ប្រទេសរុស្ស៊ី ៖ រដ្ឋាភិបាលរុស្ស៊ីបានប្រកាសកាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ ថា ការចរចាសន្តិភាពជាមួយជប៉ុនដើម្បីបញ្ចប់សង្គ្រា.មលោកលើកទី២ជាផ្លូវការ លុះត្រាតែជប៉ុនលុបចោលគោលនយោបាយប្រឆាំងរុស្ស៊ី ដែលរដ្ឋាភិបាលក្រុងមូស្គូចាត់ទុកគោលនយោបាយនេះជាគ្រោះថ្នា.ក់ដល់ប្រទេស និងពលរដ្ឋរុស្ស៊ី ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters ។

អ្នកនាំពាក្យក្រសួងការបរទសរុស្ស៊ី លោកស្រី Maria Zakharova បានឆ្លើយតបសំណួររបស់សារព័ត៌មាន Reuters ថា ៖ «រុស្ស៊ីអាចត្រឡប់មកចរចាសន្តិភាពជាមួយជប៉ុន លុះត្រាតែរដ្ឋាភិបាលក្រុងតូក្យូបញ្ឈប់គោលនយោបាយប្រឆាំងរុស្ស៊ីដែលមានបំណងបំផ្លាញប្រទេសរុស្ស៊ី ។ ជប៉ុនបង្ហាញអាកប្បកិរិយាមិនមែនជាមិត្តធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរដើរទៅរកផ្លូវទាល់ច្រក» ។
.jpg)
ការលើកឡើងរបស់អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី គឺក្រោយពីនាយករដ្ឋមន្ត្រីថ្មីរបស់ជប៉ុន លោកស្រី Sanae Takaichi ថ្លែងសុន្ទរកថាកាលពីសប្តាហ៍ទី៤ ខែតុលា ឆ្នាំ២០២៥ ដោយរិះគន់រុស្ស៊ីធ្វើសង្គ្រាមឈ្លានពានអ៊ុយក្រែន ហើយថាជប៉ុននៅតែប្រកាន់ខ្ជាប់នូវគោលនយោបាយដោះស្រាយជម្លោះទឹកដី និងធ្វើសន្ធិសញ្ញាសន្តិភាពជាមួយរុស្ស៊ី ។.jpg)
ជម្លោះទឹកដីរវាងជប៉ុន-រុស្ស៊ី គឺពាក់ព័ន្ធនឹងកោះចំនួន៤ នៅភាគខាងជើងប្រទេសជប៉ុន ដែលកងទ័ពសូវៀតបានកាន់កាប់កាលពីបញ្ចប់សង្គ្រាមលោកលើកទី២ ដែលត្រូវបានគេស្គាល់ថា «ប្រជុំកោះ Kurils ភាគខាងត្បូង» ឬ «Southern Kurils» ។ ជប៉ុនបញ្ជាក់ថា កោះទាំង៤កន្លែងនេះត្រូវបានរុស្ស៊ីកាន់កាប់ដោយខុសច្បាប់ ហើយរុស្ស៊ីបង្ខំឱ្យពលរដ្ឋជប៉ុនប្រមាណ១ម៉ឺន៧ពាន់នាក់ជម្លៀសចេញពីកោះ ។
ទោះជារដ្ឋាភិបាលក្រុងតូក្យូបានចុះហត្ថលេខាលើសេចក្តីប្រកាសជាមួយរដ្ឋាភិបាលក្រុងមូស្គូកាលពីឆ្នាំ១៩៥៦ ដើម្បីបញ្ចប់សង្គ្រាមរវាងគ្នា ប៉ុន្តែប្រទេសទាំងពីរពុំទាន់បានចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាពជាផ្លូវការទេ ដោយសារគ្មានការព្រមព្រៀងរឿងទឹកដី ។ ជប៉ុនថា កោះទាំង៤ មិនមែនស្ថិតនៅប្រជុំកោះ Kurils ភាគខាងត្បូង ដូចការលើកឡើងរបស់សហភាពសូវៀតដែលទាមទារយកកោះទាំង៤ ក្រោមកិច្ចព្រមព្រៀងយ៉ាល់តាកាលពីឆ្នាំ១៩៤៥ទេ ខណៈរុស្ស៊ីថា កោះទាំង៤ ជារបស់រុស្ស៊ីដែលបានពីកិច្ចព្រមព្រៀងកាលពីចុងសង្គ្រាមលោកលើកទី២ ។
នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi និយាយថា ការចល័តកងទ័ពរុស្ស៊ី ចិន និងកូរ៉េខាងជើង ជាការគំរាមកំហែងយ៉ាងខ្លាំងដល់ស្ថិរភាពក្នុងតំបន់ ។ រីឯមន្ត្រីរដ្ឋាភិបាលជប៉ុនបាននិយាយមកកាន់សារព័ត៌មាន Reuters ថា នាយករដ្ឋមន្ត្រីជប៉ុនបានប្រាប់ទៅប្រធានាធិបតីអាមេរិក លោក Donald Trump ក្នុងអំឡុងពេលជួបគ្នានៅទីក្រុងតូក្យូ ប្រទេសជប៉ុន ថា ទោះជាជប៉ុនមានជម្លោះទឹកដីជាមួយរុស្ស៊ី ប៉ុន្តែជប៉ុនពិបាកបញ្ឈប់ការនាំចូលឧស្ម័នទាំងស្រុងពីរុស្ស៊ី ដោយសារថាមពលមានសារៈសំខាន់សម្រាប់ជប៉ុន ៕
 
		 
	









