ប្រទេសថៃ៖ អារម្មណ៍ឡើងចុះតាមមិនចង់ទាន់! មេបញ្ជាការទ័ពជើងទឹកថៃបានបង្ហាញការអបអរ និងកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការការទូតរវាងប្រទេសថៃ និងកម្ពុជា ប៉ុន្តែបានឆ្លៀតបញ្ជាក់ជាថ្មីបន្ថែមទៀតថា ខ្លួននឹងប្ដេជ្ញាចិត្តក្នុងការរក្សាការត្រៀមខ្លួនប្រយុទ្ធឲ្យបានរួចរាល់ជានិច្ច ដើម្បីការពារផលប្រយោជន៍ជាតិ។ នេះបើតាមការរបស់សារព័ត៌មាន The Nation នៅថ្ងៃអង្គារនេះ។

នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ មេបញ្ជាការកងទ័ពជើងទឹកថៃ ឧត្តមនាវីឯក អាឌុង ផាន់យ៉ាម (Adung Phan-iam) បានមានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃចន្ទថា ខណៈពេលដែលទំនាក់ទំនងជាមួយកម្ពុជានៅតែជាមិត្តភាព និងសហប្រតិបត្តិការ កងទ័ពជើងទឹកយើងនឹងនៅតែបន្តរក្សាបេសកកម្មរបស់ខ្លួន ក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសថៃ។

បន្ថែមពីលើការអបអរសារទរការផ្សះផ្សារទំនាក់ទំនង លោក អាឌុង បានសង្កត់ធ្ងន់ថា យ៉ាងណាក៏ដោយ កងទ័ពជើងទឹកត្រូវតែត្រៀមខ្លួនយ៉ាងល្អសម្រាប់ស្ថានភាពណាមួយ ដោយសង្កត់ធ្ងន់លើតម្រូវការសម្រាប់ការហ្វឹកហ្វឺនជាបន្តបន្ទាប់ ការត្រៀមខ្លួនជាយុទ្ធសាស្ត្រ និងការធ្វើទំនើបកម្មឧបករណ៍កងទ័ពជើងទឹក។ លោកបានបញ្ជាក់ទៀតថា “សន្តិភាពតែងតែជាគោលដៅរបស់យើង ប៉ុន្តែការត្រៀមខ្លួនជាកាតព្វកិច្ចរបស់យើង”។
.jpg)
មេបញ្ជាការទ័ពជើងទឹករូបនេះបានបន្ថែមថា រដ្ឋាភិបាលថៃតែងតែផ្តល់អាទិភាពដល់មធ្យោបាយសន្តិភាព ដើម្បីដោះស្រាយជម្លោះតាំងពីដើមដំបូងមក។ ទោះជាយ៉ាងណាក៏ដោយ កងទ័ពថៃក៏នៅតែត្រូវរក្សាសមត្ថភាពការពារជាតិ ដោយឆ្លុះបញ្ចាំងពីយុទ្ធសាស្ត្រសន្តិសុខទូលំទូលាយរបស់ប្រទេសថៃនៅក្នុងតំបន់ជានិច្ច។
.jpg)
ការលើកឡើងរបស់មេទ័ពជើងទឹកថៃខាងលើនេះ គឺធ្វើឡើងបន្ទាប់ពីកម្ពុជានិងថៃបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព នាទីក្រុងគួឡាឡាំពួ ប្រទេសម៉ាឡេស៊ី ដោយមានការចូលរួមធ្វើជាសាក្សីពីលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក និងលោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តីម៉ាឡេស៊ី។.jpg)
ចំពោះការចុះកិច្ចព្រមព្រៀងសន្តិភាពនេះទៀតសោត កម្ពុជារីករាយនឹងទទួលយក ព្រមទាំងបានប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការអនុវត្តតាមគោលការណ៍ដែលបានចរចាគ្នា ដើម្បីឈានទៅរកប្រក្រតីភាព នៃទំនាក់ទំនងរវាងប្រជាជាតិទាំងពីរ។ ប៉ុន្តែតាមការសង្កេត វាហាក់មិនទំនងជាអ្វីដែលយោធាថៃចង់បានពិតប្រាកដនោះទេ ទើបបានជាក្រោយពេលប្រទេសទាំងពីរឯកភាពចុះហត្ថលេខារួមគ្នាបញ្ចប់ជម្លោះទៅហើយ មេបញ្ជាការយោធាទាំងនោះនៅតែចេញមកប្រកាសពីការត្រៀមខ្លួនដដែលបែបនេះទៅវិញ៕









