ប្រទេសថៃ៖ អនុរដ្ឋមន្រ្តីក្រសួងការពារជាតិថៃ លោក ណាត់ថានផន ណាក់ផានិត បាននិយាយបន្ទាប់ពីកិច្ចប្រជុំដ៏តានតឹងជាមួយរដ្ឋមន្រ្តីនៅមុននេះបន្តិចថា ប្រទេសថៃនឹងបើកភ្លើងខៀវដល់យោធាក្នុងការដោះស្រាយស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ទៅតាមការចាំបាច់ ដោយនឹងមិនចរចាអ្វីទៀតនោះទេប្រសិនបើកម្ពុជាមិនទទួលខុសត្រូវចំពោះទាហានថៃដែលរងរបួសដោយសារគ្រាប់មីន។ នេះបើតាមសារព័ត៌មាន Khaosod ។
បន្ទាប់ពីសម្រេចផ្អាកការអនុវត្តសេចក្ដីថ្លែងការណ៍រួមរវាងកម្ពុជា-ថៃ ដែលបានចុះហត្ថលេខាកាលពីចុងខែតុលាកន្លងមក ពេលនេះក្រុមប្រឹក្សាសន្តិសុខជាតិរបស់ថៃបានប្រជុំសម្រេចថានឹងផ្ដល់សិទ្ធិដល់យោធា ក្នុងការចាត់វិធានការចាំបាច់ដើម្បីដោះស្រាយបញ្ហាព្រំដែនជាមួយកម្ពុជា។ លោក ណាត់ថានផន ណាក់ផានិត បាននិយាយថា ប្រទេសថៃមាននីតិវិធីសម្រាប់ការប្រើប្រាស់កម្លាំង រួមទាំងការព្រមាន និងការបាញ់ប្រហារចាប់ពីអាវុ.ធធុនស្រាល រហូតដល់អាវុធធ្ងន់ ប៉ុន្តែលោកបានបដិសេធសុំមិនពន្យល់លម្អិត។
លោកបន្ថែមថា ប្រតិបត្តិការយោធាថៃ នឹងធ្វើឡើងនៅក្នុងដែនអធិបតេយ្យភាពរបស់ថៃ ដោយយោធាថៃ នឹងអនុវត្តទៅតាមស្ថានភាពជាក់ស្តែង ហើយកិច្ចពិភាក្សាអន្តរជាតិ នឹងត្រូវធ្វើឡើងទៅតាមនីតិវិធី នៃច្បាប់អន្តរជាតិ។
ជាមួយគ្នានេះផងដែរ ក្រសួងការបរទេសថៃ ក៏កំពុងរៀបចំពាក្យបណ្តឹង ដើម្បីប្តឹងកម្ពុជា ដោយជំរុញឱ្យកម្ពុជាទទួលខុសត្រូវ និងសុំទោសទាហានថៃដែលរងរបួស ប្រសិនបើកម្ពុជាចង់វិលត្រឡប់ទៅរកសភាពដើមឡើងវិញ ដោយជំហរអនាគតរបស់ថៃម្តងនេះ អាស្រ័យលើគោលជំហររបស់កម្ពុជាហើយ ពោលគឺស្ថានការណ៍នឹងធូរស្រាល ឬកាន់តែតានតឹង គឺថៃនឹងរង់ចាំមើលទង្វើរបស់កម្ពុជា។
បន្ថែមលើនោះ លោក ស៊ីហាសាក់ ភួងកេតកែវ រដ្ឋមន្ត្រីក្រសួងការបរទេសថៃ បានថ្លែងថា ប្រទេសថៃ បានផ្អាកជាផ្លូវការហើយ ដោយថៃនឹងមិនអនុវត្តទៅតាម “កិច្ចព្រមព្រៀងសន្តិភាព” ដែលបានចុះហត្ថលេខារួមគ្នា នៅប្រទេសម៉ាឡេស៊ីនោះឡើយ ដើម្បីបញ្ឈប់នូវការបញ្ជូនកងទ័ពកម្ពុជាទាំង ១៨រូបត្រឡប់មកកម្ពុជាវិញ»។
យ៉ាងណាមិញ តាមសេចក្ដីថ្លែងការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាសូមបដិសេធយ៉ាងដាច់អហង្ការចំពោះរាល់ការចោទប្រកាន់របស់ប្រទេសថៃ ដែលថាកម្ពុជាបានដាក់មីនថ្មីនៅតាមព្រំដែនជាមួយប្រទេសថៃ។ ចាប់តាំងពីក្លាយជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា កម្ពុជាតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍ និងកាតព្វកិច្ចរបស់ខ្លួននៅក្រោមច្បាប់អន្តរជាតិ ដោយមិនដែលដាក់មីនថ្មីដែលគំរាមកំហែងដល់សន្តិសុខ និងសុវត្ថិភាពរបស់មនុស្សជាតិនោះឡើយ។
រាជរដ្ឋាភិបាលកម្ពុជា ក៏បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងផងដែរចំពោះ ការសម្រេចចិត្តដោយឯកតោភាគីរបស់ភាគីថៃ ក្នុងការផ្អាកការអនុវត្តសេចក្តីថ្លែងការណ៍រួម ប៉ុន្តែកម្ពុជា នឹងនៅតែបន្តប្តេជ្ញាចិត្តក្នុងការធ្វើការឱ្យបានជិតស្និទ្ធជាមួយភាគីថៃ ក្នុងការលើកកម្ពស់សន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ ជាពិសេសធានាដល់សន្តិសុខ និងសុវត្ថិភាពរបស់ប្រជាជនស៊ីវិល ស្របតាមសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជានិងថៃ ដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥៕










