ទស្សនិកជនអាចនឹងមិនឃើញពីសកម្មភាពរបស់តារាសម្តែង ស៊ីន យូប៊ីន នៅលើបណ្តាញសង្គមហ្វេកប៊ុកប៉ុន្តែនៅលើបណ្តាញសង្គមផ្សេងទៀតតារាស្រីរូបនេះនៅមានសកម្មភាពធម្មតា។ កាលពីមួយរយៈមុនតារាជួរមុខរូបនេះធ្លាប់បានបញ្ជាក់ថាផេកហ្វេកប៊ុករបស់នាងមានបញ្ហាធ្វើឱ្យនាងអសកម្មនៅលើហ្វេកប៊ុក។ ជាក់ស្តែងថ្មីៗនេះនៅលើបណ្តាញសង្គមទិកតុកនិង Instagram បានបង្ហាញថា យូប៊ីន ឡើងទៅប្រទេសវៀតណាមដើម្បីទៅទទួលពានរង្វាន់។
តាមការចែករំលែកកាលពីយប់ថ្ងៃទី៣០ ខែតុលា តារាសម្តែង ស៊ីន យូប៊ីន ជាតារាខ្មែរដំបូងនិងតែម្នាក់គត់នៅក្នុងប្រទេសកម្ពុជាដែលទទួលបានពានរង្វាន់ «Fashion Influencer Of The Year» ឆ្នាំ២០២៥ ពីទស្សាវដ្តី Harper’s bazaar awards នៅក្នុងប្រទេសវៀតណាម។ ក្នុងការចូលរួម តារាស្រីឆ្នើមរូបនេះបានគ្រងឈុតយ៉ាងស្រស់ស្អាតចំនួន២ឈុត។ មិនត្រឹមតែប៉ុណ្ណោះ ស៊ីន យូប៊ីន ថែមទាំងឡើងបកស្រាយចម្រៀងដោយឆ្លៀតបញ្ជូននូវវប្បធម៌ខ្មែរផងដែរ។.png)
ក្នុងអំឡុងពេលឡើងទទួលពានរង្វាន់ ស៊ីន យូប៊ីន បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រអស់ពីបេះដូងដល់អ្នកគាំទ្រក្នុងប្រទេសកម្ពុជាដោយព្យាយាមធ្វើយ៉ាងល្អបំផុត។ ក្នុងការទទួលពានរង្វាន់នេះ អ្នកគាំទ្រក៏សម្តែងអារម្មណ៍មានមោទនភាពចំពោះ ស៊ីន យូប៊ីន ដែលតែងតែខិតខំលើកស្ទួយមុខមាត់ប្រទេសជាតិ ជាពិសេសឱ្យតែមានឱកាសគឺឆ្លៀតផ្សព្វផ្សាយពីវប្បធម៌ខ្មែរ។
គួរបញ្ជាក់ផងដែរថា កាលពីខែកញ្ញា នេះ ស៊ីន យូប៊ីន និងតារាសម្តែងហុងកុង Samantha Ko បានក្លាយជាទូតសុឆ្ឆន្ទៈក្នុងមហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៣ផងដែរ៕
 
		 
	









