ប្រទេសថៃ ៖ ក្រោយពីនាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul ប្រកាសកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ ថា កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ដែលចុះហត្ថលេខានៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៦ ខែតុលា ក្រោមវត្តមានប្រធានាធិបតីអាមេរិក លោក Donald Trump និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ដល់ទីបញ្ចប់ហើយ ដោយចោទប្រកាន់កម្ពុជាបង្កប់មីនថ្មីធ្វើឱ្យកងទ័ពខ្លួនរងរបួសនៅខេត្តស៊ីសាកេត គណបក្សប្រជាជន (គណបក្សប្រឆាំង) បានចេញសេចក្តីថ្លែងការណ៍ណែនាំឱ្យរដ្ឋាភិបាលថៃអនុវត្តការទូត គឺនាយករដ្ឋមន្ត្រីថៃត្រូវទូរស័ព្ទទៅលោក Trump និងលោក Anwar ដើម្បីទម្លាក់កំហុសលើកម្ពុជាបំពានកិច្ចព្រមព្រៀងសន្តិភាព រួមទាំងផ្ញើលិខិតទៅអាមេរិកឱ្យបញ្ឈប់កិច្ចសហការកងទ័ពជាមួយកម្ពុជា ។
គណបក្សប្រជាជនបានបង្ហោះសេចក្តីថ្លែងការណ៍ក្នុងហ្វេសប៊ុកក្រោមចំណងជើងថា «សំណើបន្ទាន់ករណីជម្លោះកម្ពុជា-ថៃ រដ្ឋាភិបាលថៃត្រូវតែប្រញាប់អនុវត្តការទូតដើម្បីមានប្រៀបលើកម្ពុជា» ។ ការចេញសេចក្តីថ្លែងការណ៍របស់គណបក្សនេះ ក្រោយពីកងថៃប្រឌិតរឿងកងទ័ពខ្លួន២នាក់ ជាន់មីនរងរបួសនៅតំបន់ហួយតាម៉ារៀ ស្រុកកាន់ថាឡាក់ ខេត្តស៊ីសាកេត (ទល់មុខប្រាសាទព្រះវិហារ) និងចោទប្រកាន់កម្ពុជាបង្កប់មីនថ្មី ហើយធ្វើឱ្យលោកនាយករដ្ឋមន្ត្រី Anutin ប្រកាសឈប់អនុវត្តកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជាដែលចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ។
គណបក្សប្រជាជនបានណែនាំវិធានការការទូតដល់រដ្ឋាភិបាលថៃដើម្បីមានប្រៀបលើកម្ពុជា ក្រោយពីថៃប្រកាសឈប់អនុវត្តកិច្ចព្រមព្រៀងសន្តិភាពជាឯកតោភាគី ក្រោមហេតុផលកងទ័ពខ្លួនជាន់មីន ដោយឱ្យលោកនាយករដ្ឋមន្ត្រី Anutin ទូរស័ព្ទជជែកជាមួយប្រធានាធិបតីអាមេរិក លោក Trump និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar ជាបន្ទាន់ ក្នុងឋានៈបុគ្គលទាំង២រូបបានធ្វើសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព ដោយបញ្ជាក់ពីគោលជំហរថា ថៃចង់គោរពកិច្ចព្រមព្រៀងសន្តិភាព ថៃបានអនុវត្តកិច្ចព្រមព្រៀងរហូតមក និងទម្លាក់កំហុសលើកម្ពុជាល្មើសកិច្ចព្រមព្រៀង ។ ថៃត្រូវប្រាប់អាមេរិកថា ចង់ឱ្យកម្ពុជាទទួលខុសត្រូវចំពោះហេតុការណ៍ផ្ទុះមីន ថៃនឹងប្រើប្រាស់សិទ្ធិការពារខ្លួន បើកម្ពុជាបំផ្លាញសន្តិភាព ។
