ប្រទេសថៃ ៖ តាមការចុះផ្សាយរបស់សារព័ត៌មាន Amarin News កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ មានក្រុមជ្រុលនិយមថៃដឹកនាំដោយបុគ្គល វីរៈ ស៊ុមក្វាមឃិត នាំគ្នាមកបណ្តេញពលរដ្ឋខ្មែរចេញពីភូមិជោគជ័យ និងភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ (ទល់មុខភូមិណងចាន់ និងភូមិណងយ៉ាកែវ ខេត្តស្រះកែវ) រួមទាំងត្រាក់ទ័របម្រុងឈូសឆាយ ប៉ុន្តែត្រូវបានកងកម្លាំងថៃរារាំងកុំឱ្យបង្កអំពើហិ.ង្សា ពីព្រោះកម្ពុជា-ថៃបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពរួចហើយ រង់ចាំការដោះស្រាយជម្លោះដោយសន្តិវីធី ។ នៅថ្ងៃដដែល ព្រះសង្ឃថៃ១អង្គបានប្តឹងសមត្ថកិច្ចឱ្យចាប់លោកនាយករដ្ឋមន្ត្រី Anutin Charnvirakul ដោយសារមិនគាំទ្រនាយករដ្ឋមន្ត្រីនិយាយថា កម្ពុជា-ថៃល្មើសអធិបតេយ្យទាំងសងខាងនៅតំបន់ព្រំដែនខេត្តស្រះកែវ និងឱ្យពលរដ្ឋថៃល្មើសអធិបតេយ្យកម្ពុជាត្រឡប់មកថៃវិញ រដ្ឋាភិបាលថៃនឹងរកទីកន្លែងថ្មីឱ្យរស់នៅ ខណៈកម្ពុជាក៏ដូចគ្នាដើម្បីភាពយុត្តិធម៌ ។
ព្រះសង្ឃអង្គនេះព្រះនាម សាម៉ាន ស៊ីង៉ាម បាននាំក្រុមជ្រុលនិយមថៃទៅប្តឹងសមត្ថកិច្ចនៅស្រុកឃូកសូង ខេត្តស្រះកែវ ឱ្យចាប់ខ្លួនលោកនាយករដ្ឋមន្ត្រី Anutin Charnvirakul ពីបទមិនបំពេញតាមតួនាទី ដែលខុសនឹងមាត្រា១៥៧ ក្រោយពីនាយករដ្ឋមន្ត្រីថៃផ្តល់សម្ភាសន៍ជាមួយសារព័ត៌មានកន្លងមកថា កម្ពុជា-ថៃល្មើសអធិបតេយ្យទាំងសងខាងនៅតំបន់ព្រំដែនខេត្តស្រះកែវ ដោយព្រះសង្ឃនេះថា ពលរដ្ឋថៃមិនបានល្មើសអធិបតេយ្យកម្ពុជាដូចការលើកឡើងទេ ។ កម្ពុជាទើបជាអ្នកល្មើសអធិបតេយ្យថៃ ពីព្រោះកម្ពុជាបានយកខេត្តមួយចំនួនរបស់ថៃ ដូចជា ៖ បាត់ដំបង សៀមរាប និងស៊ីសុផុន ដោយមិនប្រគល់ឱ្យថៃវិញ ។
នៅស្ថានីយប៉ូលិស ព្រះសង្ឃនេះនិយាយបំភ្លៃថា ៖ «យោងតាមអនុសញ្ញាជប៉ុន ឆ្នាំ១៩៤១ ខេត្តបាត់ដំបង សៀមរាប និងស៊ីសុផុន គឺជាទឹកដីរបស់ថៃ ប៉ុន្តែកម្ពុជាបានល្មើសអធិបតេយ្យថៃរហូតដល់រយៈពេល៧០ឆ្នាំ ការពិត កម្ពុជាគួរតែប្រគល់ខេត្តទាំងនេះឱ្យថៃ ។ ពលរដ្ឋកម្ពុជាល្មើសអធិបតេយ្យថៃជាច្រើនឆ្នាំ ប៉ុន្តែនាយករដ្ឋមន្ត្រីថៃនិយាយថា ពលរដ្ឋថៃក៏ល្មើសអធិបតេយ្យកម្ពុជាដែរ គឺនាយករដ្ឋមន្ត្រីថៃនិយាយខុស ។ ព្រំដែនកម្ពុជា-ថៃបច្ចុប្បន្ន មិនមែនជាព្រំដែនពិតប្រាកដទេ ព្រំដែនពិតប្រាកដ គឺរួមទាំងខេត្តបាត់ដំបង សៀមរាប និងស៊ីសុផុន» ។
