ប្រទេសថៃ ៖ លោក អនុថីន ឆាន់វីរៈគូន នាយករដ្ឋមន្ត្រីថៃ និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានលុបចោលការធ្វើដំណើរទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសម៉ាឡេស៊ី ដែលប្រធានាធិបតីអាមេរិក លោក Donald Trump កំណត់ឱ្យនាយករដ្ឋមន្ត្រីកម្ពុជា-ថៃចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពនៅចំពោះមុខលោក និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ជាសាក្សី ។ ការលុបចោលការធ្វើដំណើរទៅម៉ាឡេស៊ីភ្លាមៗរបស់នាយករដ្ឋមន្ត្រីថៃ ក្រោមហេតុផលព្រះមហាក្សត្រី Sirikit Kitiyakara ជាព្រះមាតារបស់ព្រះមហាក្សត្រថៃបច្ចុប្បន្នសោយទិវង្គត។.jpg)
នាយករដ្ឋមន្ត្រីថៃកោះប្រជុំគណៈរដ្ឋមន្ត្រីនាវេលាម៉ោង១០ព្រឹក ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ ក្រោយពីបានលុបចោលការធ្វើដំណើរទៅប្រទេសម៉ាឡេស៊ីជាផ្លូវការនៅថ្ងៃទី២៥ ខែតុលានេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ និងចូលរួមកិច្ចប្រជុំកំពូលពាក់ព័ន្ធ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែតុលា នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី តាមការអញ្ជើញរបស់លោក Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ។
តាមប្រភពព័ត៌មានពីវិមានរដ្ឋាភិបាលថៃ លោក អនុថីន បានលុបចោលការធ្វើដំណើរទៅម៉ាឡេស៊ីជាផ្លូវការនៅថ្ងៃទី២៥ ខែតុលា ដែលធ្វើឱ្យកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំចតុភាគីដែលមាននាយករដ្ឋមន្ត្រីកម្ពុជា-ថៃ ប្រធានាធិបតីអាមេរិក លោក Donald Trump និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ចូលរួមនោះមានភាពមិនច្បាស់លាស់ ។
នាវេលាម៉ោង១០ព្រឹកថ្ងៃទី២៥ ខែតុលា នាយករដ្ឋមន្ត្រីថៃ លោក អនុថីន បានកោះប្រជុំគណៈរដ្ឋមន្ត្រីដើម្បីជជែកពីការរៀបចំព្រះរាជពិធីបុណ្យសពព្រះមហាក្សត្រី Sirikit Kitiyakara ជាព្រះមាតារបស់ព្រះមហាក្សត្រថៃបច្ចុប្បន្ន រួមទាំងបង្កើតគណៈកម្មការផ្សេងៗពាក់ព័ន្ធនឹងព្រះរាជពិធីបុណ្យសព ក្រោយពីព្រះរាជវាំងថៃចេញសេចក្តីប្រកាសពីការសោយទិវង្គតរបស់ព្រះមហាក្សត្រី ។.jpg)
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ លោក អនុថីន ឆាន់វីរៈគូន នាយករដ្ឋមន្ត្រីថៃ បាននិយាយពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពនៅកិច្ចប្រជុំកំពូលអាស៊ាន ប្រទេសម៉ាឡេស៊ីថា ថ្ងៃទី២៦ ខែតុលា គឺជាពេលវេលាស័ក្តិសមសម្រាប់ប្រកាសសន្តិភាពរវាងកម្ពុជា-ថៃដែលមានប្រទេសនានាជាសាក្សី បើកម្ពុជាយល់ព្រមតាមលក្ខខណ្ឌ៤ចំណុច ហើយលោកជឿជាក់លើភាគីថៃនឹងផ្តោតចម្បងលើផលប្រយោជន៍ កិត្តិយស និងអធិបតេយ្យភាព ។
លោកនឹងទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅម៉ាឡេស៊ីដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ដោយមានប្រធានាធិបតីអាមេរិក លោក Donald Trump និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ជាសាក្សី ។ ប៉ុន្តែនៅថ្ងៃទី២៥ ខែតុលានេះ បែរជានាយករដ្ឋមន្ត្រីថៃប្តូរចិត្តភ្លាមៗមិនទៅប្រជុំនៅម៉ាឡេស៊ីវិញ ក្រោមហេតុផលព្រះមហាក្សត្រីថៃសោយទិវង្គត ទាំងដែលនៅប្រទេសថៃមានរដ្ឋមន្ត្រីជាច្រើនរូបអាចចាត់ចែងពិធីបុណ្យសពព្រះមហាក្សត្រីបាន មិនមែនមានតែលោក អនុថីន ម្នាក់ទេ ។.png)
ការប្តូរផ្លាស់ចិត្តយ៉ាងលឿនរបស់នាយករដ្ឋមន្ត្រីថៃធ្វើឱ្យគម្រោងរបស់ប្រធានាធិបតីអាមេរិកដែលកំណត់ឱ្យកម្ពុជា-ថៃចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពនៅកិច្ចប្រជុំកំពូលអាស៊ាននៅម៉ាឡេស៊ីនោះមានភាពមិនច្បាស់លាស់ ។ តើលោក Trump នឹងមានវិធានការបែបណាបន្តទៀតចំពោះការនិយាយបាតដៃ ខ្នងដៃរបស់ថៃ និងគេចវេះមិនចូលរួមប្រជុំដែលមានមេដឹកនាំប្រទេសមហាអំណាចជាសាក្សី ៕










