ឥណ្ឌូណេសុីបាតុកម្ម, កម្ពុជា-ថៃឈ្លោះគ្នា, ហ្វីលីពីនជួបគ្រោះធម្មជាតិ និងបញ្ហាមួយចំនួនរបស់ប្រទេសក្នុងតំបន់ផ្សេងទៀត បានជំរុញឲ្យវៀតណាមក្លាយជាគោលដៅទេសចរណ៍ដែលល្អបំផុតតែមួយគត់នៅអាសុីអាគ្នេយ៍ និងទទួលបានផលចំណេញយ៉ាងច្រើនលើសលប់។ គេរំពឹងថា វៀតណាមនឹងទទួលបានភ្ញៀវទេសចរចន្លោះពី ២២ ទៅ ២៥ លាននាក់ ក្នុងឆ្នាំ២០២៥ នេះ។
.jpg)
យោងតាមអត្ថបទព័ត៌មានរបស់គេហទំព័រ Nikkei Asia កាលពីថ្ងៃទី ៧ វិច្ឆិកា ២០២៥ បានឲ្យដឹងថា ឧស្សាហកម្មទេសចរណ៍របស់វៀតណាមកំពុងជួបប្រទះនឹងការងើបឡើងវិញយ៉ាងឆាប់រហ័ស ខណៈដែលចំនួនភ្ញៀវទេសចរចិនកើនឡើងខ្ពស់គួរឲ្យកត់សម្គាល់ ដែលជាការងើបឡើងវិញដ៏ខ្លាំងបំផុតមួយចាប់តាំងពីជំងឺរាតត្បាត។ មន្ត្រីវៀតណាមបាននិយាយថា ការកើនឡើងយ៉ាងខ្លាំងនៃភ្ញៀវទេសចរ ជាពិសេសជនជាតិចិននេះ បានផ្តល់ការជំរុញយ៉ាងខ្លាំងដល់អាជីវកម្មក្នុងស្រុក សណ្ឋាគារ និងគោលដៅទេសចរណ៍ដ៏ពេញនិយមទូទាំងប្រទេស។

អ្នកជំនាញឧស្សាហកម្មទេសចរណ៍ បានកត់សម្គាល់ពីការកើនឡើងនេះថា ភ្ញៀវទេសចរជាច្រើនកំពុងជ្រើសរើសប្រទេសវៀតណាមសម្រាប់គោលដៅទេសចរណ៍របស់ពួកគេ ជាជាងប្រទេសជិតខាងវៀតណាមផ្សេងទៀតដោយសារតែបញ្ហាដែលកំពុងបន្ត។ 
របាយការណ៍មួយបានគូសបញ្ជាក់ថា ភាពមិនប្រាកដប្រជាខាងនយោបាយនៅក្នុងប្រទេសថៃ, ជម្លោះព្ដែនរវាងកម្ពុជានិងថៃ, ហេដ្ឋារចនាសម្ព័ន្ធមានកម្រិតនៅក្នុងប្រទេសឡាវ, ការបាតុកម្មនៅប្រទេសឥណ្ឌូណេសុី, គ្រោះធម្មជាតិនៅហ្វីលីពីន និងបញ្ហាមួយចំនួនរបស់ប្រទេសក្នុងតំបន់ដទៃទៀត គឺជាចំណែកដ៏ធំមួយ ដែលផ្ដល់ក្ដីកង្វល់ដល់ភ្ញៀវទេសចរ។ .jpg)
យ៉ាងណាក៏ដោយ គេក៏ទទួលស្គាល់ផងដែរថា កំណើននេះក៏អាចបណ្ដាលមកពីគោលនយោបាយរបស់វៀតណាម ក្នុងការកែសម្រួលទិដ្ឋាការឲ្យប្រសើរឡើងសម្រាប់ភ្ញៀវទេសចរ ការតភ្ជាប់ជើងហោះហើរដែលបានស្តារឡើងវិញ និងការផ្សព្វផ្សាយទេសចរណ៍យ៉ាងទូលំទូលាយ។ 
យោងតាមរដ្ឋបាលទេសចរណ៍ជាតិវៀតណាម ប្រទេសចិនឥឡូវនេះបានដណ្តើមយកតំណែងកំពូលរបស់ខ្លួនមកវិញ ជាទីផ្សារទេសចរណ៍ដ៏ធំបំផុតមួយរបស់ប្រទេសវៀតណាម ដោយផ្លូវហោះហើរ និងកញ្ចប់ទេសចរណ៍នៅក្នុងប្រទេសវៀតណាមកំពុងពង្រីកខ្លួនយ៉ាងឆាប់រហ័ស ដើម្បីបំពេញតម្រូវការដែលកំពុងកើនឡើង៕










