ប្រទេសថៃ ៖ ពលរដ្ឋថៃមិនគាំទ្រការដកថយកម្លាំងកងទ័ព និងអាវុ.ធធុនធ្ងន់ចេញពីតំបន់ព្រំដែនទេ ពីព្រោះបារម្ភខ្លា.ចកម្ពុជាមិនស្មោះត្រង់ និងស្នើឱ្យកងទ័ពថៃប្រចាំការនៅព្រំដែនបន្តទៀត រហូតដល់ធ្វើរបងនៅតាមបណ្តោយព្រំដែនប្រទេសទាំងពីររួចរាល់ ។ ពលរដ្ឋថៃជឿថា ការដកថយកម្លាំងកងទ័ពរបស់កម្ពុជា គឺគ្រាន់តែមានគោលបំណងឱ្យថៃបើកច្រកព្រំដែនឡើងវិញប៉ុណ្ណោះ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ ។

ពលរដ្ឋថៃមិនគាំទ្រការដកថយកម្លាំងកងទ័ព និងអាវុធធុនធ្ងន់ចេញពីព្រំដែន គឺក្រោយពីសារព័ត៌មានផ្សាយថា យោធភូមិភាគទី៤កម្ពុជា និងកងទ័ពភូមិភាគទី២ថៃ បានរៀបចំកិច្ចប្រជុំពិសេសក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ នៅច្រកព្រំដែនអូរស្មាច់ ខេត្តឧត្តរមានជ័យ (ទល់មុខច្រកឆងចម ខេត្តសុរិន្ទ) ពីការសម្រួលយុទ្ធោបករណ៍ និងអាវុធធុនធ្ងន់របស់ភាគីទាំងសងខាងជាជំហានៗ និងតាមដំណាក់កាល នៅក្រោមការសង្កេត និងផ្ទៀងផ្ទាត់របស់អ្នកសង្កេតការណ៍អាស៊ាន (AOT) ដោយភាគីទាំងពីរបានព្រមព្រៀងគ្នាចាប់ផ្តើមដកអាវុធធុនធ្ងន់នាយប់ថ្ងៃទី១ ខែវិច្ឆិកា ។

ពលរដ្ឋរស់នៅស្រុកបានក្រួត ខេត្តបុរីរាំ មិនគាំទ្រការដកថយកម្លាំងកងទ័ព និងអាវុធធុនធ្ងន់ចេញពីព្រំដែនកម្ពុជា-ថៃ ពីព្រោះមិនទុកចិត្តកម្ពុជាតើអាចធ្វើតាមការព្រមព្រៀងសន្តិភាពឬអត់ ព្រមទាំងបារម្ភពីកម្ពុជាមិនស្មោះត្រង់ និងល្មើសកិច្ចព្រមព្រៀងសន្តិភាព ដោយពលរដ្ឋថៃចោទប្រកាន់កម្ពុជាល្មើសអធិបតេយ្យកន្លងមក ។ បើថៃដកអាវុធចេញពីតំបន់ព្រំដែននឹងចាញ់ប្រៀបកម្ពុជា ដូច្នេះ សំណូមពរឱ្យកងទ័ពថៃប្រចាំការនៅព្រំដែនបន្តទៀតដើម្បីការពារសុវត្ថិភាពពលរដ្ឋ និងអធិបតេយ្យ រហូតដល់ធ្វើរបងព្រំដែនរួចរាល់ ឬមានការបញ្ជាក់ថា កម្ពុជានឹងអនុវត្តតាមកិច្ចព្រមព្រៀង ។

លោក ផ្លាយ តឺមប្រាខូន អាយុ៧៣ឆ្នាំ រស់នៅតំបន់ព្រំដែនប្រាប់ថា ផ្ទះរបស់ខ្លួនខូចខាតដោយសារសង្គ្រាមកាលពីខែកក្កដា ឆ្នាំ២០២៥ ហើយខ្លួននៅតែពុំភ្លេចហេតុការណ៍នេះ ។ ដូច្នេះ មិនឯកភាពនឹងការដកថយអាវុធធុនធ្ងន់ទេ ពីព្រោះមិនទុកចិត្តកម្ពុជា ចង់ឱ្យកងទ័ពនៅប្រចាំការព្រំដែនបន្តទៀត ។ ការកែសម្រួលកងកម្លាំង និងដកថយអាវុធធុនធ្ងន់ គឺចាញ់ប្រៀបកម្ពុជា និងប្រឈមការបាត់បង់ទឹកដី ត្រូវរង់ចាំរហូតដល់ធ្វើរបងព្រំដែនរួចរាល់សិន ។

ដូចគ្នានេះ លោក កៃរ៉ត ចូនប្រាខូន អាយុ៦៣ឆ្នាំ រស់នៅព្រំដែនដូចគ្នាប្រាប់ថា មិនជឿកម្ពុជាអនុវត្តតាមការព្រមព្រៀងទេ និងមិនចង់ឱ្យថៃដកថយអាវុធ ឬកែសម្រួលកម្លាំង ។ ពលរដ្ឋថៃរូបនេះចោទប្រកាន់កម្ពុជាគ្រាន់តែរៀបចំឆាកសម្តែងដកថយកងទ័ពប៉ុណ្ណោះ ដើម្បីទាមទារឱ្យថៃបើកព្រំដែន ប៉ុន្តែពលរដ្ឋថៃមិនគាំទ្រការបើកព្រំដែនឡើងវិញទេ ពីព្រោះបារម្ភពីបញ្ហា Call Center ។

គួរបញ្ជាក់ថា នាវេលាម៉ោង១០និង២០នាទីព្រឹក ថ្ងៃទី៣១ ខែតុលា នៅច្រកព្រំដែនអូរស្មាច់ ខេត្តឧត្តរមានជ័យ យោធភូមិភាគទី៤កម្ពុជា និងកងទ័ពភូមិភាគទី២ថៃ បានរៀបចំកិច្ចប្រជុំពិសេសក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) សម្រាប់ត្រៀមរៀបចំកិច្ចប្រជុំពិសេស នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) ដោយមានការចូលរួមពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំនៅកម្ពុជា និងថៃ ដើម្បីតាមដាន ផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងមានប្រសិទ្ធភាព ។

កិច្ចប្រជុំនេះក្នុងគោលបំណងពិភាក្សា និងរៀបចំផែនការជាក់លាក់ក្នុងការសម្រួលយុទ្ធោបករណ៍ និងអាវុធធុនធ្ងន់របស់ភាគីទាំងសងខាងជាជំហានៗ និងតាមដំណាក់កាល នៅក្រោមការសង្កេត និងការផ្ទៀងផ្ទាត់របស់ AOT សំដៅរួមគ្នាកាត់បន្ថយភាពតានតឹងផ្នែកយោធា ។ កិច្ចប្រជុំនេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ភាគីទាំងពីរក្នុងការគោរព និងអនុវត្តនូវអ្វីដែលបានឯកភាពគ្នាក្នុងសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ ស្តីពីសន្តិភាពរវាងកម្ពុជា-ថៃ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) ដែលប្រព្រឹត្តទៅនៅម៉ាឡេស៊ី កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ដោយស្មោះត្រង់ និងប្រកបដោយសុច្ឆន្ទៈ ៕