នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី មានជំនួបទ្វេភាគីរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul ដែលភាគីថៃអះអាងថា បានផ្តោតលើលក្ខខណ្ឌ៤ចំណុចដើម្បីឆ្ពោះទៅរកសន្តិភាព និងសុវត្ថិភាពរបស់ពលរដ្ឋទាំងសងខាង ក្រោយការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod នៅថ្ងៃទី២៨ ខែតុលា ។
សារព័ត៌មានថៃរាយការណ៍ថា នាវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២៨ ខែតុលា (ម៉ោងនៅប្រទេសម៉ាឡេស៊ី ដែលលឿនជាងនៅកម្ពុជា-ថៃ១ម៉ោង) នៅបន្ទប់ 7M ជាន់ទី៣ នៃមជ្ឈមណ្ឌលសន្និសីទ KLCC លោក Anutin នាយករដ្ឋមន្ត្រីថៃ និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជួបពិភាក្សាការងារទ្វេភាគីជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា រួមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនក្នុងអំឡុងពេលកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ។
ក្រោយបញ្ចប់ជំនួបពិភាក្សាទ្វេភាគី លោក Siripong Angkasakulkiat អ្នកនាំពាក្យរដ្ឋាភិបាលថៃនិយាយថា ក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រីថៃ Anutin បានថ្លែងអំណរគុណសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលបង្ហាញការសោកស្តាយចំពោះការសោយទិវង្គតរបស់ព្រះមហាក្សត្រី Sirikit ត្រូវជាព្រះមាតាបស់ព្រះមហាក្សត្រថៃ ព្រះនាម Maha Vajiralongkorn ។

នាយករដ្ឋមន្ត្រីថៃបាននិយាយពីការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម (Joint Declaration) នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៦ ខែតុលា គឺជាឯកសារសម្រាប់ប្រទេសទាំងពីរឈានទៅមុខ ប៉ុន្តែចំណុចសំខាន់ ត្រូវមានការអនុវត្តច្បាស់លាស់ និងស្មោះត្រង់ ។ ជំនួបទ្វេភាគីនៅថ្ងៃទី២៨ ខែតុលា ផ្តោតលើបញ្ហាដែលប្រទេសទាំងពីរត្រូវសហការដើម្បីអនុវត្តកិច្ចព្រមព្រៀងជាសកម្មភាពជាក់ស្តែងឱ្យបានឆាប់រហ័ស ដោយភាគីថៃផ្តោតលើលក្ខខណ្ឌ៤ចំណុចដើម្បីកាត់បន្ថយស្ថានការណ៍តានតឹង រួមមាន ៖ ១-ដកអាវុធធុនធ្ងន់ពីព្រំដែនទៅកាន់ទីតាំងចាស់ ២-ដោះមីន ៣-បង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេស ការឆបោកអនឡាញ និង៤-គ្រប់គ្រងតំបន់ព្រំដែន ។
នាយករដ្ឋមន្ត្រីថៃបន្តថា ទោះជាការដកថយអាវុធធុនធ្ងន់ពីតំបន់ព្រំដែនចាប់ផ្តើមដំណើរការក្តី ប៉ុន្តែថៃចង់ឃើញការដកអាវុធធុនធ្ងន់យ៉ាងច្បាស់លាស់ និងដកអាវុធជាបន្តបន្ទាប់ ដើម្បីសុវត្ថិភាពពលរដ្ឋនៅតំបន់ព្រំដែន ។ ភាគីទាំងពីរនឹងបង្កើនទំនាក់ទំនងដើម្បីអនុវត្តកិច្ចការផ្សេងទៀត ជាពិសេស ការទំនាក់ទំនងរឿងបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន ដោះមីននៅតំបន់ព្រំដែន និងអនុវត្តតាមកិច្ចព្រមព្រៀង ។
ក្រៅពីនេះ នាយករដ្ឋមន្ត្រីកម្ពុជា-ថៃក៏បានពិភាក្សាពីការបង្កើនទំនាក់ទំនងការទូត ជាពិសេស ប្រគល់តួនាទីឱ្យរដ្ឋមន្ត្រីក្រសួងការបរទេសប្រទេសទាំងពីរជួបជជែកគ្នានាពេលឆាប់ៗ ។ នាយករដ្ឋមន្ត្រីទាំងពីរបានថ្លែងពីសារៈសំខាន់ដែលពលរដ្ឋទាំងសងខាងអាចតាមដានការអនុវត្តសេចក្តីថ្លែងការណ៍រួម ដែលតម្រូវឱ្យកម្ពុជា-ថៃអនុវត្តតាមកិច្ចព្រមព្រៀងយ៉ាងម៉ឺងម៉ាត់ និងស្មោះត្រង់ដើម្បីឆ្ពោះទៅសន្តិភាព និងសុវត្ថិភាពពលរដ្ឋទាំងសងខាង ៕










