ប្រទេសថៃ ៖ កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥ កងទ័ពថៃបានប្រកាសដោះលែងកងទ័ពកម្ពុជាទាំង១៨រូបនៅថ្ងៃទី១២ ខែវិច្ឆិកា ខាងមុខ ប៉ុន្តែប៉ុន្មានម៉ោងបន្ទាប់ ស្រាប់តែអ្នកនាំពាក្យកងទ័ពថៃបែរជាកែប្រែពាក្យសម្តីវិញថា ការដោះលែងស្ថិតក្រោមការពិចារណានៅឡើយ ដោយថៃរង់ចាំកម្ពុជាអនុវត្តលក្ខខណ្ឌ២ចំណុចឱ្យបានជាមុនសិន រួមមាន ៖ ការដកអាវុ.ធធុនធ្ងន់ និងគ្មានការរារាំងការដោះមីនតាមព្រំដែន ។ តាមប្រភពពីមន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិថៃ មូលហេតុដែលថៃបម្រុងដោះលែងកងទ័ពកម្ពុជាទាំងអស់ ដោយសារអាមេរិកយកអត្រាពន្ធទំនិញមកដាក់សម្ពាធ ។

យោងតាមប្រភពពីមន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិថៃ គឺមន្ត្រីអាមេរិកបានដាក់សម្ពាធថៃយ៉ាងខ្លាំងឱ្យយល់ព្រមដោះលែងកងទ័ពកម្ពុជាទាំង១៨រូបត្រឡប់មកប្រទេសវិញ ដោយមន្ត្រីអាមេរិកយកអត្រាពន្ធទំនិញថៃដែលនាំចូលអាមេរិកមកដាក់សម្ពាធម្តងហើយម្តងទៀត ។

ក្រោយពីសារព័ត៌មាននានារបស់ថៃចុះផ្សាយកាលពីថ្ងៃទី៦ ខែវិច្ឆិកា ថា កងទ័ពថៃបានទំនាក់ទំនងទៅកាន់កងកម្លាំងការពារព្រំដែនខេត្តចន្ទបុរី និងខេត្តត្រាត ឱ្យត្រៀមទីកន្លែងស្នាក់នៅសម្រាប់កងទ័ពកម្ពុជាទាំង១៨រូប ដែលត្រៀមដោះលែងនៅច្រកព្រំដែនបានផាកកាត ស្រុកប៉ូងណាមរ៉ន ខេត្តចន្ទបុរី (ទល់មុខខេត្តប៉ៃលិន) នៅថ្ងៃទី១២ ខែវិច្ឆិកា សារព័ត៌មាន PPTV ក៏បានសួរនាំមន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិថៃ និងទទួលបានចម្លើយថា ជាព័ត៌មានពិត ។

មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិថៃបញ្ជាក់ថា មូលហេតុដែលថៃយល់ព្រមដោះលែងកងទ័ពកម្ពុជាទាំង១៨រូប ដោយសារអាមេរិកយកអត្រាពន្ធទំនិញមកដាក់សម្ពាធថៃយ៉ាងខ្លាំង ទើបថៃយល់ព្រមដោះលែងកងទ័ពកម្ពុជាដើម្បីកុំឱ្យផលប៉ះពាល់ដោយសារអត្រាពន្ធទំនិញធ្លាក់មកលើពលរដ្ឋ និងប្រទេសថៃ ។ ម្យ៉ាងទៀត ការឃុំខ្លួនកងទ័ពកម្ពុជារយៈពេលយូរអាចមានបញ្ហារឿងអនុសញ្ញា ឬប៉ះពាល់ច្បាប់អន្តរជាតិ ។

មូលហេតុមួយទៀតដែលថៃយល់ព្រមដោះលែង ដោយសារកម្ពុជាបានអនុវត្តតាមលក្ខខណ្ឌ៤ចំណុចរបស់ថៃ រួមមាន ៖ ១-ការដកអាវុធធុនធ្ងន់ ២-ដោះមីន ៣-បង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន និងការឆបោកអនឡាញ និង៤-ដោះស្រាយបញ្ហានៅតំបន់ព្រំដែនខេត្តស្រះកែវ ។ ហេតុនេះ ថៃក៏យល់ព្រមដោះលែងកងទ័ពកម្ពុជាទាំង១៨រូប ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែវិច្ឆិកា នេះ ។ រីឯការបើកព្រំដែនឡើងវិញ គឺថៃនឹងពុំបើកព្រំដែននាពេលនេះទេ ។

គួរបញ្ជាក់ថា បើទោះជាមានការដាក់សម្ពាធពីអាមេរិកឱ្យថៃដោះលែងកងទ័ពកម្ពុជាទាំង១៨រូបក្តី ប៉ុន្តែអ្នកនាំពាក្យកងទ័ពថៃបែរជាកែប្រែពាក្យសម្តីវិញថា ការដោះលែងស្ថិតក្រោមការពិចារណានៅឡើយ ដោយថៃរង់ចាំកម្ពុជាអនុវត្តលក្ខខណ្ឌចំនួន២ចំណុចឱ្យបានជាមុនសិន រួមមាន ៖ ការដកអាវុ.ធធុនធ្ងន់ និងគ្មានការរារាំងការដោះមីនតាមព្រំដែន ។

ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៦ ខែតុលា កន្លងមក ប្រធានាធិបតីអាមេរិក លោក Donald Trump ប្រកាសថា កិច្ចព្រមព្រៀងប្រវត្តិសាស្ត្រនេះនឹងឈានដល់ការដោះលែងកងទ័ពកម្ពុជាទាំង១៨រូបភ្លាមៗដើម្បីបញ្ជាក់ពីគោលជំហរសន្តិភាព ។

គិតត្រឹមថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ វីរកងទ័ពកម្ពុជាចំនួន១៨រូបដែលត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់កងទ័ពថៃមានរយៈពេល ១០១ថ្ងៃហើយ ។ កម្ពុជាសូមអំពាវនាវឱ្យភាគីថៃដោះលែងពួកគាត់ត្រឡប់មកវិញឱ្យបានឆាប់រហ័សជាទីបំផុត ដើម្បីឱ្យពួកគាត់អាចវិលត្រឡប់មកជួបជុំក្រុមគ្រួសារប្រកបដោយសុខសុវត្ថិភាព ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ ៕