ប្រទេសថៃ៖ លោក អនុទីន ឆានវីរៈគុល នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានហែកចោលសេចក្ដីថ្លែងការណ៍រួម និងធ្វើការប្រកាសក្នុងឯកសណ្ឋានជាយោធាថា «សន្តិភាពត្រូវបានបញ្ចប់ហើយ» ក្នុងនាមថៃជាប្រទេសឯករាជ្យ ការសម្រេចចិត្តនេះនឹងមិនចាំបាច់ត្រូវរាយការណ៍ ឬពិភាក្សាជាមួយភាគីណាមួយឡើយ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod ។

នៅរសៀល ថ្ងៃទី 11 ខែវិច្ឆិកា ឆ្នាំ 2025 លោក អនុទីន ក្នុងឱកាសចុះត្រួតពិនិត្យនៅមូលដ្ឋានប្រតិបត្តិការឥន្ទ្រាម៉ាន់ (ភូម៉ាក់ឃួ) ស្រុកកន្ទាឡាក់ ខេត្តស៊ីសាកេត បានប្រកាសថា ចំណុចទាំង៤ ដែលកន្លងមកបានឯកភាពគ្នាជាមួយកម្ពុជានៅក្នុងកិច្ចព្រមព្រៀងសន្តិភាពនោះ នឹងមិនត្រូវបានថៃអនុវត្តបន្តទៀតទេ ពោលគឺរដ្ឋាភិបាលថៃនឹងប្រគល់សិទ្ធិអំណាចទៅឲ្យកងទ័ពក្នុងការដោះស្រាយបញ្ហាព្រំដែន។

លោក អនុទីន បានបន្ថែមថា ការសម្រេចបញ្ចប់កិច្ចព្រមព្រៀងសន្តិភាពជាផ្លូវការជាមួយកម្ពុជា នឹងត្រូវធ្វើឡើងចាប់ពីពេលប្រកាសនេះទៅតែម្ដង ដោយមិនត្រូវការរាយការណ៍ទៅកាន់លោក ដូណាល់ ត្រាំ ឬភាគីណាមួយឡើយ។ លោកបានគូសបញ្ជាក់ថា «ក្នុងនាមថៃ គឺជាប្រទេសប្រជាធិបតេយ្យមួយ និងឯករាជ្យ ដូច្នេះលោកមិនចាំបាច់រាយការណ៍ទៅកាន់នរណាម្នាក់ទៀតឡើយ។ ចាប់ពីពេលនេះតទៅ លោកនឹងធ្វើអ្វីដែលមានប្រយោជន៍សម្រាប់ប្រទេសថៃតែប៉ុណ្ណោះ ប្រសិនបើយើងត្រូវឆ្លើយតប យើងនឹងឆ្លើយតបភ្លាមៗតែម្ដង ដោយមិនចាំបាច់មានការពិភាក្សា ការពិគ្រោះយោបល់ ឬការអនុញ្ញាតពីភាគីណាមួយឡើយ។

ជាមួយនឹងការប្រកាសគេបានកត់សម្គាល់ឃើញថា ប្រទេសថៃកំពុងតែត្រៀមបញ្ជូនអាវុ.ធ និងកងទ័ពមកកាន់ព្រំដែនវិញផងដែរ។ ជុំវិញសកម្មភាពនេះ លោក ណាត់ថាផន ណាក់ផានិត បានបដិសេធសុំមិនពន្យល់លម្អិតទៅកាន់អ្នកកាសែត ដោយលើកឡើងត្រឹមថា ប្រទេសថៃមាននីតិវិធីរួចជាស្រេចសម្រាប់ការប្រើប្រាស់កម្លាំងយោធា។

យ៉ាងណាមិញ ក្រោយបានឃើញពីការប្រកាសខាងលើរបស់ថៃ មេបញ្ជាការកងកម្លាំងការពារជាតិម៉ាឡេស៊ី ឧត្តមសេនីយ៍ Tan Sri Mohd Nizam Jaffar បានប្រាប់ទៅកាន់ថៃចំៗថា ថៃត្រូវតែបន្ត «កិច្ចព្រមព្រៀងសន្តិភាព» និងគ្មានការរំខានណាមួយឡើយ ព្រោះការពន្យារពេលណាមួយអាចប្រឈមនឹងហានិភ័យនៃការវិលត្រឡប់ទៅរកជម្លោះតានតឹងដូចកាលពីមុនវិញ។

ដូចគ្នានេះដែរ រាជរដ្ឋាភិបាលកម្ពុជា ក៏បានបង្ហាញសញ្ញាព្រួយបារម្ភយ៉ាងខ្លាំងផងដែរចំពោះ ការសម្រេចចិត្តដោយឯកតោភាគីរបស់ភាគីថៃ ប៉ុន្តែកម្ពុជា នឹងនៅតែបន្តប្តេជ្ញាចិត្តក្នុងការធ្វើការឱ្យបានជិតស្និទ្ធជាមួយភាគីថៃ ក្នុងការលើកកម្ពស់សន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ ជាពិសេសធានាដល់សន្តិសុខ និងសុវត្ថិភាពរបស់ប្រជាជនស៊ីវិល ស្របតាមសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជានិងថៃ ដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥៕