ថ្មីៗនេះអ្នកតាមដានវិស័យបវរកញ្ញាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលឃើញកម្មវិធីប្រកួត Miss Earth ដែលកំពុងដំណើរការប្រកួតនៅប្រទេសហ្វីលីពីននិងជាកម្មវិធីដ៏ធំមួយបានឱ្យបវរកញ្ញាតំណាងប្រទេសហូបបាយទ្រាប់ជាមួយនឹងស្លឹកចេក។ ជុំវិញរឿងនេះ សារ៉ាន់ គីមឡាង Miss Earth Cambodia 2025 បានចេញបកស្រាយរឿងរ៉ាវនៅពីក្រោយ។
គីមឡាង បាននិយាយថា នៅកន្លែងដែលបេក្ខភាព Miss Earth កំពុងស្ថិតនៅគឺជាទីតាំងដាច់ស្រយាល ហើយទេសភាពនៅទីនោះគឺស្រស់ស្អាត ការរស់នៅល្អ និងស្ងប់ស្ងាត់។ មួយវិញទៀតបុគ្គលិកនៅទីនោះ គីមឡាង បានបញ្ជាក់ថាគឺមានភាពរួសរាយខ្លាំងណាស់ហើយនាងសង្ឃឹមថានៅពេលបានមកដល់ប្រទេសខ្មែរវិញនឹងអាចចែករំលែកបទពិសោធន៍នៅទីនេះ។ សារ៉ាន់ គីមឡាង បានបន្តទៀតថា អ្វីដែលទស្សនិកជនបានឃើញនោះ គឺជាអាហារតាមតំបន់ ចំណែកឯការរៀបចំក៏ល្អដែរ មានទាំងបន្លែ ផ្លែឈើ មានសាច់មានត្រី ថែមទាំងមានការដុតជ្រូកមួយផងដែរ។
Miss Earth Cambodia 2025 បានបកស្រាយទៀតថា នៅទីនេះមានការមើលថែបេក្ខភាពបានល្អមែនទែនហើយសង្ឃឹមថាអ្នកមួយចំនួនកុំបង្ហោះអ្វីដែលមិនល្អមិនថាជារីសត ឬជាកម្មវិធី Miss Earth នោះទេពីព្រោះគេបានរៀបចំយ៉ាងល្អ។ គីមឡាង បន្តថា មុននឹងញុំាអាហារពួកគេក៏បានរៀបរាប់ពីហេតុផលដែលពួកគាត់ធ្វើបែបនេះ ដោយពួកគាត់ចង់បង្ហាញថាតំបន់របស់ពួកគាត់ ទំនៀបទម្លាប់របស់ពួកគាត់គឺញុំាបែបនេះ។

ជាមួយគ្នានេះ Miss Earth Cambodia 2025 ថានាងមិនចង់ឱ្យមានការបង្ហោះមិនល្អដោយឃើញតែមួយជ្រុងនោះទេពោលគឺមិនចង់ឱ្យប្រទេសដទៃមើលមកប្រទេសកម្ពុជាមិនល្អ។
គួរបញ្ជាក់ផងដែរថា វគ្គផ្តាច់ព្រ័ត្រ Miss Earth 2025 នឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ។ ជាមួយនឹងការតំណាងប្រទេសកម្ពុជារបស់ សារ៉ាន់ គីមឡាង ទស្សនិកជនសង្ឈឹមថានាងនឹងអាចបំបែកកំណត់ត្រាបើកទ្វារកម្ពុជាចូលTOPបាន៕










