជកម្មអាមេរិកក្នុងកិច្ចប្រជុំ APEC នៅប្រទេសកូរ៉េខាងត្បូងកន្លងមក អាមេរិកបានបញ្ជាក់យ៉ាងច្បាស់ពីបញ្ហានយោបាយមិនពាក់ព័ន្ធនឹងពាណិជ្ជកម្ម ហើយអាមេរិកជំរុញឱ្យការចរចាពាណិជ្ជកម្មជាមួយថៃទទួលបានលទ្ធផលនាចុងឆ្នាំ២០២៥ ។ វាស្របនឹងគោលជំហររបស់ថៃ និងតម្រូវការរបស់ក្រុមហ៊ុនឯកជនប្រទេសទាំងពីរដែលចង់ឃើញភាពច្បាស់លាស់ផ្នែកពាណិជ្ជកម្ម និងការវិនិយោគ ។

អ្នកស្រី Suphajee បន្តថា អាមេរិកជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់ថៃ រដ្ឋាភិបាលថៃផ្តោតលើការរក្សាតុល្យភាពពាណិជ្ជកម្ម និងសម្ព័ន្ធភាពជាមួយអាមេរិកជាដៃគូពាណិជ្ជកម្ម ព្រមទាំងបន្តសហការសេដ្ឋកិច្ច ។ រដ្ឋាភិបាល និងក្រសួងពាណិជ្ជកម្មថៃ នៅតែបន្តចរចាពាណិជ្ជកម្មជាមួយអាមេរិកដើម្បីផលប្រយោជន៍ក្រុមហ៊ុននាំចេញទំនិញថៃ ក៏ដូចជាស្វែងរកទីផ្សារថ្មី កាត់បន្ថយការពឹងផ្អែកលើទីផ្សារចាស់ ។

គួរបញ្ជាក់ថា ថៃបានបញ្ចប់កិច្ចព្រមព្រៀងសន្តិភាពជាឯកតោភាគី និងបង្កជម្លោះជាមួយកម្ពុជាជាថ្មី ធ្វើឱ្យមតិមួយចំនួនបារម្ភពីផលប៉ះពាល់ដល់ទំនងរវាងថៃ-អាមេរិក ពីព្រោះលោកប្រធានាធិបតី Donald Trump ចង់ឃើញថៃគោរពកិច្ចព្រមព្រៀងសន្តិភាព គោរពបទឈប់បាញ់ ។ អាកប្បកិរិយាបាតដៃ ខ្នងដៃរបស់រថៃធ្វើឱ្យបាត់បង់ផលប្រយោជន៍ ជាពិសេស បាត់បង់មិត្តជាមហាអំណាច នៅទីបំផុត ថៃនឹងឯកកោពីសហគមន៍អន្តរជាតិ ៕

កាលពីថ្ងៃទី១២ ខែវិច្ឆិកា លោកនាយករដ្ឋមន្ត្រី Anutin បាននិយាយមិនកោតក្រែងអាមេរិក និងមិនចាប់អារម្មណ៍លោក Donald Trump ដំឡើងពន្ធទំនិញថៃក្នុងអត្រាខ្ពស់ដោយសារការបញ្ចប់កិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា ដែលចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ក្រោមវត្តមានប្រធានាធិបតីអាមេរិក និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ៕