គណបក្សនេះថែមទាំងណែនាំឱ្យរដ្ឋាភិបាលថៃប្រញាប់អនុវត្តការទូតជាមួយអន្តរជាតិ មុនពេលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ទូរស័ព្ទទៅប្រធានាធិបតីអាមេរិក លោក Trump និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar ពីព្រោះគណបក្សយល់ថា ការជជែកផ្ទាល់ជាមួយមេដឹកនាំពិភពលោក ដើម្បីឱ្យថៃមានប្រៀបប្រាប់ពីគោលជំហរ និងរាយការណ៍ស្ថានការណ៍លម្អិត ។ លើសពីនេះ ត្រូវនិយាយថា ថៃចង់រក្សាកិច្ចព្រមព្រៀងសន្តិភាព និងទម្លាក់កំហុសលើកម្ពុជាបំពានកិច្ចព្រមព្រៀងសន្តិភាពដើម្បីកុំឱ្យថៃរងការស្ទីបន្ទោសពីអន្តរជាតិ ។
គណបក្សណែនាំឱ្យរដ្ឋាភិបាលថៃផ្ញើលិខិតជាផ្លូវការអំពាវនាវឱ្យអាមេរិកបញ្ឈប់កិច្ចសហការកងទ័ពជាមួយកម្ពុជា ហើយរដ្ឋាភិបាលថៃត្រូវរាយការណ៍ទៅអាមេរិកដោយទម្លាក់កំហុសលើកម្ពុជាថា បំផ្លាញកិច្ចព្រមព្រៀងសន្តិភាពដែលជាបំណងប្រាថ្នារបស់លោក Trump ។ ក្រៅពីនេះ ត្រូវលាបពណ៌កម្ពុជាជាប្រទេសឆបោកអនឡាញ និងកន្លែងលាយលុយកខ្វក់ ដោយថៃត្រូវសុំកិច្ចសហការពីពិភពលោកចាត់ការបញ្ហានេះ បើទោះជាថៃជាប្រទេសឆបោកអនឡាញដ៏ធំលើពិភពលោកក្តី ។ គណបក្សនេះជំរុញឱ្យរដ្ឋាភិបាលថៃអនុវត្តការទូតដើម្បីមានប្រៀបជាមួយអន្តរជាតិ រួមទាំងអាចទម្លាក់កំហុសលើកម្ពុជា ថាជាភាគីបំពានកិច្ចព្រមព្រៀងសន្តិភាព ព្រមទាំអត្រូវពន្យល់ប្រាប់ពិភពលោកពីថៃប្រើប្រាស់កម្លាំងទ័ពនៅព្រំដែន គឺដើម្បីការពារខ្លួន ។
គួរបញ្ជាក់ថា ហេតុការណ៍ផ្ទុះមីននៅតំបន់ហួយតាម៉ារៀ ស្រុកកាន់ថាឡាក់ ខេត្តស៊ីសាកេត គ្រាន់តែជាការសម្តែងបំភាន់ភ្នែករបស់ថៃប៉ុណ្ណោះ ដើម្បីកុំឱ្យអាមេរិកដាក់សម្ពាធឱ្យថៃដោះលែងវីរកងទ័ពកម្ពុជាទាំង១៨រូប ព្រមទាំងជាលេសលុបចោលកិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងកូឡាឡាំពួរ ដែលប្រធានាធិបតីអាមេរិកព្យាយាមឱ្យកម្ពុជា-ថៃទទួលបានសន្តិភាពពេញលេញ ។ ថៃមិនសប្បាយចិត្តយ៉ាងខ្លាំងដែលអាមេរិកមានទំនាក់ទំនងល្អ និងមានកិច្ចសហការកងទ័ពជាមួយកម្ពុជា ទើបព្យាយាមរកល្បិចឱ្យអាមេរិកលុបចោលកិច្ចសហការកងទ័ពជាមួយកម្ពុជា ដោយចោទប្រកាន់កម្ពុជាបង្កប់មីន ។
អាជ្ញាធរមីនកម្ពុជាសោកស្តាយចំពោះសារព័ត៌មានថៃមួយចំនួនដែលបានផ្សព្វផ្សាយក្នុងចេតនាចោទប្រកាន់ និងបង្ខូចកេរ្តិ៍ឈ្មោះកម្ពុជា ប្រើប្រាស់ និងដាក់មីនថ្មី ខណៈកម្ពុជាកំពុងខិតខំប្រឹងប្រែងលុបបំបាត់គ្រាប់មីន និងទុក្ខវេទនារបស់សហគមន៍ ដែលបង្កឡើងដោយមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ព្រមទាំងទទួលបានការវាយតម្លៃខ្ពស់ពីសហគមន៍អន្តរជាតិ ថាជាប្រទេសគំរូ និងឈានមុខក្នុងវិស័យសកម្មភាពមីនសាកល ។ ការចោទប្រកាន់គ្មានមូលដ្ឋាននេះ ប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងនៃក្រុមការងារសម្របសម្រួលរួម (JCTF) ដែលបានបង្កើតឡើងដោយប្រទេសទាំងពីរ ដើម្បីជំរុញដល់ការបោសសម្អាតមីនមនុស្សធម៌ និងបង្កើនទំនុកចិត្តរវាងគ្នានៅតាមបណ្តោយព្រំដែន ៕










