ប្រទេសថៃ ៖ តាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ កងទ័ពថៃនឹងចាប់ផ្តើមធ្វើរបងតាមបណ្តោយព្រំដែននៅខេត្តច័ន្ទបុរីមុនគេ ចាប់ពីបង្គោលព្រំដែនលេខ៥២ ដល់៥៤ ដែលមានប្រវែងជាង១គីឡូម៉ែត្រ ។ របងព្រំដែននេះនឹងធ្វើនៅតំបន់ណាដែលបានឯកភាពគ្នាជាមួយកម្ពុជាប៉ុណ្ណោះ និងក្រោយពេលដោះមីនរួចរាល់ រីឯតំបន់មិនទាន់ឯកភាពគ្នា ដូចជា នៅព្រំដែនខេត្តស្រះកែវ អាចបោះបង្គោលបណ្តោះអាសន្ន ។

នៅថ្ងៃទី៣១ ខែតុលា នៅទីបញ្ជាការកងទ័ពថៃ លោក វិថៃ ឡាយធុមយ៉ា អ្នកនាំពាក្យទីបញ្ជាការកងទ័ពបានផ្តល់សម្ភាសន៍ជាមួយសារព័ត៌មានពីការធ្វើរបងព្រំដែនកម្ពុជា-ថៃថា របងនឹងធ្វើនៅតំបន់ព្រំដែនទំនាប ខណៈតំបន់ព្រំដែនចែកចេញជា៣ប្រភេទ រួមមាន ៖ តំបន់មានទឹក តំបន់ទំនាប និងតំបន់អូរធម្មជាតិ ។ តំបន់ព្រំដែនទំនាបលាតសន្ធឹងនៅតាមព្រំដែនកម្ពុជា-ថៃប្រវែង៥៧គីឡូម៉ែត្រ រួមទាំងបង្គោលព្រំដែនកម្ពុជា-ថៃបានឯកភាពគ្នារួច មាន៤៥បង្គោល រីឯបង្គោលព្រំដែនមិនទាន់ឯកភាពគ្នាមា ន២៥បង្គោល ។ បើមានតំបន់ណាដែលឯកភាពគ្នា យើងនឹងទៅពិនិត្យមើលតំបន់នោះ ។

ថៃបានចុះពិនិត្យមើលតំបន់ព្រំដែននៅខេត្តច័ន្ទបុរី ចាប់ពីបង្គោលព្រំដែនលេខ៥២ ទៅ៥៩ ដែលមានប្រវែង៨គីឡូម៉ែត្រ ។ ពេលពិនិត្យរួចរាល់ ជំហ៊ានបន្ទាប់ យើងកំណត់ជាតំបន់សុវត្ថិភាព ហើយមជ្ឈមណ្ឌលជាតិកម្ចាត់មីននឹងចូលដោះមីន ។ បង្គោលព្រំដែននីមួយៗមានគម្លាតពីគ្នាប្រវែង១គីឡូម៉ែត្រ ដែលត្រូវយកឧបករណ៍ពិសេសទៅត្រួតពិនិត្យដើម្បីគូសបន្ទាត់ត្រង់ និងបោះបង្គោលជ័រ PVC បណ្តោះអាសន្ន បន្ទាប់មក នឹងអញ្ជើញកម្ពុជាមកពិនិត្យ ។ បើភាគីទាំងពីរឯកភាពគ្នា ទើបចាប់ផ្តើមសាងសង់របង ប៉ុន្តែនឹងសាងសង់តែក្នុងអធិបតេយ្យថៃ ។

លោក វិថៃ អ្នកនាំពាក្យទីបញ្ជាការកងទ័ពថៃយល់ថា ថៃអាចធ្វើរបងនៅព្រំដែនខេត្តច័ន្ទបុរីបាន គ្មានបញ្ហាអ្វីទេ ខណៈនៅព្រំដែនខេត្តស្រះកែវ ក៏អាចធ្វើរបងបានដូចគ្នា ចាប់ពីបង្គោលព្រំដែនលេខ៤៩ ទៅ៥០ ។ រីឯបង្គោលព្រំដែនលេខ១៤ ដល់១៥ នៅព្រំដែនឆងចម ខេត្តសុរិន្ទ គឺថៃអាចពិនិត្យមើលរួមគ្នាជាមួយកម្ពុជា ។

ដោយឡែក បង្គោលព្រំដែននៅតំបន់ភូមិណងចាន់ និងភូមិណងយ៉ាកែវ ខេត្តស្រះកែវ (ទល់មុខភូមិជោគជ័យ និងភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ) មិនទាន់ឯកភាពនៅឡើយ ទើបពិបាកធ្វើ គឺអាចបោះបង្គោលបណ្តោះអាសន្ន ។ កន្លងមក ថៃបានធ្វើរបងព្រំដែនអេឡិចត្រូនិកនៅតំបន់ព្រំដែនឃ្លងឡឹក ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ត្រង់បង្គោលព្រំដែនលេខ៥០ និងកំពុងធ្វើរបងជាបន្តបន្ទាប់ទៀត ។ រីឯរបងថ្ម ត្រូវធ្វើចាប់ពីតំបន់គ្មានបញ្ហាមុនគេ ឬតំបន់បានឯកភាពគ្នារួចហើយ គឺចាប់ផ្តើមធ្វើនៅខេត្តច័ន្ទបុរី ចាប់ពីបង្គោលព្រំដែនលេខ៥២ ដល់៥៤ ប្រវែងជាង១គីឡូម៉ែត្រ ៕