«អាត្មាមកប្តឹងសមត្ថកិច្ចឱ្យចាប់លោកនាយករដ្ឋមន្ត្រីថៃ ដោយសារនាយករដ្ឋមន្ត្រីថៃប្រាប់ពលរដ្ឋកន្លងមកថា មិនបើកព្រំដែនឡើងវិញ និងស្រោចស្រង់ប្រទេសថៃ ប៉ុន្តែពេលនេះ នាយករដ្ឋមន្ត្រីថៃបែរជាចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដែលមានប្រធានាធិបតីអាមេរិក លោក Donald Trump និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ជាសាក្សី ។ អាត្មាចាត់ទុកអាមេរិក និងម៉ាឡេស៊ី មកជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង ដែលអន្តរជាតិចាប់ថៃទៅចុះហត្ថលេខាសន្តិភាពជាមួយកម្ពុជា ប៉ុន្តែពេលចុះហត្ថលេខារួច ថៃបែរជាបាត់បង់អ្វីៗទាំងអស់ ខណៈកងទ័ពថៃបានប្រឹងប្រែងដណ្តើមទឹកដីកម្ពុជារហូតមក ទើបអាត្មាប្តឹងចាប់នាយករដ្ឋមន្ត្រីថៃ ដោយសារថា ថៃឈ្លានពានកម្ពុជា ទាំងដែលកម្ពុជាយកខេត្តបាត់ដំបង សៀមរាប និងស៊ីសុផុន នាយករដ្ឋមន្ត្រីថៃមិនអាចនិយាយបែបនេះទេ» ។ នេះបើតាមការលើកឡើងរបស់ព្រះសង្ឃថៃ ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី៣១ ខែតុលា បុគ្គល វីរៈ ស៊ុមក្វាមឃិត បាននាំក្រុមជ្រុលនិយមថៃប្រមាណ៨០នាក់ ទៅបណ្តេញពលរដ្ឋខ្មែរចេញពីភូមិណងចាន់ (ភូមិជោគជ័យ) រួមទាំងត្រាក់ទ័រ៥គ្រឿងសម្រាប់ឈូសកំទេចលំនៅឋានពលរដ្ឋខ្មែរ ប៉ុន្តែត្រូវបានកងកម្លាំងថៃហាមឃាត់ និងនាំខ្លួន វីរៈ ស៊ុមក្វាមឃិត មកកាន់ស្ថានីយប៉ូលិសដើម្បីកុំឱ្យបង្កអំពើហិង្សា ។ ក្រោយចាកចេញពីស្ថានីយប៉ូលិស វីរៈ ស៊ុមក្វាមឃិត និយាយថា ខ្លួនត្រូវបានអាជ្ញាធរឱ្យធ្វើជាអ្នកតំណាងពលរដ្ឋមកពិនិត្យមើលការបោះបង្គោលព្រំដែននៅព្រំដែនខេត្តស្រះកែវនៅថ្ងៃទី១៧ វិច្ឆិកា និងពិនិត្យមើលបង្គោលព្រំដែនបន្តបន្ទាប់ទៀត ។ រីឯព្រះសង្ឃថៃដែលប្តឹងសមត្ថកិច្ចឱ្យចាប់នាយករដ្ឋមន្ត្រីរបស់ខ្លួន គឺក្រោយពីក្រុមជ្រុលនិយមរបស់ វីរៈ ស៊ុមក្វាមឃិត បំបែកហ្វូង ។
ក្នុងសង្គមថៃ មិនថាកងទ័ព ពលរដ្ឋ និងព្រះសង្ឃ មិនព្រមទទួលស្គាល់ប្រវត្តិសាស្ត្រពិតទេ ពួកគេនៅតែមានគំនិតចង់បានទឹកដីកម្ពុជា និងនិយាយបំភ្លៃថា ខេត្តបាត់ដំបង សៀមរាប និងស៊ីសុផុន គឺជាទឹកដីថៃ ចង់សួរថា ចុះមុនពេលថៃគ្រប់គ្រង តើខេត្តទាំងនេះជារបស់ប្រទេសណាពីមុនមក? គឺជារបស់កម្ពុជាដែលថៃឈ្លានពានដណ្តើមយកទៅគ្រប់គ្រង ប៉ុន្តែដល់ពេលត្រូវប្រគល់ឱ្យម្ចាស់ដើមវិញ ថៃបែរជាស្រែកថា ខ្លួនបាត់បង់ទឹកដី ។ សង្គមថៃរៀនសូត្រតែប្រវត្តិសាស្ត្រក្លែងក្លាយបន្តជំនាន់ ទើបចង់បានទឹកដីកម្ពុជា និងចង់ធ្វើសង្គ្រាមបន្តទៀត ដោយប្រឆាំងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព ដែលប្រធានាធិបតីអាមេរិក និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ីព្យាយាមឱ្យកម្ពុជា-ថៃទទួលបានសន្តិភាព ៕










